ពីនេះ ពីនោះ
បើ​ទាំង​មេ និង​កូនចៅ​នាំគ្នា​លេង​ហ្វេ​ស​ប៊ុ​ក តើ​មាន​នរណា​ធ្វើការ​?
03, Feb 2020 , 12:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សំណាង និង សុធីរ មិនមាន​កាតព្វកិច្ច​កា​រងារ​ច្រើនពេក​ទេ​។ ដូច្នេះ ពួកគេ​ទាំងពីរ​នាក់​ចំណាយពេល​វេលា​មក​ពិសា​កាហ្វេ​ដូច​សព្វដង​។ នៅ​ព្រឹក​នេះ មិត្តភក្តិ​ទាំងពីរ​ជជែក​គ្នា​រឿង​សង្គម​ជំនួស​ឲ្យ​រឿង​នយោបាយ​។ ប្រធានបទ​នោះ គឺ​រឿង​លេង​ហ្វេ​ស​ប៊ុ​កនៅ​កម្ពុជា​។ ហ្វេ​ស​ប៊ុ​ក​កំពុង​បំផ្លាញ​ផលិតភាព​ការងារ​នៅ​កម្ពុជា​ឬ​?​។

 
 
​សំណាង​៖ អា សុធីរ​!​។ អ្ហែង​មាន​មិត្តភក្តិ​ច្រើន​ធ្វើការ​នៅក្រៅ​ប្រទេស​ទាំង​ខ្មែរ ទាំង​បរទេស​។ នៅ​បរទេស តើ​ក្រុមហ៊ុន ឬ​ស្ថាប័នរដ្ឋ​អនុញ្ញាត​ឲ្យ​បុគ្គលិក​ឬ​មន្ត្រី​លេង​ហ្វេ​ស​ប៊ុ​ក​តាមចិត្ត​ឬទេ​? 
 
​សុធីរ​៖ ម៉េច​បានជា​អ្ហែង​សួរ​សំណួរ​នេះ​មកកាន់​អញ​? 
 
​សំណាង​៖ ព្រោះ​នៅ​កម្ពុជា គេ​លេង​គ្រប់​តែ​គ្នា​។ លេង​គ្មាន​ឈប់ ក្នុង​ក្រុមហ៊ុន ឬ​ស្ថាប័នរដ្ឋ​ខ្លះ លេង​អត់​ធ្វើការ​ធ្វើ​ងារ​អី​ទេ​។ ក្រុមហ៊ុន ឬ​ស្ថាប័ន​ខ្លះ​សឹង​ដួល​បះជើង​ទៅហើយ ព្រោះតែ​ទាំង​កូនចៅ ទាំង​មេ នាំគ្នា​លេង​ហ្វេ​ស​ប៊ុ​ក​។ អ៊ីចឹង​ហើយ បានជា​អញ​សួរថា តើ​នៅ​បរទេស​ដូច​កម្ពុជា​ដែរ​ទេ​? អញ​បញ្ជាក់ប្រាប់​អ្ហែង​ថា អញ​មិន​និយាយ​ពី​កម្ពុជា​ទាំងមូល​ទេ​ណា៎ អា សុធី​។   
 
​សុធីរ​៖ សំណាង​! នៅ​អឺរ៉ុប ក្នុងប្រទេស​មួយចំនួន ដូចជា នៅ​ស្រុក​បារាំង ជាដើម បុគ្គលិក​រដ្ឋ ឬ​បុគ្គលិក​ក្រុមហ៊ុន​មិនអាច​ប្រើប្រាស់​ទូរ​សព្ទ​សម្រាប់​ទាក់ទង​ដោយ​សេរី ឬ​លេង​ហ្វេ​ស​ប៊ុ​កដោយ​សេរី​ក្នុង​ម៉ោង​ធ្វើ​ការងារ​បានឡើយ​។ កន្លែង​ខ្លះ គេ​មាន​បទបញ្ជាផ្ទៃក្នុង​រប​ស់​គេ​។ រីឯ​កន្លែង​ខ្លះទៀត អត់​មាន​ទេ តែ​បុគ្គលិក​មាន​សតិសម្បជញ្ញៈ​ខ្លួនឯង​តែម្តង​។ 
​។ 
​សំណាង​៖ តើ​គេ​មានច្បាប់​ហាមឃាត់​ឬទេ​?  
 
​សុធីរ​៖ ដូចជា មិនមាន​ជា​ច្បាប់​អី​ទេ​។ តែ​នេះ គឺជា​វិន័យ​ដែល​បុគ្គលិក​ម្នាក់ៗ​ត្រូវតែ​ដឹង​ដោយ​ខ្លួនឯង ឬ​ពេលខ្លះ ក្រុមហ៊ុន ឬ​ស្ថាប័ន​នីមួយៗ​ត្រូវមាន​បទបញ្ជាផ្ទៃក្នុង​របស់គេ​។ រឿង​ច្បាប់​របស់​រដ្ឋ​ដូចជា​មិនមាន​ទេ សំណាង​។ 
 
​សំណាង​៖ អត់​មានច្បាប់​ទេ​។ ចុះបើ​បុគ្គលិក​ល្មើស​នឹង​បទបញ្ជាផ្ទៃក្នុង គេ​ធ្វើ​ដូចម្តេច​ដែរ​?  
 
​សុធីរ​៖ អូ​ហ៍ នៅ​អឺរ៉ុប ថៅកែ​មិន​និយាយ​ច្រើន​ទេ​ក្នុង​ក្រុមហ៊ុន​។ គេ​ប្រាប់​ម្តង គេ​ព្រមាន​ពីរដង និង​លើក​ទី​៣ គេ​ដេញ​ចោល​តែម្តង​។ 
 
​សំណាង​៖ ចុះ​នៅ​ស្រុក​ខ្មែរ​អាចធ្វើ​អ៊ីចឹង​បានដែរ​ឬទេ​? 
 
​សុធីរ​៖ នៅ​ស្រុក​ខ្មែរ វា​ពិបាក​បន្តិច​។ ពិបាក​កែ​ទម្លាប់​ហ្នឹង​បន្តិច​។ តែបើ​ដេញ​ចោល មានតែ​ដេញ​ច្រើន​គ្នា ព្រោះ បុគ្គលិក ឬ​មន្ត្រី (​មួយចំនួនច្រើន​គួរសម​) លេង​ហ្វេ​ស​ប៊ុ​ក​ទៅហើយ​នៅក្នុង​ម៉ោង​ការងារ​របស់ខ្លួន​! សំណាង​! ធ្វើ​ភ្លាមៗ​មិនបាន​ទេ​នៅ​ស្រុក​ខ្មែរ​។ ត្រូវធ្វើ​បន្តិច​ម្តងៗ​សិន ត្រូវធ្វើ​ឲ្យ​គេ​យល់​សិន​។ មន្ត្រី ឬ​បុគ្គលិក​ខ្លះ យក​លេស​លេង​ហ្វេ​ស​ប៊ុ​កថា ធ្វើការ​ដែរនោះ​។ អានេះ គឺជា​រឿង​ដែល​លំបាក និង​ពិបាក​។ គេ​ពិបាក​ដោះស្រាយ​រឿងនេះ​ណាស់​។ ដូច្នេះ មានតែ​មន្ត្រី និង​បុគ្គលិក​ខ្លួនឯង​ទេ​ដែល​ដឹងថា ខ្លួនឯង​ធ្វើការ ឬ​លេង​ហ្វេ​ស​ប៊ុ​ក​៕ 
 
 
​មុននឹង​បែក​គ្នា​ពី​ហាង​ការ​ហ្វេ សុធីរ និង​សំណាង ក៏​និយាយ​កំប្លែង​លេង​ដាក់គ្នា​ទៅវិញទៅមក​ថា ពួកគេ​ក៏​លេង​ហ្វេ​ស​ប៊ុ​កនៅ​ម៉ោង​ធ្វើការ​ដែរ​។ តែ​ពួកគេ​សន្យា​ឈប់​លេង​នៅពេល​ខាងមុខនេះ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com