ចំនួន​អ្នកស្លាប់​ដោយសារ​កូ​រ៉ូ​ណាវី​រុស​នៅ​ចិន កើន​លើស​អ្នកស្លាប់​ដោយសារ SARS
អន្តរជាតិ
ចំនួន​អ្នកស្លាប់​ដោយសារ​កូ​រ៉ូ​ណាវី​រុស​នៅ​ចិន កើន​លើស​អ្នកស្លាប់​ដោយសារ SARS
03, Feb 2020 , 3:49 pm        
រូបភាព
ដំណើរការសាងសង់មន្ទីពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ មានផ្ទុកកូរ៉ូណាវីរុស ក្នងក្រុងវូហាន។ រូបភាព៖ Getty Images,
ដំណើរការសាងសង់មន្ទីពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ មានផ្ទុកកូរ៉ូណាវីរុស ក្នងក្រុងវូហាន។ រូបភាព៖ Getty Images,
​គិត​មក​ត្រឹម​ថ្ងៃទី​៣ ខែកុម្ភៈ ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត ដែល​បណ្តាលមកពី​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (2019-nCov) បាន​កើនឡើង​រហូតដល់​ជាង ៣៦០​នាក់ នៅក្នុង​ប្រទេស​ចិន​។ អត្រា​ដ៏​ច្រើន​បែបនេះ បានធ្វើ​ឲ្យ​អ្នកស្លាប់​ដោយសារ​កូ​រ៉ូ​ណា​វីរុស​នៅលើ​ចិនដីគោក មាន​ចំនួន​ច្រើនជាង​អ្នកស្លាប់​ដោយសារ​ជំងឺ SARS ដែល​បាន​ផ្ទុះឡើង​កាលពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០០៣ ទៅទៀត​។


 
​កូ​រ៉ូ​ណាវី​រុស គឺជា​វីរុស​ប្រភេទ​ថ្មី ដែល​ត្រូវគេ​រកឃើញ​នៅ​ចុងខែ​ធ្នូ ឆ្នាំ ២០១៩ បាន​រាតត្បាត​នៅ​ចិន​យ៉ាងខ្លាំង​។ ក្នុងករណី​រីក​រាលដាល​នេះ គ្រាន់តែ​នៅ​ចិន កូ​រ៉ូ​ណា​វីរុស​មាន​អ្នក​ឆ្លង​ជាង ១៧០០០​ពាន់​ករណី អ្នកជា​សះស្បើយ​ជាង ៤៨០​នាក់ និង​អ្នកស្លាប់​បាន​កើន​ដល់​ចំនួន​ជាង​៣៦០​នាក់​។ 
 
​ទាក់ទង​ទៅនឹង​បញ្ហា​នេះ អត្រា​អ្នកស្លាប់​ដោយសារ​កូ​រ៉ូ​ណាវី​រុស​នៅ​ចិនដីគោក បាន​កើន​លើសពី​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ SARS ដែល​បាន​កើតឡើង​នៅ​ចិន កាលពី​ឆ្នាំ ២០០២​ដល់ ២០០៣ ទៅទៀត​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ SARS គឺមាន​ត្រឹមតែ ៣៤៩​នាក់​ប៉ុណ្ណោះ​នៅ​ចិនដីគោក ខណៈពេល​កូ​រ៉ូ​ណា​វីរុស​មាន​ដល់ ៣៦២​ករណី​។ 
 
​ជាការ​ពិត កាលពី​ឆ្នាំ​២០០២ ដល់​២០០៣ ជំងឺ​SARS បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​រហូតដល់ ៧៧៤​នាក់ ប៉ុន្តែ​ភាគច្រើន​នៃ​អ្នកទទួល​មរណភាព គឺជា​អ្នករស់នៅ​លើទឹក​ដី​ហុងកុង​តែប៉ុណ្ណោះ​។ 
 
​ក្រៅពីនេះ ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស ក៏បាន​កើន​លើស​ជំងឺ​SARS ផងដែរ ពោលគឺ​លើស​ជាច្រើន​ករណី​។ បើតាម​គណៈកម្មាការ​សុខ​ភាព​របស់​ចិន​នា​ថ្ងៃទី​២៩ ខែមករា ជំងឺ​SARS​មាន​ករណី​ឆ្លង​នៅ​ចិនដីគោក​ត្រឹមតែ ៥៣២៧​ករណី​ប៉ុណ្ណោះ ដោយឡែក​សម្រាប់​កូ​រ៉ូ​ណាវី​រុស​វិញ ករណី​ឆ្លង​បាន​កើនឡើង​រហូតដល់ ជាង​១៧០០០​ពាន់​ករណី គិត​ត្រឹម​ថ្ងៃទី​៣ ខែកុម្ភៈ​។ 
 
​សូមបញ្ជាក់ថា កូ​រ៉ូ​ណាវី​រុស ដែល​បាន​ផ្ទុះឡើង​នៅ​ចិន​ក្នុងពេល​ថ្មីៗ​នេះ មិន​ត្រឹមតែ​មាននៅ​ក្នុងប្រទេស​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​រាតត្បាត​ដល់​ប្រទេស​ជាង​២០ ដែល​ការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ចាប់តាំងពី​ប្រជាជន ដល់​រដ្ឋាភិបាល រហូតដល់​អង្គការ​សុខ​ភាព​ពិភពលោក​ជាដើម​។ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ដាក់ចេញ​វិធានការ​ជា​បន្តបន្ទាប់​ដូ​ច​ជាការ​ការកសាង​មន្ទី​ពេទ្យ​ក្នុង​រយៈពេល​ខ្លី ការបិទ​ក្រុង និង​ផ្អាក​មធ្យោបាយ​ដឹកជញ្ជូន​ជាដើម​៕

Tag:
 ចិន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com