ជាតិ
កម្ពុជា​នឹង​ស្នើ​ដាក់បញ្ចូល​នំ​បញ្ចុក​របស់​កម្ពុជា​ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ ​
02, Feb 2020 , 1:29 pm        
រូបភាព
នំបញ្ចុក​ទុក​សម្រាប់​លក់​នៅ​ហាង​នំបញ្ចុក​មួយ​នៅ​ជិត​វត្តបទុមវត្តី​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ (ផន បុប្ផា/VOA)
នំបញ្ចុក​ទុក​សម្រាប់​លក់​នៅ​ហាង​នំបញ្ចុក​មួយ​នៅ​ជិត​វត្តបទុមវត្តី​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ (ផន បុប្ផា/VOA)
ដោយ: VOA
នំ​បញ្ចុក​សម្ល​ខ្មែរ​ជា​អាហារ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​ចូលចិត្ត​ទទួលទាន​ជាប្រចាំ​។​



​ភ្នំពេញ —​កម្ពុជា​នឹង​ស្នើសុំ​អង្គការ​យូណេស្កូ​(UNESCO)​ឲ្យ​ដាក់បញ្ចូល​នំ​បញ្ចុក​របស់​កម្ពុជា ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ដើម្បី​ថែរក្សា​សម្បត្តិ​នេះ​ឲ្យ​បានយូរ​អង្វែង​ត​ទៅមុខទៀត​។​
 
​នំ​បញ្ចុក​សម្ល​ខ្មែរ​ជា​អាហារ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​ចូលចិត្ត​ទទួលទាន​ជាប្រចាំ​។​
 
​ប្រជាពលរដ្ឋ​ដែល​ចូលចិត្ត​ពិសារអាហារ​ប្រពៃណី​នៃ​នេះ​បាន​និយាយថា ពួកគេ​មាន​«​មោទនា​ភាព​»​និង​«​សប្បាយចិត្ត​» ប្រសិនបើ​អាហារ​នេះ​ត្រូវបាន​អង្គការ​យូណេស្កូ​(UNESCO)​ដាក់បញ្ចូល ជា​សម្បត្តិ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​នោះ​។​


ដួង ធីតា មាន​វ័យ ២៥ ឆ្នាំ កំពុង​ពិសានំបញ្ចុក​នៅ​ហាងនំ​បញ្ចុក​មួយ ជាមួយ​គ្រួសារ​របស់​អ្នកស្រី​នៅ​ជិត​វត្តបទុមវត្តី​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០។ (ផន បុប្ផា/VOA)
 
​អ្នកស្រី ដួង​ធីតា មាន​វ័យ ២៥ ឆ្នាំ​។ អ្នកស្រី​កំពុង​ពិសានំ​បញ្ចុក​នៅ​ហាង​នំ​បញ្ចុក​មួយ ជាមួយ​គ្រួសារ​របស់​អ្នកស្រី​នៅ​ជិត​វត្ត​បទុម​វ​ត្តី​ក្នុង​រាជធានី​ភ្នំពេញ​។ អ្នកស្រី​និយាយថា នំ​បញ្ចុក​គឺជា​អាហារ​ដែល​អ្នកស្រី មិត្ត​របស់​អ្នកស្រី និង​គ្រួសារ​របស់​អ្នកស្រី​ចូលចិត្ត​ពិសា។ អ្នកស្រី​ថា អ្នកស្រី​ហូប​នំ​បញ្ចុក​មួយអាទិត្យ​យ៉ាងហោចណាស់​ពីរដង ហើយ​អ្នកស្រី​ក៏​ហូប​នំ​បញ្ចុក​នៅពេល​ជួបជុំ​មិត្តភក្តិ​និង​ក្រុមគ្រួសារ​ផងដែរ​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖
 
«​មិត្ត​ភ័ក្តិ​កន្លែងធ្វើការ​និង​ម៉ាក់​ខ្ញុំ​ពេល​នៅផ្ទះ​ជុំគ្នា​ស្ល​នំ​បញ្ចុក​ហូប​ជុំគ្នា​»​។​


អ្នកចូលចិត្ត​បរិភោគ​នំបញ្ចុក​កំពុង​រង់ចាំ​ពិសានំបញ្ចុក​នៅ​ហាង​នំបញ្ចុក​មួយ នៅ​ជិត​វត្តបទុមវត្តី​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ (ផន បុប្ផាVOA)
 
​នៅពេល​ដឹង​ពី​គម្រោង​របស់​រដ្ឋាភិបាល​ក្នុងការ​ស្នើ​ឲ្យ​ដាក់​នំ​បញ្ចុក​ចូល​ជា​ជា​សម្បត្តិ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ អ្នកស្រី​បង្ហាញ​ការ​សាទរ​និង​ភាពសប្បាយ​រីករាយ​។ អ្នកស្រី​ថា អង្គការ​នេះ​គួរ​ដាក់​នំ​បញ្ចុក​ជា​សម្បត្តិ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​ដោយសារតែ​នំ​បញ្ចុក​ជា​អាហារ​ដែល​ពលរដ្ឋ​ខ្មែរ​ទូទៅ​ហូ​បតៗ​គ្នា​យូរណាស់​មកហើយ​។​
 
«​វា​ជា​អាហារ​មួយ​ជា​អរិយធម៌​របស់​ខ្មែរ​ជា​ម្ហូប​ដែលមាន​តាំងពី​បុរាណ​»​។​
 
​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ប្រាប់​វី​អូ​អេ​ថា ក្រសួង​កំពុង​រៀបចំ​ឯកសារ ដើម្បី​ដាក់​ទៅ​អង្គការ​យូណេស្កូ​ចុងខែ​មីនា​នេះ ដើម្បី​ដាក់​ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​។​
 
​លោកស្រី​មានប្រសាសន៍ថា មាន​សម្ល​ខ្មែរ​ជាច្រើន​មុខ​ទៀត​ដែល​អាចដាក់​បាន ប៉ុន្តែ​នំ​ប​ញ្ជុ​ក​ត្រូវបាន​សហគមន៍​ជាច្រើន​ចូលចិត្ត​ធ្វើ​ហើយ​នំ​បញ្ចុក មានការ​ទាក់ទង​ទៅនឹង​ជីវិត​ប្រចាំថ្ងៃ​និង​ជំនឿ​របស់​ពួកគាត់​។​
 
«​ប្រជាជន​យើង​នៅតាម​ខេត្ត​ខ្លះ​នៅតាម​តំបន់​ខ្លះ​គាត់​ចេះ​ធ្វើ​អាហ្នឹង​ហើយ​សហគមន៍​គាត់​សន្យាថា​នឹង​ថែរក្សា​ចំណេះដឹង​នេះ​សម្រាប់​តកូនតចៅ​។ ហើយ​សហគមន៍​ខ្លះ​គាត់​ភ្ជាប់​នំ​បញ្ចុក​នេះ​ជាមួយនឹង​ជំនឿ​ជាមួយនឹង​ទំនៀម​ទំលាប់​ជាមួយនឹង​ពិធីបុណ្យ​ផ្សេងៗ​របស់គាត់​ចា៎​»​។​
 
​អ្នកស្រី​បន្ថែមថា ក្រសួង​ជ្រើសរើស​យកនំ​បញ្ចុក​ដោយសារតែ​វា​មាន​ចំណុច​ត្រូវ​តាម​លក្ខខណ្ឌ​របស់​អង្គការ​យូណេស្កូ​(UNESCO)​។​
 
​រដ្ឋមន្ត្រី​រូបនេះ​និយាយថា​៖ «​នៅ​ក្នង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​អរូបី​កាលណា​ដាក់​គឺ​យើង​ត្រូវ​បង្ហាញថា​ប្រជាជន​របស់​យើង​ប្រជាជន​ខ្មែរ​យើង​នៅក្នុង​ប្រទេស​បានចាត់ទុក​ជា​ម្ហូប​អារ​ហារ​មួយ​របស់​ប្រជាជន​យើង​។ អាហ្នឹង​ទីមួយ​។ គេ​ទទួលស្គាល់​ទូលាយ​»​។​
 
​អ្នកស្រី​បន្ថែមថា​៖
 
«​ហើយ​យើង​ក៏ត្រូវ​បង្ហាញ​ទៅ​យូណេស្កូ​ថា​នែ៎​ចំណេះដឹង​នៃ​ការធ្វើ​នំ​បញ្ចុក​ហ្នឹង​ក្រៅពី​ការធ្វើជា​ម្ហូបអាហារ​តំបន់​នេះ​នែ៎​គេ​មាន​ធ្វើ​នំ​បញ្ចុក​ហ្នឹង​ជា​ភូមិ​រួមគ្នា​ហ្មង​។ មួយ​ភូមិ​គេ​ធ្វើ​នំ​បញ្ចុក​លក់​ហ្នឹង​ហ្មង​ឧទាហរណ៍​ចា៎​។ ដូច​នៅ​ពោធិ៍សាត់​នៅ​បាត់ដំបង​គេ​មាន​ភូមិ​មួយ​ហៅ​ភូមិ​នំ​បញ្ចុក​ហ្មង​ចា៎​»​។​
 
​កាលពី​ឆ្នាំមុន​នំ​បញ្ចុក​បាន​ក្លាយជា​អាហារ​ដែល​គណបក្សប្រឆាំង​និង​គណបក្សកាន់អំណាច​បា​ន​យកមកប្រើ​ប្រាស់​ដើម្បី​បង្ហាញ​ពី​កម្លាំង​គាំទ្រ​របស់ខ្លួន​។ ទោះបីជា​យ៉ាងណាក៏ដោយ​លោកស្រី​ថា ការដាក់​នំ​បញ្ចុក​ចូល​ជា សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​មិន​ពាក់ព័ន្ធ​ជាមួយនឹង​នយោបាយ​នោះទេ​។ ដោយ​លោកស្រី​ថា​វា​ជាការ​ងារ​បស់​«​ជាតិ​»​។​


លោក សូផេង មាន​វ័យ៥០ ឆ្នាំ កំពុង​ពិសានំបញ្ចុក​នៅ​ជិត​វត្តបទុមវត្តី​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ (ផន បុប្ផា/VOA)
 
​លោក សូ ផេង មាន​វ័យ​៥០ ឆ្នាំ កំពុង​ពិសានំ​បញ្ចុក​នៅ​ជិត​វត្ត​បទុម​វ​ត្តី​។ លោក​ជា អ្នករស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ លោ​កថា​លោក​ពិសានំ​បញ្ចុក​តាំងពី​លោក​ដឹងក្តី​មក​។ លោក​បាន​ប្រាប់​វី​អូ​អេ​ថា លោក​ក៏​ចង់​ឲ្យ អង្គការ​យូណេស្កូ​(UNESCO) ជា​សម្បត្តិ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​ដែរ​។​
 
«​វា​ជា​មោទនភាព​មួយ​របស់​ជាតិ​សាសន៍​ដែលថា​យើង​មាន​ម្ហូបអាហារ​ដ៏​បរម​បុរាណ​មួយ​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ទទួលស្គាល់​។ វា​ល្អ​សម្រាប់​យើងទាំងអស់គ្នា​»​។​
 
​អង្គការ​យូណេស្កូ​នឹង​ឲ្យ ដំណឹង​ថា​តើ​នឹង​ទទួលស្គាល់​នំ​បញ្ចុក​កម្ពុជា ជា​សម្បត្តិ​វប្បធម៌​អរូបី​ឬ​យ៉ាងណា នៅ​រយៈពេល​ប្រហែល​ពីរ​ឆ្នាំ បន្ទាប់ពី​ការដាក់​ពាក្យ ស្នើសុំ​ពី​កម្ពុជា​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com