ជាតិ
លោក មួយ រ៉ា​ដូ ដាំ​បន្លែ​-​ផ្លែឈើ​ជិត​២០​មុខ​នៅ​មណ្ឌលគិរី ផ្គត់ផ្គង់​មិនទាន់​តម្រូវការ​
03, Feb 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ លោក មួយ រ៉ា​ដូ បានចាប់ផ្តើម​ដាំ​ការ៉ុត ម្ទេសហាវៃ ដំឡូងបារាំង ទំពាំង​បារាំង ស្ពៃក្ដោប ស្ពៃបូកគោ និង​បន្លែ​ជាច្រើន​មុខ​ទៀត ប្រមាណ​៣​ឆ្នាំ​ហើយ នៅលើ​ដី​៣​ហិកតា​កន្លះ ក្នុង​ខេត្តមណ្ឌលគិរី​។ ភាគច្រើន បន្លែ​ផ្លែឈើ​ទាំងនេះ ត្រូវបាន​យកទៅ​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ភ្នំពេញ​។ បើតាម លោក រ៉ា​ដូ បន្លែ ផ្លែឈើ​របស់ខ្លួន​លក់បាន​តម្លៃ​ខ្ពស់ និង​មាន​តម្រូវការ​ច្រើន​ទៀតផង ហើយ​សព្វថ្ងៃ លោក​ដាំ​មិនទាន់​តម្រូវការ​អតិថិជន​ឡើយ​។


 
​ចម្ការ ផ្លែឈើ ជិត​២០​មុខ ត្រូវបាន​លោក មួយ រ៉ា​ដូ ដាំ​ដុះ​នៅលើ​ផ្ទៃដី​៣​ហិកតា​កន្លះ ស្ថិតនៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។ បន្លែ​ផ្លែឈើ​ទាំងនេះ​មានដូចជា ទំពាំងបាយជូ ល្ហុង​ពូជ​អាល្លឺម៉ង់ ប៊ឺ​រ ឪឡឹក​លឿង តាសក់​ផ្អែម ស្រកានាគ ដំឡូងបារាំង ការ៉ុត ស្ពៃបូកគោ ស្ពៃក្តោប ប៉េង​បោះ ឆៃថាវ ត្រឡាច ល្ពៅ និង​ម្រះ​ជាដើម​។​
 
​ម្ចាស់​ចម្ការ​បន្លែ ផ្លែឈើ​រូបនេះ បន្តថា​សព្វថ្ងៃ​មាន​ក្រុមហ៊ុន​ជាច្រើន​នៅ​ភ្នំពេញ បាន​ចុះ​មកដល់​ចម្ការ​របស់ខ្លួន ដើម្បី​ពិនិត្យមើល​បច្ចេកទេស​ដាំ​ដុះ និង​ចរចា​ទទួល​ទិញ បន្លែ​គ្រប់​ប្រភេទ​យកទៅលក់​បន្ត​ផងដែរ​។ លោក មួយ រ៉ា​ដូ បាន​សារព័ត៌មាន ThmeyThmey25 ថា​លោក​មិន​បារម្ភ​ឡើយ​ពី​ទីផ្សារ​សម្រាប់​លក់​បន្លែ ផ្លែឈើ​របស់ខ្លួន ក៏ប៉ុន្តែ​គាត់​បារម្ភ​ខ្លាច​ការប្រែប្រួល​អាកាសធាតុ ដែល​អាច​រារាំង​លទ្ធភាព​ដាំ​ដុះ​របស់ខ្លួន​។ កសិករ​រូបនេះ​បន្ថែម​៖ «​សម្រាប់​ខ្ញុំ​មិន​បារម្ភ​ទីផ្សារ​ទេ ប៉ុន្តែ​ខ្ញុំ​បារម្ភ​ការប្រែប្រួល​អាកាសធាតុ ដូចជា​ទឹកជំនន់ ឬ​គ្រោះ​រាំង​ខ្លួន ដែល​ធ្វើឱ្យ​បន្លែ​ខូច​អស់​ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី​»​។ 
 
​តាមពិតទៅ លោក​មាន​គម្រោង​ដាំ​បន្លែ​ផ្លែឈើ ឲ្យ​បាន​ប្រមាណ​១៥​ហិកតា ក៏ប៉ុន្តែ​ដោយសារ កង្វះ​ប្រភពទឹក ទើប​លោក​មិនទាន់​អាច​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បាន​។ លោក រ៉ា​ដូ រៀបរាប់​ដូច្នេះ​៖«​ដោយសារតែ​អាកាស​ក្តៅ គ្មាន​ប្រភពទឹក​គ្រប់គ្រាន់ ទើប​ខ្ញុំ​សម្រេចចិត្ត​ដាំ​បន្លែ​គ្រប់មុខ​នៅលើ​ផ្ទៃដី​៣,៥​ហិកតា​នេះ​សិន ដើម្បី​ផ្គត់ផ្គង់​ឱ្យ​អតិថិជន​ដែលជា​ម៉ូយ​ប្រចាំ​។  រហូតដល់​រដូវ​មាន​ភ្លៀង ឬ​មាន​ប្រភពទឹក​គ្រប់គ្រាន់ ខ្ញុំ​នឹង​ចាប់​បន្លែ ផ្លែឈើ នៅលើ​ផ្ទៃដី​ដែល​ខ្ញុំ​គ្រោងទុក​នោះ​»​។ ទន្ទឹមនឹងនេះ លោក​ក៏​កំពុង​ស្វែងរក​ដៃគូ​សហការ​ផ្នែក​បច្ចេកទេស​ដាំ​ដុះ​បន្ថែម ប្រភពទឹក ប្រព័ន្ធ​ស្រោចស្រព និង​ដើមទុន​មួយចំនួនទៀត​ផងដែរ​៕

Tag:
 បន្លែ​
  ផ្លែឈើ​
 ​មួយ រ៉ា​ដូ​
© រក្សាសិទ្ធិដោយ thmeythmey.com