អន្តរជាតិ
វៀតណាម ជឿជាក់​លើ​ការលុបបំបាត់​អំពើពុករលួយ​ក្នុង​កិច្ចការរដ្ឋបាល​តាម​ប្រព័ន្ធ​រដ្ឋបាល​ឌីជីថល
02, Feb 2020 , 7:29 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ មាន​ជំនឿ​មុតមាំ​ថា ការដាក់​ដំណើរការ​ប្រព័ន្ធ​ច្រកចេញចូល​ផ្តល់​សេវាសាធារណៈ​ជាតិ នឹងមិន​ត្រឹមតែ​លុបបំបាត់​អំពើពុករលួយ​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ នឹង​បង្កើន​សកម្មភាព​វិនិយោគ​របស់​ប្រជាជន​នៅក្នុង​ប្រទេស​កាន់តែច្រើន​ទៀតផង​។ ប្រជាជន នឹងមិន​ចាំបាច់​ធុញទ្រាន់​ជាមួយនឹង​ឥរិយាបថ​មិន​សមរម្យ​របស់​មន្ត្រី​មួយចំនួន ដោយសារ​ការចង់បាន​ផលប្រយោជន៍​ក្រៅផ្លូវការ​ឡើយ​។​

 
​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម Vietnam នៅ​ថ្ងៃ​១ កុម្ភៈ លោក Mai Tien Dung រដ្ឋមន្ត្រី និង​ជានា​យក​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​វៀតណាម បាន​ថ្លែង​ពី​ការ​ឆ្ពោះទៅមុខ​របស់​ប្រទេស​ក្នុងការ​អនុវត្ត​ការគ្រប់គ្រង​របស់​រដ្ឋ​បាល​ដឹកនាំ​តាមបែប​ឌីជីថល (e-governance) ដើម្បី​បម្រើប្រជាជន និង​សហគ្រាស​។ 
 
​គួរ​ជម្រាប​បន្តិច​ថា វៀតណាម នៅ​ថ្ងៃ​៩ ធ្នូ​កន្លងទៅ បានដាក់​ដំណើរ​ជា​ផ្លូវការ​នូវ​ច្រកចេញចូល​សេវាសាធារណៈ​ជាតិ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​រដ្ឋបាល​ឌីជីថល ។ សេវា​នេះ បានដាក់​បញ្ចូល​នូវ​សេវាសាធារណៈ​រដ្ឋ​ជាច្រើន ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការទូទាត់​ប្រាក់ និង​នីតិវិធី​សម្រាប់​ស្នើសុំ​ពាក់ព័ន្ធ​ការវិនិយោគ​ជាដើម​ផង​។ 
 
​តាម​ការអះអាង​របស់​លោក​រដ្ឋមន្ត្រី Mai គិត​ចាប់ពី​ការដាក់​ដំណើរការ​នេះ​មក មាន​ប្រជាជន​ប្រមាណ​ជាង ១០ លាន​នាក់ បាន​ចូលទៅ​ប្រើប្រាស់ ជាមួយនឹង​ការបង្ហាញ​ពី​ភាព​កាន់តែ​ងាយស្រួល​លើ​ប្រព័ន្ធ​នេះ​។ លោក ក៏បាន​ថ្លែង​ពី​ទំនុកចិត្ត​ពី​ប្រព័ន្ធ ដែល​យក​គំ​រូពី​អ៊ី​ស្តូ​នី ថា នឹង​ធានាបាន​ទាំង​សុវត្ថិភាព និង​គុណភាព​។ អ៊ី​ស្តូ​នី គឺជា​ប្រទេសមួយ​ដែល​ផ្តល់​សេវាសាធារណៈ​ស្ទើរតែ​១០០​ភាគរយ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ 
 
​តាម​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល​វៀតណាម​រូបនេះ បាន​ទទួលស្គាល់ថា កន្លងមក មាន​ប្រជាជន និង​សហគ្រាស​ជាច្រើន បាន​ត្អូញត្អែរ​ពី​កម្សោយ​សេវាសាធារណៈ ការមិន​យកចិត្តទុកដាក់ និង​ឥរិយាបថ​មិន​សមរម្យ​របស់​មន្ត្រី ក៏ដូចជា​សកម្មភាព​ពុករលួយ​បន្តិចបន្តួច​ក្នុង​ការផ្តល់សេវា​ធារ​ណៈ​។ ក៏ប៉ុន្តែ​តាមរយៈ​ប្រព័ន្ធ​ថ្មី​នេះ រដ្ឋាភិបាល​វៀតណាម សង្ឃឹម​មុតមាំ​ថា នឹង​ជួយ​ឲ្យ​សេវាសាធារណៈ​កាន់តែ​តម្លាភាព និង​គណនេយ្យភាព​។​
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​សង្កត់ធ្ងន់ថា អ្វីដែល​កាន់តែ​សំខាន់​នោះ​គឺ គ្រប់​ភ្នាក់ងារ​រដ្ឋាភិបាល​ទាំងអស់ នឹង​កាន់តែ​អនុវត្ត​ការងារ​គ្រប់​ជ្រុងជ្រោយ និង​ប្រសិទ្ធភាព ហើយ​ប្រជាជន ក៏​អាច​សន្សំសំចៃ​ទាំង​ពេលវេលា និង​ថវិកា ខណៈ​អំពើពុករលួយ​ក្នុង​កិច្ចការរដ្ឋបាល ក៏​ត្រូវបាន​លុបបំបាត់​ទៀតផង​៕ 

Tag:
 វៀតណាម​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com