ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន​ សែន ថានឹងទៅវូហាន បើរដ្ឋាភិបាល​ចិនអនុញ្ញាត
03, Feb 2020 , 4:53 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាជំនួបជាមួយពលរដ្ឋខ្មែរនៅ​កូរ៉េខាងត្បូង នៅ​ថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអះអាង សម្តេច អាចទៅ​ក្រុងវូហាន ទីកន្លែងដែលផ្ទុះជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី ប៉ុន្តែ​ក្នុងលក្ខខណ្ឌ ដែល​រដ្ឋាភិបាល​ចិន អនុញ្ញាតឲ្យសម្តេចទៅ។



សម្តេច សង្កត់ធ្ងន់ដូច្នេះថា៖«ហ៊ុន សែន ហ៊ានចូលប្រយុទ្ធក្នុងភ្លើងសង្គ្រាម ហ៊ានយកក្បាលធ្វើដើមទុន ដើម្បីសង្គ្រោះជាតិ ហ៊ានយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាម រឿងអី ហ៊ុន សែនមិនហ៊ានទៅក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរដែលកំពុងរៀនក្នុងទីក្រុងវូហាន»។

មេដឹកនាំកម្ពុជា បន្តថា៖«កុំចង់សាកជាមួយ ហ៊ុន សែន ឲ្យសោះ។ បើស្គាល់ ហ៊ុន សែន មិនច្បាស់កុំនិយាយ។ ហ៊ុន សែន ទៅមែន ឲ្យតែរដ្ឋាភិបាលចិន OK។ ធ្វើឲ្យពួកហ្នឹង [អ្នករិះគន់] ដឹង ហ៊ុន សែន ម្តង»។

មាននិស្សិតខ្មែរជាង២០នាក់ ដែលកំពុងសិក្សានៅទីក្រុងវូហាន។ ប្រមុខរដ្ឋាភិបាល ប្រកាសនាពេលថ្មីៗនេះថា កម្ពុជា មិនជម្លៀសនិស្សិតឬមន្រ្តីទូតខ្មែរ ចេញពីទីក្រុងវូហាននោះទេ ដោយទុកឲ្យពួកគេ ឲ្យនៅទីនោះ ដើម្បីបង្ហាញពីការរួមសុខទុក្ខជាមួយពលរដ្ឋចិន។ លើសពីនេះ កម្ពុជា ក៏មិនបិទជើងហោះហើរពីចិនដែរ ដោយខ្លាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា និងទំនាក់ទំនងជាមួយចិន៕ 

Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com