ជាតិ
របរចិញ្ចឹមមាន់ផ្លាស់ប្ដូរជីវភាព លោក សួន ប៉ែល ពីការស៊ីឈ្នួលគាស់ដំឡូងឆ្ងាយពីគ្រួសារ
× ក្រចេះ៖ លោក សួន ប៉ែល ជាម្ចាស់កសិដ្ឋានគំរូភ្ញាស់កូនមាន់ស្រែ នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានផ្លាស់ប្ដូរជីវភាពគ្រួសារទាំងស្រុង ក្រោយពីរូបលោកទទួលបានការបណ្ដុះបណ្ដាល បច្ចេកទេស ចិញ្ចឹមមាន់ ពីមន្ទីរកសិកម្មខេត្តក្រចេះ និងអង្គការ WWF។ កសិករគំរូរូបនេះ ទើបតែចាប់ផ្ដើម ចិញ្ចឹមមាន់ស្រែរយៈពេលជាង១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរបរចិញ្ចឹមមាន់ស្រែរបស់លោកទទួលបានជោគជ័យ និងអាចឲ្យលោកទទួលបានកម្រៃជាប្រចាំខែ។
ដើម្បីជ្រាបព័ត៌មាននេះ សូមលោកអ្នកនាងទស្សនាកិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក សួន ប៉ែល ម្ចាស់កសិដ្ឋានភ្ញាស់កូនមាន់ស្រែគំរូ ដូចតទៅ៖
លោក សួន ប៉ែល បានប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖ «ជីវភាពរបស់ខ្ញុំបច្ចុប្បន្នគ្រាន់បើជាងមុន។ យើងមានមុខរបរ មិនបាច់ដើរស៊ីឈ្នូលគេទៀតទេ ដោយសារយើងនៅមើលមាន់របស់យើងជាប្រចាំ។ យើងក៏អាចមើលថែប្រពន្ធកូនពេលឈឺបាន»។ លោក សួន ប៉ែល បានទៅស៊ីឈ្នួលគាស់ដំឡូង និងស្វាយចាន់ទីគេ ឆ្ងាយពីគ្រួសារ មុនពេលលោកមិនទាន់មានបច្ចេកទេសចិញ្ចឹមមាន់ស្រែ ដើម្បីភ្ញាស់កូនលក់នេះ។ ការងារជាកម្មករឆ្ងាយពីគ្រួសារ បានធ្វើឲ្យលោកជួបការលំបាកក្នុងការធ្វើដំណើរ ដើម្បីមកមើលថែប្រពន្ធកូនពេលឈឺម្ដងៗ។
លោកបានបញ្ជាក់ថា លោកក៏ជាពេទ្យសត្វមួយរូបផងដែរដែលបានឆ្លងកាត់ការសិក្សារៀនសូត្រត្រឹមត្រូវ និងមានសញ្ញាបត្រពេទ្យសត្វថែមទៀតផង។ ដោយសារប្រជាពលរដ្ឋរស់នៅភូមិអូរព្រះ ឃុំអូរគ្រៀង មិនសូវប្រកបរបរចិញ្ចឹមសត្វ និងមិនសូវយកសត្វមកព្យាបាលតាមបច្ចេកទេសពេទ្យសត្វ ទើបលោកត្រូវទុកការងារជាពេទ្យសត្វនេះចោល រួចទៅដើរស៊ីឈ្នួលគេវិញ ដើម្បីបានកម្រៃបន្ថែមផ្គត់ផ្គង់ជីវភាពគ្រួសារ។
បើតាមម្ចាស់កសិដ្ឋានរូបនេះ មាន់ស្រែដែលលោកចិញ្ចឹមដើម្បីភ្ញាស់យកកូនទៅលក់នោះ មានមាន់មេចំនួន ៧០ក្បាល។ ក្នុងមួយទូភ្ញាស់កូនមាន់ មានពងមាន់ចំនួន ៨៤ពង ប៉ុន្តែពងមាន់ ដែលភ្ញាស់បានមានតែ៧០ជាងប៉ុណ្ណោះ។ កូនមាន់ស្រែដែលលោកភ្ញាស់បាន លក់ក្នុងតម្លៃ៤,៥០០រៀល ទៅឲ្យអ្នកលក់បន្ត ឬកសិករដែលទិញទៅចិញ្ចឹមបន្ត ដោយមានវ៉ាក់សាំងស្រាប់ផងដែរ។
របរចិញ្ចឹមមាន់ស្រែដើម្បីភ្ញាស់កូនលក់នេះ ទទួលបានចំណូលពី ៧០ ទៅ៨០ម៉ឺនរៀលក្នុងមួយខែ ដែលអាចឲ្យអតីតកម្មករស៊ីឈ្នូលគេរូបនេះ មានពេលវេលានៅផ្ទះជុំគ្រួសារ និងជីវភាពល្អប្រសើរ ជាងមុន។ លោកក៏បានប្រើជំនាញពេទ្យសត្វរបស់លោក ដើម្បីចិញ្ចឹមមាន់មិនឲ្យកើតជំងឺងាប់ច្រើនផងដែរ ដោយសារលោកមានបច្ចេកទេសធ្វើវ៉ាក់សាំងការពារមាន់ និងមានវិធីសាស្ត្រចិញ្ចឹមត្រឹមត្រូវតាមស្ដង់ដារ ដែលលោកបានរៀនសូត្របន្ថែមពីមន្ទីរកសិកម្មខេត្តក្រចេះ និងអង្គការ WWF៕
Tag:
ចិញ្ចឹមមាន់
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com