ករណីដំបូងបង្អស់នៃជំងឺរលាកសួតបង្កឡើងដោយណូវែលកូរ៉ូណាវីរុស បានរកឃើញក្នុងក្រុងវូហាន ខេត្ត ហូប៉ី កាលពីដើមខែធ្នូ ឆ្នាំ២០១៩។ ឥឡូវនេះ ពោលគឺ២ខែក្រោយមក វីរុសនេះ ត្រូវបានចាត់ទុកជា«អាសន្នសកល»ដោយអង្គការសុខភាពពិភពលោក (WHO) ខណៈករណីស្លាប់បានកើនដល់ ៣០៥នាក់ (គិតត្រឹមរសៀលថ្ងៃ២ កុម្ភៈ) ហើយករណីឆ្លងវីរុសនេះមានដល់ជាង១៤៣០០ករណី។
ខាងក្រោមនេះ គឺជាការសង្ខេបព្រឹត្តិការណ៍ពាក់ព័ន្ធនឹងការរីករាលនៃកូរ៉ូណាវីរុសប្រភេទថ្មី៖
ថ្ងៃ ៨ ធ្នូ ឆ្នាំ២០១៩៖ អ្នកជំងឺទីមួយ បានចេញរោគសញ្ញានៃកូរ៉ូណាវីរុសវូហាន
ថ្ងៃ ៣១ ធ្នូ ឆ្នាំ២០១៩៖ ករណីឆ្លងនៃវីរុសនេះ បានរាយការណ៍ទៅដល់អង្គការសុខភាពពិភពលោក
ថ្ងៃ ១ មករា ឆ្នាំ២០២០៖ ផ្សារលក់គ្រឿងសមុទ្រ និងសត្វព្រៃ ក្នុងទីក្រុង វូហាន ដែលគេជឿជាក់ថា ជាកន្លែងផ្ទុះការរីករាលដាលនៃវីរុស ត្រូវបានបិទទ្វារ ដើម្បីសម្អាត
ថ្ងៃ ៧ មករា ឆ្នាំ២០២០៖ អ្នកវិទ្យាសាស្ត្រចិន កំណត់អត្តសញ្ញាណវីរុសនេះថាពាក់ព័ន្ធនឹងអម្បូរកូរ៉ូណាវីរុសប្រភេទថ្មី
ថ្ងៃ ៩ មករា ឆ្នាំ២០២០៖ រកឃើញករណីស្លាប់ទី១ ដោយសារវីរុសនេះ
ថ្ងៃ ២០ មករា ឆ្នាំ២០២០៖ ករណីឆ្លងកូរ៉ូណាវីរុស ត្រូវបានរកឃើញក្នុងទីក្រុង ប៉េកាំង និង ក្រុង Shenzhen
ថ្ងៃ ២៣ មករា ឆ្នាំ២០២០៖ ទីក្រុង វូហាន ដែលជាកន្លែងផ្ទុះវីរុសនេះ ត្រូវបានបិទច្រកចេញចូល និងផ្អាកការដឹកជញ្ជូនផ្សេងៗទាំងអស់។ មនុស្ស ៦០លាននាក់ បានរងផលប៉ះពាល់ដោយសារការរឹតត្បិតនេះ ក្នុងក្រុង វូហាន និងក្រុងក្បែរៗនោះ។ ម្យ៉ាងទៀត អង្គការ WHO បានអះអាងថា វីរុសនេះ ពុំទាន់ជាអាសន្នសុខភាពសាធារណៈជាសកលឡើយ។
ថ្ងៃ ២៨ មករា ឆ្នាំ២០២០៖ ការស្លាប់ឡើងដល់ជាង ១០០នាក់ ខណៈតួលេខនៃករណីឆ្លងដែលបានរកឃើញក្នុងប្រទេសចិនដីគោក បានកើនលើសការរីករាលដាលនៃវីរុស SARS កាលពីឆ្នាំ២០០៣។
ថ្ងៃ ៣០ មករា ឆ្នាំ២០២០៖ អង្គការសុខភាពពិភពលោក បានប្រកាសអាសន្នសុខភាពសាធារណៈជាសកល ពាក់ព័ន្ធការរីករាលដាលដ៏ឆាប់រហ័សនៃវីរុសនេះ
ថ្ងៃ ២ កុម្ភៈ ឆ្នាំ២០២០៖ ករណីស្លាប់ដោយសារជំងឺរលាកសួតបង្កឡើដោយកូរ៉ូណាវីរុសប្រភេទថ្មីនេះ បានរកឃើញនៅក្រៅប្រទេសចិន។ ហើយនោះគឺ ក្នុងប្រទេសហ្វីលីពីន ដែលបុរសជនជាតិចិនម្នាក់ បានស្លាប់៕