ជាតិ
សង្គមជាតិ
គណៈកម្មការ​ជាតិ នឹងដាក់​ដេញថ្លៃ​ឈើ​ខុសច្បាប់​ជិត​១០​ម៉ែត្រគូប ដើម្បី​ប្រមូល​ថវិកា​ចូល​រដ្ឋ​
02, Feb 2020 , 10:39 pm        
រូបភាព
រូបពី​ហ្វេសប៊ុកលោក អេង ហ៊ី​ អ្នកនាំពាក្យគណៈកម្មាធិការដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ
រូបពី​ហ្វេសប៊ុកលោក អេង ហ៊ី​ អ្នកនាំពាក្យគណៈកម្មាធិការដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ
ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរ​បាន​ឃាត់​រថយន្ត​ចំនួន​៤៩១​គ្រឿង ដែល​បាន​ដឹកឈើ ខុសច្បាប់​ជិត​១០​ម៉ែត្រត្រីគុណ និង​ឃាត់​បាន​ជនសង្ស័យ​៥៩​នាក់ កាលពី​ឆ្នាំ​២០១៩​កន្លងមក​។ ឈើ​ខុសច្បាប់​ដែល​អាជ្ញាធរ​ឃាត់​បាន នឹងដាក់​ជាការ​ដេញថ្លៃ សម្រាប់​ប្រមូល​ថវិកា​ជូន​រដ្ឋ ដើ​ម្ប​អភិវឌ្ឍ​សង្គមជាតិ​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២០​។


 
​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានបញ្ជាក់​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា គណៈកម្មការ​ជាតិ បាន​ចាប់យក​រថយន្ត​៤៩១​គ្រឿង​ពី​អ្នកប្រព្រឹត្តិ​បទល្មើស ខណៈដែល​រថយន្ត​កែច្នៃ ២១២​គ្រឿង​ទៀត ត្រូវបាន​បំផ្ទុះ និង​ដុត​កម្ទេចចោល​។ 
 
«​ឈើ​ដែល​ចាប់បាន​ខាងលើ គណៈកម្មការ​ជាតិ កំពុង​ថែរក្សា​មិនឱ្យ​បាត់ ឬ​ឆេះ​ដោយ​ប្រការ​ណាមួយ​ឡើយ ហើយ​ឈើ​នេះ​ត្រូវបាន​ដាក់ឱ្យ​ដេញថ្លៃ ឬ​ពិគ្រោះ​ថ្លៃ ដើម្បី​ប្រមូល​ថវិកា​ជូន​ជាតិ​»​។ នេះ​ជាការ​បញ្ជាក់​ពី​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។ 
 
​បើតាម​លោក អេង ហ៊ី អាជ្ញាធរ​បាន​ទប់ស្កាត់ ការកាប់​ឈើ និង​ការដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ បែប​ទ្រង់ទ្រាយ​ធំ មាន​លក្ខណៈ​ល្អប្រសើរ​ហើយ​។ អាជ្ញាធរ​ក៏​នឹង​ពង្រឹង​ការទប់ស្កាត់​សកម្មភាព​ការដឹកឈើ​តាមរយៈ​រថយន្ត​ធុន​តូច ដែលមាន​ជា គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រ៉ឺម៉ក់​ជាដើម ដើម្បី​ចូលរួម​ថែរក្សា​ព្រៃឈើ​ឱ្យបាន​គង់វង្ស សម្រាប់​ជា​ប្រយោជន៍​ជាតិ និង​ពិភពលោក​ទាំងមូល​។​
 
​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ គណៈកម្មាការ​ជាតិ បានដាក់​ចេញ​នូវ​វិធានការ​ឲ្យ​បណ្តា​អភិបាល​រាជធានី​ខេត្ត សហការ​ជាមួយនឹង​អាជ្ញាធរ​ដែល​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​ខ្លួន បន្ត​ការតាមដាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខុសច្បាប់ និង​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​កែច្នៃ​ឈើ​ឲ្យ​បាន​ញឹកញាប់ ។​
 
​គិត​ចាប់ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាពិសេស​ការចូលរួម​យ៉ាងសកម្ម​របស់​គណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចាប់​ឃាត់​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​ដីព្រៃ ៨,៦០០​ករណី​។ ក្នុងនោះ​ពិន័យ​អន្តរកាល​ចំនួន ២,៨៨៤​ករណី បញ្ជូនទៅ​តុលាការ ៥,៧១៦​ករណី​។ ចាប់​ឃាត់​ឈើមូល​ជ្រុង ចម្រុះ​ប្រភេទ​ចំនួន ១០,៦៨៣​ម៉ែត្រគូប​, ឈើ​អាច​ម្រុះ​ប្រភេទ ២៤,៣១៤​ម៉ែត្រគូប​។ ឈើ​ក្រញូង​ក្រាក់ និង​ក្រញូង​សាច់​ចំនួន ៣៦២​ម៉ែត្រគូប និង​២០,៥៨៤​គីឡូក្រាម​។ នេះ​បើតាម​នាយកដ្ឋាន​នីតិកម្ម និង​ពង្រឹង​ការអនុវត្តន៍​ច្បាប់​នៃ​រដ្ឋបាល​ព្រៃឈើ​៕ 
 

Tag:
 ព្រៃឈើ​
 ​បទល្មើស​
© រក្សាសិទ្ធិដោយ thmeythmey.com