ONE Championship
កីឡាជាតិ
ជាតិ
ចាន់ សំអាត បញ្ចេញ​ទស្សនៈ​មុនពេល​ពេល ខុន ស៊ី​ចាន់ ប៉ះ Eko Roni Saputra
03, Feb 2020 , 11:19 pm        
រូបភាព
ដោយ៖ ស៊ី​ធី​

ខុន ស៊ី​ចាន់ មកពី​ក្លិប Phnom Penh MMA ត្រូវ​តទល់​ជាមួយ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី Eko Roni Saputra នៅ​ថ្ងៃ​៧ ខែកុម្ភៈ ក្នុង​កម្មវិធី ONE: WARRIOR’S CODE នៅ​ក្រុង ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូណេស៊ី​។ មុន​កម្មវិធី​ចាប់ផ្ដើម​សិស្ស​ប្អូន ចាន់ សំអាត មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដូចគ្នា បាន​សម្ដែង​មតិ​អំពី​ការប្រកួត​ដំបូង​របស់​កីឡាករ​កម្ពុជា​នៅ​សង្វៀន ONE Championship ឆ្នាំ ២០២០​នេះ​។​

 
​ចាន់ សំអាត ដែលជា​ម្ចាស់​ខ្សែក្រវាត់​គុន​ចម្រុះ​ម្នា​ក់នៅ​កម្ពុជា​បាន​បញ្ចេញ​ទស្សនៈ​ថា​៖« តាមមើល ខ្ញុំ​គិតថា​មិនសូវ​អី​ប៉ុន្មាន​ទេ ប៉ុន្តែ ខ្ញុំ​ខ្លាច បង​ចាន់ គាត់​ចាញ់​កម្លាំង Eko Roni Saputra បន្តិច ព្រោះ​គាត់​មាន​មាឌតូច​ជាង​។  បង​ចាន់​ពីមុន គាត់​ល្អ តែ​ឥឡូវ គាត់​មិនសូវ​ឡើង​រេញ​ខ្លាច​តែ​ធ្លាក់​កម្លាំង​មួយ​មុខ​គត់​។ ខ្ញុំ​សង្ឃឹមថា​គាត់​ហាត់​ត្រៀម​បានល្អ​លើក​នេះ​ព្រោះ​ខ្ញុំ​ឃើញ​គាត់​ខំ​ឡើងមក​ហាត់​ត្រៀម​ខ្លាំង​នៅ​ភ្នំពេញ​»​។ 
 
​ស៊ី​ចាន់ ជា​កីឡាករ​មានបទពិសោធន៍​ក្នុងការ​ប្រកួត​គុន​ចម្រុះ​ម្នា​ក់នៅ​កម្ពុជា និង ជា​ម្ចាស់​ខ្សែក្រវាត់ Khmer Warrior Challenge  វគ្គ​ទី​១​កាល​ឆ្នាំ ២០១៣​។ យ៉ាងណាក្ដី កីឡាករ​ទម្ងន់ Flyweight រូបនេះ ធ្វើ​មិនសូវ​ល្អ​សោះ​នៅ​សង្វៀន​អន្តរជាតិ ONE ពោល​ឈ្នះ​តែម្ដង​គត់ និង បរាជ័យ ៤ លើក​ក្នុង​ការប្រកួត ៥ លើកចុងក្រោយ​។ ជ័យជម្នះ​ម្ដងនោះ គឺ ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ កីឡាករ​ឥណ្ឌូណេស៊ី Riski Umar កាល​ខែ មីនា ឆ្នាំ ២០១៨ ។​


 
​ចាន់ សំអាត គូសបញ្ជាក់​ទៀតថា ៖«​បើ​បច្ចេកទេស​មិន​លើស​គ្នា​ទេ​តាម​ខ្ញុំ​គិត​។ បើសិនជា​ឈរ​វ៉ៃ ខុន ស៊ី​ចាន់ គាត់​លឿន​ដែរ​មិន​បញ្ហា​ទេ ប៉ុន្តែ ការចូល​ឃ្លេ​ចំបាប់​របស់ Eko ទើប​ខ្ញុំ​បារម្ភ​។ យ៉ាងណា​យើង​មិនអាច​សន្និដ្ឋានបាន ១០០% នោះទេ​ព្រោះ​ម្នាក់ៗ​សុទ្ធតែ​ត្រៀមខ្លួន​រួចរាល់​ហើយ​»​។​
 
​សំអាត សង្កត់ធ្ងន់​បែបនេះ ៖«​បើ​ប្រើ​ក្បាច់​ឈរ យើង​សង្ឃឹម​ច្រើន ប៉ុន្តែ​យើង​ត្រូវ​ចាំមើល​ទាំងអស់គ្នា​សិន​។ មួយទៀត បើ​ថយ​វ៉ៃៗ និង​ការពារ​គេច​ពី​ការចាប់​ផ្ដួល គឺ យើង​សង្ឃឹម​ច្រើន​ថា​នឹង​បាន​លទ្ធផល​ល្អ​»​។​
 
​ក្នុង​ពីរ​ប្រកួត​ចុងក្រោយ​នៅ ONE ខុន ស៊ី​ចាន់ ចាញ់​សន្លប់​ដោយសារ​ក្បាច់​ឃ្លេ​របស់​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian កាល​ខែកុម្ភៈ ឆ្នាំ ២០១៩ និង​ចាញ់​កីឡាករ​ជំនាញ​ចំបាប់​មកពី​ឥណ្ឌា Roshan Mainam កាល​ខែវិច្ឆិកា ឆ្នាំ ២០១៩​។ ស៊ី​ចាន់ បាន​និយាយ​កន្លងមក​ថា ៖«​យើង​មិនអាច​ដោះសារ​បានទេ គឺ​ខ្ញុំ​ចាញ់​ឃ្លេ​គេ​។ គេ​លឿន​ពេក តែ​ខ្ញុំ​ត្រូវ​កែប្រែ​វា​ឲ្យ​ល្អ​ជាង​មុន​»​។ 
 
​ស៊ី​ចាន់ ចាញ់​សន្លប់​ក្រោម​ក្បាច់​ឃ្លេ​របស់ Rudy Agustian និង Roshan Mainam ត្រឹម​ទឹក​ទី​១ ដូចគ្នា​។ នេះ​ជា​លទ្ធផល​មិនល្អ​មើល​សោះ​ព្រោះ​ប្រកួត​មិនបាន ១ ទឹក​ស្រួលបួល​ផង​។​



​គួរ​ដឹងថា Eko Roni ជា​កីឡាករ​ជំនាញ​ចំបាប់​ជម្រើសជាតិ​ឥណ្ឌូណេស៊ី​និង​ធ្លាប់​ឈ្នះ​មេដាយប្រាក់​ក្នុង​វិញ្ញាសា​ចំបាប់​ឆ្នាំ ២០១៣ នៅ​ស៊ី​ហ្គេម ជូន​ឥណ្ឌូណេស៊ី​ទៀតផង​។ លើសពីនោះ Eko Roni Saputra ជា​ម្ចាស់​ជើងឯក​ចំបាប់ Indonesian National Wrestling Champion ច្រើន​សម័យកាល​ទៀតផង​។  បើសិន ខុន ស៊ី​ចាន់ ហ៊ាន​តែ​ប្រហែស​បន្តិច នោះ​កីឡាករ​កម្ពុជា​ច្បាស់​ជា​យ៉ាប់​របស់ Eko Roni ជាក់​មិន​ខាន​ទោះ​កីឡាករ​ម្ចាស់ផ្ទះ​ទើប​មានបទពិសោធន៍​២​លើក​នៅ​សង្វៀន ONE ក្ដី​។ លទ្ធផល​ពីរលើក​រប​ស់​កូនសិស្ស​នៅ​ក្លិប Evolve MMA ដែល​ស្ថិតនៅ​សិង្ហ​បុរី គឺ ឈ្នះ​១ និង ចាញ់ ១​ដង​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: WARROR'S CODE ពី​ក្រុម នៅ​សុ​ក្រទី ៧  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​នៅ​ក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូណេស៊ី​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  

© រក្សាសិទ្ធិដោយ thmeythmey.com