អន្តរជាតិ
ទ្វីប​អង់​តាក​ទិច​៖​ការរស់នៅ​ដោយ​កណ្តោចកណ្តែង​
02, Feb 2020 , 10:59 pm        
រូបភាព
​អង់​តាក​ទិច​ជា​ទ្វីប​មួយ​នៃ​ភពផែនដី​ដែលមាន​លក្ខណៈ​ដាច់ស្រយាល​ជាងគេ​បង្អស់​។ ជាមួយនឹង​ស្រទាប់​ទឹកកក​ដ៏​ក្រាស់ និង​សីតុណ្ហភាព​ក្រោម​សូន្យ​អង្សារ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ទ្វីប​អង់​តាក​ទិច​គ្មាន​វត្តមាន​របស់​ជីវិត​មនុស្ស​រស់​នៅលើ​ទីនោះ​តាំងពី​ដើមទី​មកម្ល៉េះ រហូតមកដល់​រយៈពេល​ប្រមាណ​ជា​ជិត​២០០​ឆ្នាំមុន ដែល​អ្នកស្រាវជ្រាវ​តាម​សមុទ្រ​មួយចំនួន​បាន​ចុះចត​នៅតាម​ច្រាំង​នៃ​ទ្វីប​មួយ​នេះ​។ បើទោះបីជា​កាលៈទេសៈ​មិន​អនុញ្ញាត​ឲ្យ​ការរស់នៅ​មាន​ភាពងាយស្រួល ក៏​នៅតែមាន​មនុស្ស​ជាច្រើន​ពាន់​នាក់​ក្នុង​​មួយៗ​ធ្វើដំណើរ​ទៅកាន់​ទ្វីប​មួយ​នេះ​ក្នុងនាម​ជា​អ្នកស្រាវជ្រាវ និង​អ្នកទេសចរ​។

 
​គេហទំព័​រវិ​ទ្យ​សាស្ត្រ coolantarctica.com បាន​បញ្ចា​ក់ថា ទ្វីប​អង់​តាក​តិច​មួយ​នេះ​ត្រូវបាន​បែក​ញែក​ចេញពី​ផ្ទាំង​ទ្វីប​ដែលមាន​ទំហំ​ធំ​មួយទៀត ដោយសារ​សកម្មភាព​ផ្លាក​តិច​តូ​និ​ច (​ចលនា​រំកិល​នៃ​ផ្ទាំង​ដី​ទ្វីប​) កាលពី​៣៥​លាន​ឆ្នាំមុន​។ ក្រុមមនុស្ស​ទើបតែ​វិ​វត្ត​ចេញពី​ពពួក​បុព្វបុរស​ក្រុម​ស្វា​បុរាណ​ត្រឹមតែ​ប្រមាណ​ជា​៥​លាន​ឆ្នាំមុន​ប៉ុណ្ណោះ នៅក្នុង​ទ្វីបអាហ្វ្រិក​។ 
 
​ក្រុម​អ្នកស្រាវជ្រាវ​ដំបូង​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​ពួកគេ​មាន​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ទ្វីប​អង់​តាក​ទិច​នៅក្នុង​អំឡុង​សតវត្សរ៍​ទី​១៩​តាម​នាវា ដែល​ឯកសារ​ខ្លះ​បញ្ចា​ក់ថា​នៅក្នុង​ឆ្នាំ​១៨២០ និង​ខ្លះទៀត​នៅក្នុង​ឆ្នាំ​១៨៩៩​។ 
 
​គ្មាន​នរណាម្នាក់​រស់នៅ​លើ​ទ្វីប​មួយ​នេះ​ជា​លក្ខណៈ​អចិន្ត្រៃយ៍​នោះឡើយ​។ ទ្វីប​អង់​តាក​ទិច​គ្មាន​ឧស្សាហកម្ម​បែប​ពាណិជ្ជកម្ម គ្មាន​ទីក្រុង ឬ​ទី​លំនៅដ្ឋាន​ច្បាស់លាស់​ពិតប្រាកដ​នោះទេ​។ អ្នក​ដែល​ធ្វើដំណើរ​ទៅ​ទីនោះ​ភាគច្រើន​ចំណាយ​ពេលដែល​ប្រមាណ​ជា​១​ខែ ទៅ​២​ឆ្នាំ​ប៉ុណ្ណោះ​យ៉ាងយូរ​។ 
 
​អង់​តាក​ទិច​មាន​ទីតាំង​ស្នាក់នៅ​ប្រមាណ​ជា​៦៦​កន្លែង ដែល​ក្នុងនោះ​៣៧​កន្លែង​មាន​មនុស្ស​រស់នៅ​ផ្លាស់​វេន​គ្នា​ជា​រៀងរាល់ឆ្នាំ​។ នៅ​រដូវ​មិនសូវ​ត្រជាក់​ខ្លាំង អង់​តាក​ទិច​មាន​មនុស្ស​រស់នៅ​ប្រមាណ​៤​ពាន់​នាក់ ដោយ​មិន​គិតពី​អ្នក​ទេស​ទរ​ដែល​ត្រឹមតែ​មក​កម្សាន្ត​រយៈពេល​ខ្លី​។ ចំនួន​នេះ​ធ្លាក់​ចុះមក​ត្រឹមតែ​១​ពាក់​នាក់​ប៉ុណ្ណោះ​នា​រដូវ​ត្រជាក់​ខ្លាំង​។ 
 
​ការចេញចូល​ទ្វីប​អង់​តាក​ទិច​ត្រូវបាន​ធ្វើឡើង​តាមរយៈ​មធ្យោបាយ​ផ្លូវទឹក និង​ផ្លូវអាកាស​។ ចំពោះ​យន្តហោះ​ធំៗ ពួកគេ​អាច​ចុះចត​នៅ​លើស​កម្រាស់​ទឹកកក​ដែលមាន​ភាពរឹងមាំ​បាន ក្នុងការ​ដឹកជញ្ជូន​មនុស្ស ឧបករណ៍ប្រើប្រាស់​ផ្សេងៗ និង​អាហារ​ចំ​បាច់​។ សីតុណ្ហភាព​មធ្យម​គឺ​នៅ​ចន្លោះ​ពី​ដក​១០​អង្សារ​សេ រហូត​ទៅដល់​ដក​៦០​អង្សារ​សេ​នៅ​ទីតាំង​មួយចំនួន​។ ដោយសារតែ​ហេតុនេះ ការធ្វើ​កសិកម្ម និង​ចិញ្ចឹមសត្វ​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​ពិតជា​មិនអាច​ប្រព្រឹត្តទៅបាន​នោះឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com