ជាតិ
វីដេអូ
សុខភាព
ស្រី្តដែលមានដៃគូរួមភេទប្រឈមខ្លាំងនឹងកើតជំងឺ«មហារីកមាត់ស្បូន»
× ភ្នំពេញ៖ ជំងឺមហារីកមាត់ស្បូន គឺជាជំងឺបង្កឡើងដោយមេរោគ Human Papillomavirus (HPV) មានរហូតដល់១០៨ប្រភេទ ដែលឆ្លងតាមរយៈការរួមភេទ។ ក្នុងចំណោមមេរោគ HPV ទាំង១០៨ប្រភេទនេះ មានតែ១៥ប្រភេទប៉ុណ្ណោះ អាចបង្កជាជំងឺមហារីកមាត់ស្បូនបាន។ បើតាមលោកស្រីវេជ្ជបណ្ឌិត ឈន ពេជ្រចិន្ដា ស្ត្រីឆ្លងកាត់ការរួមភេទ, ស្ដ្រីមានដៃគូរួមភេទច្រើន, ស្ដ្រីរួមភេទក្រោមអាយុ១៧ឆ្នាំ ស្ដ្រីជក់បារី និងស្ត្រីមានផ្ទុកមេរោគអេដស៍ អាចប្រឈមខ្លាំងនឹងកើតជំងឺមហារីកមាត់ស្បូន។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី ជាមួយ លោកស្រីវេជ្ជបណ្ឌិត ឈន ពេជ្រចិន្ដា ឯកទេសសម្ភពនិងរោគស្ដ្រី នៃមន្ទីរពេទ្យអឃីតកោះពេជ្រ ដូចតទៅ៖
លោកស្រីវេជ្ជបណ្ឌិត ឈន ពេជ្រចិន្ដា ឯកទេសសម្ភពនិងរោគស្ដ្រី បានបញ្ជាក់ថា ជំងឺមហារីកមាត់ស្បូន កើតឡើងដោយមិនងាយបង្ហាញរោគសញ្ញាឲ្យអ្នកជំងឺដឹងនោះឡើយ។ ត្បិតជំងឺនេះ កម្រចេញរោគសញ្ញាក៏ពិតមែន ប៉ុន្តែ វាក៏អាចបង្ហាញរោគសញ្ញាមួយចំនួនដូចជា ការធ្លាក់ឈាមខុសប្រក្រតី, រាល់ពេលរួមភេទតែងមានធ្លាក់ឈាម និងហូរទឹកខុសប្រក្រតីតាមទ្វារមាស។
លោកស្រីវេជ្ជបណ្ឌិតបានពន្យល់បន្ថែមថា៖«ជំងឺមហារីកមាត់ស្បូនមួយចំនួនកើតឡើងដោយស្ងៀមស្ងាត់បំផុត ជាហេតុធ្វើឲ្យអ្នកខ្លះមិនចាប់អារម្មណ៍ថា ខ្លួនមានផ្ទុកមេរោគ HPV ដែលអាចវិវឌ្ឍន៍ជាជំងឺមហារីកមាត់ស្បូន។ ទម្រាំតែជំងឺនេះមានរោគសញ្ញាឲ្យដឹង គឺចូលដល់ដំណាក់កាលកើតមហារីកមាត់ស្បូនហើយ»។
ជំងឺមហារីកមាត់ស្បូន អាចមានឱកាសព្យាបាលជា ប្រសិនបើជា ឆាប់រកឃើញជំងឺនេះ នៅដំណាក់កាលដំបូង និងមានការព្យាបាលបានត្រឹមត្រូវ ដោយការវះកាត់ ឬប្រើកាំរស្មី និងការចាក់ថ្នាំគីមីមួយចំនួនជាដើម៕
Tag:
មហារីកមាត់ស្បូន
រួមភេទ
ស្ដ្រី
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com