ជាតិ
សង្គមជាតិ
ចិន​៣​នាក់​ដែល​ចេញពី​កម្ពុជា​ត្រូវ​រកឃើញថា «​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​», អ្នកនាំពាក្យ​ថា​ទំនងជា​ឆ្លង​នៅ​ចិន​
03, Feb 2020 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ជនជាតិ​ចិន​៣​នាក់ ដែល​បានមក​កម្ពុជា ត្រូវបាន​អាជ្ញាធរ​ចិន​រកឃើញថា មាន​ផ្ទុក​រោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បញ្ជាក់ថា ព័ត៌មាន​នេះ គឺ​ពិតជា​ដូច្នេះ​មែន តែ​លោក សន្និដ្ឋានថា ពួកគេ ទំនងជា​ឆ្លង​មេរោគ​កូ​រ៉ូ​ណា ពេលទៅដល់​ចិន​វិញ ពោលគឺ មិនមែន​ឆ្លង​នៅ​កម្ពុជា​ទេ​។

 

 
​លោក លី សូ​វ៉ាន់ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០ ថា​៖«​អំឡុងពេល​គាត់​នៅ​ហ្នឹង អត់​ទាន់​មាន​ចេញ​រោគ​ស​ញ្ញ​អី​ទេ ដូច្នេះ​មានន័យថា គាត់​អត់​មាន​ឆ្លង​រោគសញ្ញា​អី​ទេ​។ ប្រហែលជា​គាត់​ទៅវិញ ឆ្លង​នៅ​ប្រទេស​របស់គាត់​»​។​
 
​អ្នក​ទាំង​៣​នាក់​នោះ មាន​ប្រុស​ម្នាក់​អាយុ​៦២​ឆ្នាំ និង​ស្រី​២​នាក់ ដោយ​ម្នាក់​អាយុ​៦២​ឆ្នាំ និង​ម្នាក់ទៀត អាយុ​៥៨​ឆ្នាំ​។ ពួកគាត់ ស្ថិតក្នុង​ចំណោម​ជនជាតិ​ចិន​ជិត​៨០​នាក់ ដែល​បាន​ជិះ​យន្តហោះ​ជាមួយ​បុរស​ចិន​ម្នាក់​ឈ្មោះ ចា ជិន​ហួ ដែល​ផ្ទុកមេរោគ​កូ​រ៉ូ​ណា ចេញពី​ទីក្រុង​វូ​ហាន មកកាន់​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៣ ខែ មករា ឆ្នាំ​២០២០ ដែលជា​ជើងហោះហើរ​ចុងក្រោយបង្អស់ មុននឹង​រដ្ឋាភិបាល​ចិន បិទ​គ្រប់​ច្រក​មិន​ឲ្យ​ប្រជាជន ចេញពី​ទីក្រុង​វូ​ហាន​។ ទីក្រុង​វូ​ហាន គឺជា​កន្លែង​ផ្ទុះ​មេរោគ​ដ៏​គួរ​ឲ្យ​ខ្លា​ចនេះ​៕
 
​លោក លី សូ​វ៉ាន់ អះអាងថា អ្នក​ទាំង​៣​នាក់ ប្រហែលជា​មិនបាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ពី​បុរស​ជនជាតិ​ចិន​គ្នាឯង​ឈ្មោះ ចា ជិន​ហួ នោះទេ​។ លោក លើក​ហេតុផល​បែបនេះ​ថា​៖«​គ្រួសារ​របស់គាត់​៣​នាក់ ដែល​អង្គុយ​កៀក​ជាមួយ​គាត់ ហូបបាយ​ជាមួយ​គាត់ នៅ​ជិត​ដិ​ន​ជាមួយ​កាត់ មិន​ឆ្លង​ផង​ហ្នឹង​...»​។​
 
​លោក ក៏បាន​បដិសេធ​ដែរ​ថា អ្នក​ទាំង​៣​នាក់ ដែល​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី មិនមែនជា​គ្រូ​សារ​របស់​បុរស​ឈ្មោះ ចា ជិន​ហួ នោះទេ​។ លោក បំភ្លឺថា បច្ចុប្បន្ន គ្រូ​សារ​របស់​បុរស​ឈ្មោះ ចា ជិន​ហួ កំពុង​បន្ត​ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ នៅ​ខេត្ត​ព្រះសីហនុ ដោយមាន​ការពិនិត្យ​សុខភាព​យ៉ាង​យកចិត្តទុកដាក់ ពី​សំណាក់​ក្រុមគ្រូពេទ្យ ទោះ​ពួកគេ មិនមាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ក៏ដោយ​។ 
 
​អ្នកនាំពាក្យ អះអាង​ជាថ្មី​ថា ចំពោះ​លោក ចា ជិន​ហួ អាយុ​៦០ ដែល​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី មាន​សុខភាព​ល្អប្រសើរ តែ​គាត់ នៅតែ​ដាក់​ឲ្យ​ស្ថិតក្នុង​បន្ទប់​ព្យាបាល​ដាច់ដោយឡែក​ពី​គេ​ដដែល និង​មិនទាន់​អាច​ឲ្យ​ចេញ​ទៅណា​បានឡើយ​។​
 
​អ្នកនាំពាក្យ ទទួលបាន​ព័ត៌មាន​ថា ក្នុងចំណោម​ជនជាតិ​ចិន​ជិត​៨០​នាក់ ដែល​ជិះ​យន្តហោះ​ជើង​ចុងក្រោយ ពី​ទីក្រុង​វូ​ហាន មក​ខេត្ត​ព្រះសីហនុ មាន​ចំនួន បាន​ត្រឡប់​ទៅ​ចិន​វិញ​ហើយ តាំង​ពីមុន​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០​មកម្ល៉េះ ដោយ​ក្នុងនោះ ក៏មាន​អ្នក​ទាំង​៣​នាក់ ដែល​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ដែរ​។ លោក មានប្រសាសន៍ថា​៖«​ជិត​៣០​នាក់​ហើយ ត្រឡប់​ទៅវិញ​នោះ បែប​ទៅ​អស់​ទៀតហើយ​មិន​ស្រួល​នោះ​...»​។​
 
​គិត​មកដល់​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០ អ្នកស្លាប់​ដោយសារ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី បាន​កើន​ឡើងដល់​ជាង​៣៦០​នាក់​ហើយ ខណៈ​អ្នក​ផ្ទុកមេរោគ​នេះ បាន​កើន​ឡើងដល់​ជាង​១,៧​ម៉ឺន​នាក់ នៅក្នុង​ប្រទេស​ចិន​។ តួលេខ​អ្នកស្លាប់​ទាំងអស់ គឺ​នៅ​ប្រទេស​ចិន ដោយនៅ​ហ្វីលីពីន មានតែ​១​ករណី​ប៉ុណ្ណោះ ក្រៅពីនេះ មិនមាន​ករណី​ស្លាប់ នៅ​ប្រទេស​ណា​ឡើយ​។ 
 
​ប្រទេស​ដែល​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី បាន​រាលដាល់​ទៅដល់ មានដូចជា ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី កម្ពុជា ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា បារាំង និង ណេ​ប៉ាល់ ជាដើម​។ មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី អាច​បង្ក​ទៅជា​ជំងឺ​រលាក​សួត ហើយ​មកដល់ពេលនេះ គេ មិនទាន់​រកឃើញ​វ៉ាក់សាំង​ការពារ​នោះទេ​៕
 

Tag:
 ​កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com