អន្តរជាតិ
ចិន បិទ​ក្រុង​មួយទៀត​ចម្ងាយ​៨០០​គីឡូម៉ែត្រ​ពី​វូ​ហាន ដើម្បី​ទប់ស្កាត់​ការរីក​សាយ​កូ​រ៉ូ​ណាវី​រុស​
03, Feb 2020 , 9:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង នា​ថ្ងៃទី​២ ខែកុម្ភៈ បានសម្រេច​បិទ ទីក្រុង​សេដ្ឋកិច្ច​ដ៏​សំខាន់ Wenzhou ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (2019-nCoV) និង​ការពារ​ពី​ការប៉ះពាល់​សេដ្ឋកិច្ច​របស់​ទីក្រុង​។


 
​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (2019-nCoV) បាន​អុកឡុក​ចិន​យ៉ាងខ្លាំង និង​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​បណ្តា​ប្រទេស​ផ្សេងៗ​ជាង ២០​។ ចំណែក​អត្រា​នៃ​អ្នក​ផ្ទុក​កូ​រ៉ូ​ណាវី​រុស បាន​កើន​ដល់​ប្រមាណ ១៧០០០​ពាន់​នាក់ និង​អ្នកស្លាប់​៣៧១​នាក់ នៅក្នុង​ប្រទេស​ចិន និង​ហ្វីលីពីន ១​នាក់​។ គ្រាន់តែ​នៅក្នុង​ខេត្ត Zhejiang មាន​អ្នកជំងឺ ផ្ទុក​កូ​រ៉ូ​ណា​វីរុស​ចំនួន ៦៦១​ករណី ហើយ​ក្នុងនោះ​ចំនួន​នោះ ក្រុង​Wenzhou មាន​២៦៥​ករណី​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ អាជ្ញាធរ​ចិន បានចេញ​វិធាន​ការបិទ​ក្រុង Wenzhou ខេត្ត Zhejiang ដែលមាន​ចម្ងាយ​ប្រមាណ ៨០០​គីឡូម៉ែត្រ​ពី​ក្រុង​វូ​ហាន ដើម្បី​ការពារ​ផលប៉ះពាល់​សេដ្ឋកិច្ច​របស់​ទីក្រុង និង​សុវត្ថិភាព​របស់​ប្រជាជន​ចិន​។ ពិតណាស់ ក្រុង Wenzhou គឺជា​តំបន់​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​របស់​ប្រទេស​ចិន និង​ត្រូវបាន​គេ​ចាត់ទុកថា ជា​បេះដូង​នៃ​ឧស្សាហកម្ម​របស់​ចិន​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ Channel News Asia​។​
 
​តាមរយៈ​បម្រាប​បិទ​ទីក្រុង​នេះ ក្នុង​មួយ​ផ្ទះ អាជ្ញាធរ​ចិន អនុញ្ញាត​ឲ្យ​តែ​មនុស្ស​ម្នាក់ ចេញទៅ​ក្រៅ​តែ​ម្នាក់​ប៉ុណ្ណោះ ក្នុង​រយៈពេល ២​ថ្ងៃ ដើម្បី​ទិញ​សម្ភារៈ ឬ​វត្ថុ​ចាំបាច់ ហើយ​មហាវិថី​ចំនួន ៤៦​ខ្សែ ត្រូវ​ផ្អាក​បណ្តោះអាសន្ន​សិន​។ កន្លងមក​អាជ្ញាធរ​ក្រុង ក៏បាន​បិទ​កន្លែង ដែលមាន​មនុស្ស​ជួបជុំគ្នា​ច្រើន​ផងដែរ ដូចជា​សារៈមន្ទី រោងកុន ជាដើម ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​កូ​រ៉ូ​ណាវី​រុស​។ 
 
​ជុំវិញ​បញ្ហា​នៃ​ការបិទ​ក្រុង ចិន​មិន​ត្រឹមតែ​បិទ​តែ​ក្រុង Wenzhou ខេត្ត Zhejiang ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចិន បាន​បិទ​ក្រុង​ជាច្រើន​ទៀត​ដូចជា Huanggang ដែល​បាន​ផ្អាក​ដំណើរ​រថភ្លើង​ក្រោម​ដី និង​ស្ថានីយ​រថភ្លើង​ផ្សេងៗ​។ ចំណែក​ក្រុង​ផ្សេងទៀត​ដូចជា ក្រុង Chibi, ក្រុង Enshi, ក្រុង Ezhou, ក្រុង Huangshi, ក្រុង Suizhou, ក្រុង Qianjjiang, ក្រុង Xianning, ក្រុង Xiantao, ក្រុង Yichang, និង ក្រុង Zhijiang  បានចេញ​បម្រាម​រឹតត្បិត​លើ​ប្រព័ន្ធ​ធ្វើដំណើរ​ជាដើម​។ 
 
​ចំណែក​នៅក្រៅ​ប្រទេស​ចិន​វិញ មាន​ប្រទេស​ជាច្រើន បាន​ផ្អាក​ការផ្តល់​ទិដ្ឋាការ​ដល់​ជនជាតិ​ចិន ដែល​រស់នៅ​ក្រុង​វូ​ហាន និង​តំបន់​ផ្សេងទៀត​។ ជាពិសេស ក្រុមហ៊ុន​យន្តហោះ របស់​ប្រទេស​មួយចំនួន បាន​ផ្អាក​ការហោះហើរ​ទៅមក​ប្រទេស​ចិន​ផងដែរ ដើម្បី​ការពារ​ការរីក​សាយ​នៃ​កូ​រ៉ូ​ណាវី​រុស​៕ 
 
 
 

Tag:
 ចិន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com