កីឡាជាតិ
ជាតិ
វិសាខា​ចាត់ទុក​ឆ្នាំ​២០២០​ជា​ឆ្នាំ​មាស និង​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ជើងឯក​ឲ្យ​បាន​
03, Feb 2020 , 9:19 pm        
រូបភាព
 លោកស្រី កែ សួនសុភី (ឆ្វេង)ប្រធានក្លិបបាល់ទាត់វិសាខា
លោកស្រី កែ សួនសុភី (ឆ្វេង)ប្រធានក្លិបបាល់ទាត់វិសាខា
ដោយ:
​ក្លិប​បាល់ទាត់​វិសាខា​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​២០១៦ ក្លិប​នេះ​បាន​ឡើង​មកលេង​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ឆ្នាំ​២០១៨ ក្រោយ​ពួកគេ​ទទួលបាន​ជើងឯក​ក្នុងការ​ប្រកួត​លី​គ​ក្របខណ្ឌ​ទី​២​។ វិសាខា​បានចាត់ទុក​ឆ្នាំ​២០២០ ជា​ឆ្នាំ​មាស​សម្រាប់​ខ្លួន​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ពានរង្វាន់​លី​គ​កំពូល និង​ពាន​សម្តេច ហ៊ុន សែន​។ ក្លិប​នេះ ក៏បាន​ផ្លាស់ប្តូរ​ឈ្មោះ​កីឡដ្ឋាន​ដែល​កំពុង​បំពាក់​កៅអីអង្គុយ​បន្ថែម និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ផងដែរ​។

  
 
​លោកស្រី កែ សួន​សុ​ភី ប្រធាន​ក្លិប​បាល់ទាត់​វិសាខា មាន​មោទកភាព​យ៉ាងខ្លាំង​ចំពោះ​សមិទ្ធផល ដែល​ក្លិប​សម្រេចបាន​នាពេល​កន្លងមក បន្ទាប់ពី​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ពានរង្វាន់​លី​គ​កំពូល​ឆ្នាំ​២០១៨ ពី​ការចូលរួម​លើកដំបូង និង​លេខ​២​នៅ​ឆ្នាំ​២០១៩​។ ប៉ុន្តែ​លទ្ធផល​ទាំងនេះ មិនទាន់​អាចឆ្លើយតប​នឹង​ម​ហិ​ច្ឆិ​តា​បាន​នៅឡើយ​ទេ ដ្បិត លោកស្រី ចង់ឃើញ​វិសាខា​ក្លាយជា​ម្ចាស់​ជើងឯក និង​តំណាង​ឲ្យ​កម្ពុជា​ក្នុងការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​។​
 
​សម្រាប់​ប្រធាន​ក្លិប​ដែល​ចូលកាន់​តំណែង​ជំនួស​ស្វាមី គឺ​លោក ស សុខា កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨​រូបនេះ មិន​គ្រាន់តែ​ចង់​ឲ្យ​វិសាខា​ក្លាយជា​ក្លិប​មាន​សមត្ថ​ភាពខ្លាំង និង​ល្បីល្បាញ​ក្នុង​ក្របខណ្ឌ​ជាតិ​ប៉ុណ្ណោះ​ទេ តែ​ចង់​ឲ្យ​ក្លិប​នេះ​មាន​សមត្ថភាព​អាច​ប្រកួតប្រជែង​ជាមួយ​ក្លិប​ក្នុង​តំបន់ និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ​។​


 
​នា​ពិធី​បង្ហាញ​សមាសភាព​ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ និង​ឯកសណ្ឋាន​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​នៅ​ថ្ងៃទី​១ កុម្ភៈ ឆ្នាំ​២០២០ នា​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ លោកស្រី កែ សួន​សុ​ភី បានចាត់ទុក​ឆ្នាំ​២០២០ ជា​ឆ្នាំ​មាស​សម្រាប់​ខ្លួន​។ ក្នុងន័យនេះ លោកស្រី ទំនងជា​ជឿជាក់ថា វិសាខា​នឹង​អាច​ក្លាយជា​ម្ចាស់​ជើងឯក​នៅ​ឆ្នាំនេះ​។  
 
«​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ​ពួកយើង​បាន​ឆ្លងកាត់​បទពិសោធន៍​យ៉ាងច្រើន ហើយ​ឆ្នាំ​នេះដែរ​ជា​ឆ្នាំ​ទី​៤​របស់​ពួកយើង​ត្រូវ​នឹង​ឆ្នាំ​២០២០​។ ពួកយើង​បាន​និយាយថា ឆ្នាំនេះ គឺជា​ឆ្នាំ​មាស​របស់​យើង ហើយ​ពួកយើង​ជា​ក្រុមគ្រួសារ​តែមួយ នឹង​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ជើងឯក​ឲ្យ​បាន​»​។ លោកស្រី សួន​សុ​ភី លើកឡើង​ដូច្នេះ ជាមួយ​ការជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​ក្លិប​គ្រប់​ជាន់ថ្នាក់ និង​កីឡាករ​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​របស់​ក្លិប​ទៅ​ថ្ងៃ​អនាគត​។ 
 
​លោកស្រី​បានបង្ហាញ​អារម្មណ៍​រំភើប​រីករាយ​យ៉ាងខ្លាំង ដែល​បាន​វិ​វត្ត​ខ្លួន​ពី​អ្នកផ្តល់​កម្លាំងចិត្ត​ដល់​ស្វាមី​(​លោក ស សុខា​)​ក្លាយជា​ចំណែក​មួយ​ក្នុង​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។ តែ​យ៉ាងណា លោកស្រី ចង់ឃើញ​ស្ត្រី​ជាច្រើន​ចូលរួម​ប្រឡូក​ក្នុង​វិស័យ​កីឡា​នេះ​។ «​នាង​ខ្ញុំ​ចង់​ឲ្យ​ស្ត្រី​ចូលរួម​នៅក្នុង​វិស័យ​កីឡា​ឲ្យ​កាន់តែច្រើន​ដើម្បី​ជួយ​គ្នា​លើកស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា​ឲ្យ​មានការ​អភិវឌ្ឍន៍​បន្ថែ​ម​ទៀត​»​។ នេះ​ជាការ​បន្ថែម​របស់លោក​ស្រី សួន​សុ​ភី​។ 


 
​នៅក្នុង​កម្មវិធី​បង្ហាញ​កីឡាករ​និង​ឯកសណ្ឋាន​នោះដែរ ក្លិប​បាល់ទាត់​វិសាខា​បានប្រកាស​ផ្លាស់ប្តូរ​ឈ្មោះ​កីឡដ្ឋាន​ពី​វិសាខា​ទៅជា​កីឡដ្ឋាន​ព្រី​នស៍ ដែលជា​ដៃគូ​ឧបត្ថម្ភ​ធំ​របស់ខ្លួន​។ សម្រាប់​ការត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​រដូវ​កាល​ថ្មី យើង​សង្កេត​វិសាខា​បាន​នាំចូល​កីឡាករ​កម្ពុជា និង​បរទេស​មួយចំនួន និង​តែងតាំង​គ្រូបង្វឹក​ថ្មី​ផងដែរ​។ 
 
​ជាមួយគ្នានេះ វិសាខា បាន​ជួសជុល​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ដូចជា​បំពាក់​ប្រព័ន្ធ​ស្រោច​ទឹក​ដោយ​ស្វ័យប្រវត្តិ​នៅក្នុង​ទីលាន និង​បំពាក់​កៅអីអង្គុយ​បន្ថែម ដើម្បី​ឆ្លើយតប​នឹង​កំណើន​អ្នកគាំទ្រ​។  បើតាម​លោក រ៉ា នូ​វិ​បុត្រ នាយក​ប្រតិបត្តិ​ក្លិប​បាល់ទាត់​វិសាខា ក្រោយ​ការបំពាក់​កៅអី​បន្ថែម ទីលាន​បាល់ទាត់​វិសាខា​អាច​ផ្ទុក​អ្នកទស្សនា​ពី​៧​ទៅ​៨​ពាន់​នាក់ ខណៈ​បច្ចុប្បន្ន​ផ្ទុក​បានតែ​៥​ពាន់​នាក់​ប៉ុណ្ណោះ​៕  



Tag:
 Cambodian League
  កែ សួន​សុ​ភី​
  វិសាខា​
© រក្សាសិទ្ធិដោយ thmeythmey.com