អន្តរជាតិ
កូរ៉ូណាវីរុស៖ ចិនថា អាមេរិកកំពុងធ្វើឲ្យសាយភាយការស្លន់ស្លោរ
× ទីក្រុងប៉េកាំង នៅថ្ងៃទី៣ ខែកុម្ភៈ បានចោទក្រុងវ៉ាស៊ីនតោនថា កំពុងសាបព្រោះការភ័យខ្លាចតាមរយៈការចេញវិធានការទប់ស្កាត់ការរាលដាលកូរ៉ូណាវីរុស។ វិធានការដែលអាមេរិកកំពុងអនុវត្តមានរួមបញ្ចូលបម្រាមហាមឃាត់ជនជាតិចិនធ្វើដំណើរទៅអាមេរិកដើម្បីទប់ស្កាត់ការរាលដាលវីរុសប្រភេទថ្មីដែលមានករណីឆ្លងនៅអាមេរិកចំនួន១១ហើយ។ ប៉េកាំង ទំនងជាមិនពេញចិត្តនឹងវិធានការបែបនេះរបស់វ៉ាស៊ីនតោន។
ការចាត់វិធានការតឹងរ៉ឹងរបស់អាមេរិកដើម្បីទប់ស្កាត់ការសាយភាយកូរ៉ូណាវីរុសប្រភេទថ្មី បានរងប្រតិកម្មខ្លាំងពីទីក្រុងប៉េកាំងរហូតមានការលើកឡើងថា អាមេរិកមិនបានជួយផ្ដល់ច្រកចេញអ្វីឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying បានចោទអាមេរិកក្នុងសន្និសីទថ្ងៃទី៣ ខែកុម្ភៈ ថា កំពុងបង្កការភ័យខ្លាច។
«អាមេរិកមិនបានផ្ដល់ជំនួយជាដុំកំភួនណាឡើយ ហើយមានតែបង្កើតការស្លន់ស្លោរទៅវិញ។» នេះជាការលើកឡើងរបស់អ្នកស្រី Hua នៅចំពោះអ្នកសារព័ត៌មានជាច្រើនក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។ បើតាមអ្នកនាំពាក្យរូបនេះ អ្វីដែលចិនត្រូវការបន្ទាន់រួមមានម៉ាស់វេជ្ជសាស្ត្រ សម្លៀកបំពាក់ការពារ និងវ៉ែនតាសុវត្ថិភាព។ តម្រូវការប្រើប្រាស់គ្រឿងបរិក្ខារទាំងនេះ បានកើនឡើងយ៉ាងខ្លាំងអំឡុងពេលផ្ទុះវីរុសនៅវូហាន។
គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ករណីឆ្លងកូរ៉ូណាវីរុសនៅអាមេរិកមាន១១ករណី តែមិនមានករណីបាត់បង់ជីវិតនៅឡើយ។ ជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោន បានចេញវិធានការជាច្រើនដើម្បីទប់ស្កាត់កំណើនករណីឆ្លងលើទឹកដីខ្លួនដូចជាការប្រកាសអាសន្នសុខភាពសាធារណៈ និងការហាមប្រាមបណ្ដោះអាសន្នរាល់ជនជាតិណាដែលធ្វើដំណើរពីចិនទៅអាមេរិកជាដើម។ សម្រាប់ជនជាតិអាមេរិកដែលទើបធ្វើដំណើរមកពីចិន នឹងត្រូវទុកនៅដោយឡែក១៤ថ្ងៃសិន។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាត់ទុកវិធានការទាំងនេះ ជាការសម្រេចចិត្តម៉ឺងម៉ាត់ដើម្បីរារាំងងការរាតត្បាត។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Fox News នៅថ្ងៃទី២ ខែកុម្ភៈ លោក ត្រាំ និយាយថា អាមេរិកមិនអាចអនុញ្ញាតឲ្យមនុស្សរាប់ពាន់នាក់ដែលអាចមានផ្ទុកកូរ៉ូណាវីរុសចូលទឹកដីខ្លួនបានឡើយ។ លោកបន្តថា អាមេរិកក៏ស្នើផ្ដល់ជំនួយសន្ធឹកសន្ធាប់ដល់ចិនផងដែរ។
យ៉ាងណាមិញ ពាក់ព័ន្ធរឿងជំនួយនេះ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ អះអាងថា ចិនមិនទាន់ទទួលយកសំណើរបស់អាមេរិកនៅឡើយទេ តែក៏បានសរសើរចិនរឿងដោះស្រាយការរាលដាលវីរុសថ្មីនេះ។ លោក Robert O’Brien ប្រាប់ទូរទស្សន៍ CBS ក្នុងកិច្ចសម្ភាសដោយឡែកថា មកទល់បច្ចុប្បន្ន ចិនមានតម្លាភាពក្នុងការដោះស្រាយបើប្រៀបធៀបនឹងបញ្ហាមុនៗ ហើយអាមេរិក កំពុងរង់ចាំចម្លើយពីចិនលើសំណើរបស់ខ្លួន៕
Tag:
អាមេរិក
ចិន
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com