ជាតិ
ព្រះសពសម្តេចសង្ឃ លាស់ ឡាយ ត្រូវបានបូជាហើយ ក្រោយរក្សាទុក១០០ថ្ងៃ រូបពីហ្វេសបុកសាលាគណខេត្តកំពង់ធំ
× ភ្នំពេញ៖ ព្រះសពសម្ដេចសង្ឃ ព្រះធម្មលិខិត លាស់ ឡាយ ត្រូវបានបូជារួចហើយ នៅក្នុងសួនច្បារមុខវត្តបទុមវត្តី នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។ ព្រះសពព្រះអង្គ ត្រូវបានដង្ហែចេញពីវត្តសន្សំកុសល នៅម៉ោងប្រមាណ៦ព្រឹកថ្ងៃនេះ ទៅកាន់សួនច្បារមុខវត្តបទុមវត្តី។
សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្វាយព្រះភ្លើងបូជាព្រះសពសម្តេច លាស់ ឡាយ។ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ព្រះធាតុរបស់ព្រះអង្គ នឹងត្រូវយកទៅតម្កល់ទុកក្នុងចេតិយនៅវត្តសន្សំកុសល។
លោក បន្តថា មន្ត្រីសង្ឃ និងអាចារ្យគណៈកម្មការ នឹងរៀបចំបុណ្យពីថ្ងៃនេះរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាថ្ងៃបុណ្យដារឆ្លង (ថ្ងៃឆ្លងបញ្ចប់បុណ្យ)។ ចំពោះការតែងតាំងមន្ត្រីសង្ឃ ទទួលតំណែងរបស់សម្តេចសង្ឃ លាស់ ឡាយ លោក នៅមិនទាន់ទទួលព័ត៌មាននោះទេ ដោយលោក គ្រាន់តែបញ្ជាក់ថា វា ជាការគិតគូរបស់ថ្នាក់ដឹកនាំសង្ឃនិងរដ្ឋាភិបាល។
សូមបញ្ជាក់ថា សម្ដេចសង្ឃ លាស់ ឡាយ ទ្រង់សុគត នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ក្នុងព្រះជន្ម១០៦ព្រះវស្សា ដោយព្រះជរាពាធ។ ព្រះសពរបស់ព្រះអង្គ ត្រូវបានរក្សាទុករយៈពេល១០០ថ្ងៃ នៅក្នុងវត្តសន្សំកុសល។ ព្រះអង្គ ជាព្រះគ្រូចៅអធិការវត្តសន្សំ ព្រះប្រធានធម្មសភាសង្ឃ និង ជាសង្ឃនាយករងទីមួយ៕
Tag:
សម្តេច លាស់ ឡាយ
បូជាព្រះសព
© រក្សាសិទ្ធិដោយ thmeythmey.com