អន្តរជាតិ
ឌូទើតេ ហាមសមាជិកគណៈរដ្ឋមន្ត្រីខ្លួនទៅអាមេរិក ក្រោយរដ្ឋបាលត្រាំដាក់អតីតមេប៉ូលិសហ្វីលីពីនក្នុងបញ្ជីខ្មៅ
× ប្រមុខដឹកនាំកំពូលហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានចេញលិខិតបង្គាប់បញ្ជាមួយ ដោយហាមសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ បម្រាមរបស់មេដឹកនាំហ្វីលីពីនរូបនេះ ធ្វើឡើង ជាការឆ្លើយតបនឹងគោលនយោបាយការបរទេសរឹតត្បិតចុងក្រោយរបស់រដ្ឋបាល លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅលើមន្ត្រីជាន់ខ្ពស់ហ្វីលីពីន។
លោក ឌូទើតេ បានចេញលិខិតបង្គាប់បញ្ជាបន្ទាន់មួយទាំងយប់ សម្រាប់សមាជិកគណៈរដ្ឋមន្ត្រីទាំងអស់ ដោយមិនត្រូវបំពេញទស្សនកិច្ច ឬធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកឡើយ។ នេះការអះអាងរបស់ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីហ្វីលីពីន លោក Eduardo Ano ទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃ ៣០ មករាកន្លងទៅ។
តាមការចុះផ្សាយរបស់សារព័ត៌មាន New Yok Times លោក Eduardo បានគូសបញ្ជាក់ថា គ្រប់មន្ត្រីជាន់ខ្ពស់ទាំងអស់របស់រដ្ឋាភិបាលហ្វីលីពីន ត្រូវអនុវត្តឲ្យខ្ជាប់ខ្ជួនបំផុតនូវលិខិតបង្គាប់បញ្ជានេះ។ លោក បន្ថែមថា លិខិតនេះ ធ្វើឡើងបន្ទាប់ពី អតីតអគ្គស្នងការនគរបាលជាតិហ្វីលីពីន លោក Ronald dela Rosa ត្រូវបានក្រសួងការបរទេសអាមេរិកមោឃភាពទិដ្ឋាការរបស់លោក។
បើតាមការអះអាងរបស់ អតីតមេប៉ូលិសជាតិហ្វីលីពីនលោក Ronald វិញ អាមេរិក មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ជុំវិញនោះទេ។ ក៏ប៉ុន្តែលោក សង្ស័យថា អាមេរិក ធ្វើបែបនេះ អាចដោយសារលោក ធ្លាប់ជាប់ពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងគ្រឿងញៀន ដែលលោក ធ្លាប់បានដឹកនាំ ក្រោមការបញ្ជារបស់លោក ឌូទើតេ។
គួររម្លឹកបន្តិចថា គិតចាប់ពីឡើងកាន់អំណាចពីឆ្នាំ២០១៦មក លោក ឌូទើតេ បានប្រកាសធ្វើសង្គ្រាមប្រឆាំងនឹងគ្រឿងញៀន ដោយពេលនោះ លោក Ronald គឺជាប្រមុខដឹកនាំកងកម្លាំងដើម្បីអនុវត្តគោលនយោបាយនេះ។ បច្ចុប្បន្ន លោក Ronald ដែលជាមនុស្សស្និទ្ធបំផុតមួយជាមួយនឹងប្រធានាធិបតី ឌូទើតេ គឺជាសមាជិកព្រឹទ្ធសភារបស់ហ្វីលីពីន។
កន្លងមក មានជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនជិត ៦ ពាន់នាក់បានស្លាប់ដោយសារការអនុវត្តគោលនយោបាយនេះ ហើយទង្វើនេះផងដែរ បានរងការរិះគន់ខ្លាំងពីសហគមន៍អន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ គោលនយោបាយ និងអំពើរបស់រដ្ឋបាលលោក ឌូទើតេ ក៏ត្រូវបានក្លាយជាសំណុំរឿងមួយក្នុងដៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលកំពុងតែស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com