ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ ថា ការ​ឲ្យ​កូន​មើល​ទូរស័ព្ទ​ច្រើន នឹង​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​កុមារ
03, Feb 2020 , 9:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកស្រី សុខ ដៀ​រ៉ូ​ហ្សេ​ត អ្នកជំនាញ​ផ្លូវចិត្ត​កុមារ អះអាងថា ការ​បណ្តោយ​ឲ្យ​កុមារ​មើល​ទូរស័ព្ទ​ច្រើនពេក នឹង​បង្ក​ផលប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​របស់​កុមារ ដូចជា ការចេះ​និយាយ​យឺត មិនសូវ​ចេះ​ទំនង​ទំនង​ជាមួយ​ឪពុកម្តាយ និង​មាន​ឥរិយាបថ​ប្លែកៗ​ជាដើម​។ បើតាម​អ្នកជំនាញ​រូបនេះ ក្រៅពី​បង្កបញ្ហា​ដល់​ផ្លូវចិត្ត ការ​ឲ្យ​កូន​ក្រោម​អាយុ​៣​ឆ្នាំ​មើល​ទូរស័ព្ទ​ទំនើប វា​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព​ផ្លូវកាយ​ផងដែរ​។


​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក រ៉ឹ​ម ភា​រី និង​អ្នកស្រី សុខ ដៀ​រ៉ូ​ហ្សេ​ត ជំនាញ​ផ្នែក​ផ្លូវចិត្ត​កុមារ ដូចតទៅ​៖ 



 
​បច្ចុប្បន្ន ឪពុកម្តាយ​ជាច្រើន មាន​ទម្លាប់​ឲ្យ​ទូរស័ព្ទ​ទៅ​កូន​ដើម្បី​លួងលោម​ពួកគេ​ឲ្យ​ស្ងាត់ស្ងៀម ដើម្បី​ឲ្យ​ពួកគាត់​មាន​វេលា​ធ្វើ​ការងារ​បាន​ស្រួល ប៉ុន្តែ អ្នកជំនាញ​ផ្នែក​ផ្លូវចិត្ត​កុមារ អះអាងថា ការធ្វើ​បែបនេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កុមា​រទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។​
 
​អ្នកស្រី សុខ ដៀ​រ៉ូ​ហ្សេ​ត ប្រធាន​កម្មវិធី​សហគមន៍​នៃ​មជ្ឈមណ្ឌល​ផ្លូវចិត្ត​កុមារ និង​យុវវ័យ បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​នៅពេល​កុមារ​មើល​អេក្រង់​ហ្នឹង នឹង​បង្ក​ផលប៉ះពាល់​ច្រើន ដូចជា មិនឆាប់​ចេះ​និយាយ មិនមាន​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​នៅ​ជុំវិញខ្លួន​។ ចំណែក​ផលប៉ះពាល់​លើ​សុខភាព​ផ្លូវកាយ វា​ស្រ័យ​លើ​អាយុ​។ អាយុ​កាន់តែ​តិច វា​នឹង​ប៉ះពាល់​ដល់​ការ​គេង​។ ដូច្នេះ មុន​គេង​២​ម៉ោង ត្រូវតែ​បិទ​ទូរស័ព្ទ ព្រោះ ពន្លឺ​ចេញពី​អា​ក្រង់ ប៉ះពាល់​ដល់​ខួរក្បាល​ដោយ​វា​ប្តូរ​ជាតិគីមី​ក្នុង​ខួរក្បាល ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គេង​របស់​កុមារ និង​ប៉ះពាល់​ដល់​ការបរិភោគ​របស់​កុមា​រដែរ​។ បើ​មើល​លើស​៧​ម៉ោង​ឡើងទៅ វា​ធ្វើ​ឲ្យ​កុមារ​ឈឺក្បាល ញ៉ាំ​អត់​បាន​គ្រប់គ្រាន់ ប៉ះពាល់​ការ​ផ្ចង់អារម្មណ៍​របស់គាត់ ប៉ះពាល់​ភ្នែក និង​ប៉ះពាល់​សុខភាព​ផ្លូវកាយ​ទាំងមូល​»​។ 
 
​តាមពិតទៅ កន្លងមក មាន​ឪពុកម្តាយ​មួយចំនួន ក៏​មិន​ចង់យក​ទូរស័ព្ទ​លួងលោម​កូន តែ​ពួកគេ​មិនដឹងថា ត្រូវធ្វើ​ដូចម្តេច​? អ្នកស្រី សុខ ដៀ​រ៉ូ​ហ្សេ​ត ពន្យល់ថា ឪពុកម្តាយ​គួរ​ធ្វើ​សកម្មភាព​អ្វី​ផ្សេង ដូចជា គូរគំនូរ​ជាមួយ​កូន លេង​ទាត់​បាល់ ដេរ​ចេញ​ក្រៅ​ផ្ទះ និង​សកម្មភាព​ជាមួយ​កុមារ​ឲ្យ​គាត់​មានការ​ផ្ចង់អារម្មណ៍ ដូចជា លេង​កីឡា ចង្អុល​រូបភាព​ប្រាប់​កុមារ ប្រឡែង​ជាមួយ​កូន ហើយ​បើសិន​ឲ្យ​កូន​លេង​ទូរស័ព្ទ​ត្រូវ​នៅ​ជាមួយ​កូន ដើម្បី​ត្រួតពិនិត្យ និង​បង្កើត​ទំនង​ទំនង​ជាមួយ​គាត់​៕     

Tag:
 សុខ ដៀ​រ៉ូ​ហ្សេ​ត​
 ​ផ្លូវចិត្ត​
 ​កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com