ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​ប្រឈម​អត់​ការងារ​ធ្វើ ក្រោយ​ផ្ទុះ​កូ​រ៉ូ​ណាវី​រុស​
02, Feb 2020 , 7:59 pm        
រូបភាព
​សៀមរាប​៖ ស្ថានភាព​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​កាន់តែ​យ៉ាប់យឺន បន្ទាប់ពី​ផ្ទុះ​មេរោគ​កូ​រ៉ូ​ណាវី​រុស​នៅ​ប្រទេស​ចិន និង​ត្រូវបាន​រកឃើញ​នៅ​កម្ពុជា​លើ​បុរស​ទេសចរ​ចិន​ម្នា​ក់នៅ​ថ្ងៃទី​២៧ មករា​។ ដើម្បី​ទប់ស្កាត់​បញ្ហា​រាតត្បាត​នេះ រដ្ឋាភិបាល​ចិន​បានប្រកាស​ផ្អាក​លែងឱ្យ​ជនជាតិ​ខ្លួន​ដើរ​ក្រៅប្រទេស ហើយ​ក្រុមហ៊ុន​ទេសចរណ៍​នានា​ក៏​លែង​ដំណើរការ​នៅត្រឹម​ថ្ងៃទី​២៧ មករា​។ ការណ៍​នេះ ចង់​មិន​ចង់វា​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​វិស័យ​ទេសចរណ៍​លើ​សកលលោក ក្នុងនោះ​ក៏មាន​ខេត្តសៀមរាប​ផងដែរ​។ ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​ប្រឈមមុខ​អត់​ការងារ​ធ្វើ​ខ្លាំងជាងគេ ក្រោយ​ផ្ទុះ​មេរោគ​កូ​រ៉ូ​ណាវី​រុស​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​៖



 
​មេរោគ​កូ​រ៉ូ​ណាវី​រុស បាន​ផ្ទុះឡើង​នា​អំឡុង​ខែធ្នូ ឆ្នាំ​២០១៩ នៅ​តំបន់​វូ​ហាន​ប្រទេស​ចិន និង​បាន​រាតត្បាត​ខ្លាំងក្លា​នា​រយៈពេល​២​សប្ដាហ៍​មកនេះ​។ នៅ​ចំពោះ​ស្ថានការណ៍​ដ៏​អាក្រក់​នេះ រដ្ឋាភិបាល​ចិន​បានប្រកាស​ផ្អាក​ហាម​មិនឱ្យ​ជនជាតិ​ខ្លួន​ចេញ​ក្រៅប្រទេស ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​យ៉ាង​លឿន​នេះ​។ ការប្រកាស​បិទ​ទេសច​រ​ចិន​មិនឱ្យ​ធ្វើដំណើរ​ក្រៅប្រទេស​នេះ បាន​ជះឥទ្ធិពល​អាក្រក់​ក្នុង​វិស័យ​ទេសចរណ៍ រួមមាន​អាជីវកម្ម​ជាច្រើន​ដែល​ពឹង​អាស្រ័យ​លើ​ទេសចរ​ចិន មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ជាដើម​។​
 
​កំពុង​អង្គុយ​រង់ចាំ​ភ្ញៀវ​នៅ​បាកាណ​ប្រាសាទអង្គរវត្ត មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន លោក ឡាយ មានការ​បារម្ភ​ខ្លះ​ដែរ​ចំពោះ​មេរោគ​កូ​រ៉ូ​ណាវី​រុស​។ មគ្គុទ្ទេសក៍​រូបនេះ​បាន​ណែនាំ​ភ្ញៀវ​ឱ្យ​ពាក់​ម៉ាស និង​លាងដៃ​ដើម្បី​ការពារ​ជំងឺ​នេះ​។ ជាមួយគ្នានេះ លោក ឡាយ ក៏​កត់សម្គាល់​ឃើញថា​មាន​ភ្ញៀវ​មួយចំនួន​បាន​អនុវត្តន៍​ការការពារ​រួចហើយ តែ​នៅ​មួយចំនួន​ហាក់​មិនសូវ​បារម្ភ​ពី​ករណីនេះ​ទេ​ដោយសារ​មេរោគ​នេះ​មិនទាន់​ឆ្លង​មកដល់​ខេត្តសៀមរាប​។​
 
​អង្គុយ​នៅ​ម្លប់​ប្រាសាទ​មួយ​ជ្រុង​ពី​លោក ឡាយ ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​មួយរូប​ដែរ លោក ហាំង ថុង ក៏បាន​តាមដាន​ជាប់លាប់​ពី​ករណី​មេរោគ​កូ​រ៉ូ​ណា​វីរុស​នេះដែរ​។ លោក ថុង ថា​ជំងឺ​នេះ​ឆ្លង​លឿន ពិសេស​នៅ​ប្រទេស​ចិន​។ ការប្រកាស​បិទ​ការធ្វើដំណើរ​ចេញ​ក្រៅប្រទេស​របស់​រដ្ឋាភិបាល​ចិន ធ្វើឱ្យប៉ះពាល់​មុខរបរ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ចិន​ជាខ្លាំង ក្នុងនោះ​ក៏មាន​លោក ថុង ម្នាក់​ដែរ​។​
 
​ចំណែក​លោក ឡាយ ក៏បាន​រអ៊ូ​ពី​បញ្ហា​នេះ តែ​មគ្គុទ្ទេសក៍​រូបនេះ​ថា​នៅមាន​ជនជាតិ​ចិន​ពី​កោះ​តៃវ៉ាន់​មក​ខ្លះៗ តែ​ប៉ះពាល់​ខ្លាំង​គឺ​មគ្គុទ្ទេសក៍​ដែល​នាំ​ចិន​តំបន់​ដីគោក​។​
 
​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​-​កម្ពុជា លោក ទៀ គី​ឡេង ប្រាប់ថា​ការផ្ទុះ​មេរោគ​កូ​រ៉ូ​ណាវី​រុស បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​ជាខ្លាំង និង​ក្រោយ​រដ្ឋាភិបាល​ចិន​ប្រកាស​ផ្អាក​បណ្ដោះអាសន្ន​មិនឱ្យ​ពលរដ្ឋ​ខ្លួន​ធ្វើដំណើរ​ចេញ​ក្រៅប្រទេស ដោយសារ​ការព្រួយបារម្ភ​ពី​ការ​រាតត្បាត​ជំងឺ​នេះ​។ ប្រជាជន​កម្ពុជា​ក៏មាន​ការព្រួយបារម្ភ​ខ្លាំង​ដែរ​ចំពោះ​ករណីនេះ ដោយ​អ្នកខ្លះ​បាន​ពាក់​ម៉ាស​ពេលចេញ​ទៅតាម​ទីសាធារណ​ឬ​នៅ​តំបន់​ប្រជុំជន​។ លោក ទៀ គី​ឡេង ប្រាប់ថា​សមាគម​លោក​បាន​ចុះ​ចែក​ម៉ាស​នៅ​ដល់​ទេសចរ​ជាតិ​-​អន្ដរជាតិ​នៅតាម​តំបន់​រមណីយដ្ឋាន​មួយចំនួន​ផងដែរ បំណង​ដើម្បី​ការពារ​ទប់ស្កាត់​នៃ​មេរោគ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​។​
 
​ដ្បិតថា​ស្ថានភាព​ទេសចរណ៍​នៅ​ខេត្តសៀមរាប​កំពុង​ជួប​បញ្ហា​ក៏ពិតមែន ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​-​កម្ពុជា ប្រាប់​ឱ្យ​សមាជិក​ទាំងអស់​ត្រូវ​បន្ត​សាមគ្គី​គ្នា ដោយ​មិន​ត្រូវឱ្យ​ជន​ឆ្លៀតឱកាស​ដែល​មិនមាន​ច្បាប់​ត្រឹមត្រូវ ឆ្លៀត​នាំ​ភ្ញៀវ​ដើរ​ក្នុង​តំបន់​អង្គរ​បានឡើយ​។ មិនត្រូវ​ឱ្យ​បរទេស​ធ្វើ​សកម្មភាព​នាំ​ភ្ញៀវ​ដើរ​ក្នុង​តំបន់​ប្រាសាទខ្មែរ ដែល​នឹង​ធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ​បាត់បង់​ការងារ​នោះឡើយ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​ពី​លោក ទៀ គី​ឡេង​។​
 
​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​ដែល​កំពុង​បម្រើ​ការងារ​នាំ​ភ្ញៀវ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​មាន​ប្រមាណ​ជាង​១​ពាន់​នាក់ ក្នុងនោះ​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​-​កម្ពុជា​ចំនួន ៨២៧​នាក់​។​
 
​ក្រៅពី​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​ដែល​ប្រឈម​នឹង​បញ្ហា​គ្មាន​ភ្ញៀវ​ដើរ ក្នុងនោះ​អ្នករក​ស៊ីក្នុង​វិស័យ​សណ្ឋាគារ​ក៏​កំពុង​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ជំងឺ​ប្រភេទ​ថ្មី​នៅ​ប្រទេស​ចិន​នេះដែរ​។ ស្រប​ពេលដែល​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ធ្លាក់ចុះ​ជាង​មួយឆ្នាំ​មកហើយ​នោះ ករណី​វីរុស​ថ្មី​នេះ​នឹង​កាន់តែ​ធ្វើឱ្យ​វិស័យនេះ​យ៉ាប់យឺន​ថែម​មួយកម្រិត​ទៀត​៕
 


Tag:
 កូ​រ៉ូ​ណាវី​រុស​
  ម​គ្គុ​ទ្ទេស​ទេសចរណ៍​ភាសា​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com