ជាតិ
ទីលាន​បដិសណ្ឋារកិច្ច​មុខ​អង្គរវត្ត​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០២០​នេះ​
03, Feb 2020 , 5:29 pm        
រូបភាព
​សៀមរាប​៖ ការដ្ឋាន​សាងសង់​ទីលាន​បដិសណ្ឋារកិច្ច​មុខ​ប្រាសាទអង្គរវត្ត កំពុងដំណើរការ​ដោយ​រលូន ហើយ​រំពឹងថា​នឹង​រួចរាល់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០២០​នេះ​។

 
​លោក សោម សុផារ៉ា​ត អនុប្រធាននាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្ដរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា មកដល់ពេលនេះ​ការដ្ឋាន​ទីលាន​បដិសណ្ឋារកិច្ច​មុខ​ប្រាសាទអង្គរវត្ត ឬ​ហៅថា (Parvis) សម្រេចបាន​ប្រមាណ​៥០​ភាគរយ​ហើយ​។ គោលបំណង​នៃ​ការរៀបចំ​ទីលាន​នេះ ដើម្បី​រៀបចំ​ចរាចរណ៍ ការលក់ដូរ ក៏ដូចជា​ប្រែក្លាយ​បរិស្ថាន​ឱ្យមាន​របៀបរៀបរយ​ល្អ​នៅមុខ​ប្រាសាទអង្គរវត្ត​ទាំងមូល​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុផារ៉ា​ត​។  


 
​លោក សោម សុផារ៉ា​ត ពន្យល់​បន្ថែមថា គម្រោង​នេះ​បាន​សិក្សា​តាំងពី​ឆ្នាំ​២០១៣​មក ដោយមាន​ការសិក្សា និង​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា អង្គការ​យូណេស្កូ រួម​និង​អ្នកជំនាញ​នៃ​គណៈកម្មាធិការ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ​។ មកដល់​ខែ កញ្ញា ឆ្នាំ​២០១៩ ប្លង់​មេ​នៃ​គម្រោង​នេះ​ត្រូវ​បានអនុម័ត ដោយ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ហ្គ្រី​ន​អង្គ​រខ​ល​ឈ័​រ ភី​-​អិ​ល​-​ស៊ី របស់​កូរ៉េ​ជា​អ្នក​ស្ថាបនា ហើយ​រំពឹងថា​នឹង​រួចរាល់​នៅ​ចុងឆ្នាំ​២០២០​។​
 
​តាម​គម្រោង​នៃ​ការរៀបចំ​ទីលាន​នេះ គឺមាន​សំណង់​អាគារ​សរុប​ចំនួន​២៥ ដែលមាន​ទាំង​ស្ដង់​លក់​ម្ហូបអាហារ​របស់​អ្នកភូមិ អាគារ​ផ្តល់ព័ត៌មាន អាគារ​តាំង​បង្ហាញ​វត្ថុ​សិល្បៈ​វប្បធម៌ អាគារ​សង្គ្រោះបន្ទាន់​សម្រាប់​ភ្ញៀវទេសចរ អាគារ​លក់​ផលិតផល​ខ្មែរ​។​ល​។ ដែល​អាគារ​ទាំងអស់​សង់​ឡើង​ប្រកបដោយ​សុវត្ថិភាព និង​ស្ដង់ដា​ខ្ពស់​។ ក្រោយ​ការរៀប​ចំនេ​ហះ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​រៀបចំ​ដាំ​ស្មៅ​និង​ដើមឈើ​បន្ថែមទៀត ក្នុង​គោលដៅ​ឱ្យ​បរិវេណ​ទាំងអស់​មាន​ភាព​បៃតង​៕
 
 



















Tag:
 ទីលាន​បដិសណ្ឋារកិច្ច​
  អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com