អន្តរជាតិ
ដើម្បីក្លាយជាអវកាសយានិក តើអ្នកត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ? ប្រភពរូបពីអង្គការ NASA
× វាអាចជាការងារមួយដែលទាមទារចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ជ្រៅជ្រះខ្លាំងណាស់ ជាមួយនឹងការទទួលខុសត្រូវយ៉ាងសម្បើម។ លំហមិនមែនជាកន្លែងការងារសម្រាប់មនុស្សសាមញ្ញនោះឡើយ។ ទីនោះគឺជាកន្លែងដែលមានហានិភ័យខ្ពស់ និងស្មុគស្មាញក្នុងការធ្វើដំណើរឆ្លងកាត់។ ហេតុដូចនេះហើយទើបអវកាសយានិកគឺជាក្រុមមនុស្សដែលមានសមត្ថភាពខ្ពស់នៅក្នុងផ្នែកជាច្រើននៃមុខវិជ្ជាវិទ្យាសាស្ត្រ។
ជាធម្មតា អវកាសយានិកមានអាយុចាប់ពី៣០ឆ្នាំទៅ៤០ឆ្នាំ។ ពេលខ្លះពួកគេអាចចាកចេញពីការងារផ្សេងៗដែលពួកគាត់មាន ដើម្បីការងារអវកាសមួយនេះ។ ទោះបីជាម៉ោងធ្វើការមានចំនួនច្រើន ជាមួយនឹងការធ្វើដំណើរទៅទីតាំងនានាជាច្រើនមែនក្តី គេមិនអាចធានាថា អ្នកដាក់ការងារមួយនេះនឹងត្រូវបានបញ្ជូនទៅលំហនោះទេ។
ដោយដកស្រង់ចេញពីគេហទំព័រ space.com អង្គការ NASA មានលក្ខខណ្ខច្បាស់លាស់ខ្លាំងណាស់ក្នុងការជ្រើសរើសយកអវកាសយានិក។ សុខភាពរឹងមាំ និងចំណេះនានាក្នុងការប្រើប្រាស់យានអវកាស។ លក្ខខណ្ខដំបូងៗមានដូចជាការបញ្ចប់បរិញ្ញាបត្រក្នុងវិស័យវិស្វកម្ម វិស័យជីវសាស្ត្រ វិទ្យាសាស្ត្ររូប វិទ្យាសាស្ត្រកុំព្យូទ័រ ឬគណិតវិទ្យាជាដើម បូករួមទាំងរយៈពេលជាង១០០០ម៉ោងក្នុងការបើកបរយន្តហោះល្បឿនលឿន។
អ្នកចូលរួមក៏ត្រូវប្រលងវិញ្ញាសារ ដែលពិនិត្យអំពីសុខភាពខ្លួនប្រាណនៃក្រុមអវកាសយានិកផងដែរ។ ថែមពីនេះទៅទៀត ជំនាញក្នុងការហែលក្រោមទឹក ជំនាញក្នុងការរស់នៅក្នុងព្រៃ ជំនាញក្នុងការដឹកនាំ និងភាសាបរទេស ជាពិសេសភាសារុស្សី។
ជាទូទៅមនុស្សជាច្រើនបានឃើញយានអវកាសយានិកនៅពេលដែលពួកគេបំពេញការងារក្នុងពេលបេសកកម្មប៉ុណ្ណោះ។ ប៉ុន្តែបេសកកម្មគឺជាពេលវេលាមួយខ្លីសម្រាប់ពួកគេទៅវិញទេ ពួកគេត្រូវទាមទារឲ្យមានការហាត់រៀនជាច្រើនម៉ោង ច្រើនថ្ងៃ មុនពេលចេញទៅបំពេញបេសកកម្មដែលយើងឃើញក្នុងវីឌីអូទាំងនោះ។ ដំបូង គេត្រូវទទួលការបង្រៀនរយៈពេលពីរឆ្នាំនៃចំណេះទូទៅផ្នែកអវកាសវិទ្យា បច្ចេកទេស ភាសា មុននឹងក្លាយទៅជាជំនួយការពិសេសនានានៅក្នុងស្ថាប័នអវកាសទាំងនោះ។
បន្ទាប់មក គេនឹងត្រូវបានបង្ហាត់អំពីការដើរក្នុងលំហ រៀនអំពីគ្រឿងយន្តស្វ័យប្រវត្តិ បើកយន្តហោះ និងការគ្រប់គ្រងស្ថានីយអវកាសអន្តរជាតិ។ ក្រៅពីនេះ ពួកគេត្រូវចេះរៀនរស់នៅជាមួយនឹងក្រុមអ្នកអវកាសយានិកជាច្រើនអ្នកផ្សេងៗទៀត ដែលមកពីប្រទេសខុសៗគ្នា និងវប្បធម៌ខុសៗគ្នានៅក្នុងស្ថានីយអវកាសអន្តរជាតិ។ ក្នុងពេលខ្លះ ជាមួយនឹងអ្នកដាក់ពាក្យជិត២ម៉ឺននាក់ មានតិចជាង១០នាក់ប៉ុណ្ណោះដែលអាចជាប់ក្លាយជាអវកាសយានិកបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com