ជាតិ
សង្គមជាតិ
ខេ​ម​បូ​ចា សាទរ​វិធាន​ការអប់រំ​អ្នក​ផ្សព្វផ្សាយ​ប្រាស់ចាក​វិជ្ជាជីវៈ ជាជាង​វិធានការ​ផ្លូវច្បាប់​ធ្ងន់ធ្ងរ​
03, Feb 2020 , 5:52 pm        
រូបភាព
លោក ម៉ៃទិត្យ ថារ៉ា  នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា)
លោក ម៉ៃទិត្យ ថារ៉ា នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា)
​ភ្នំពេញ​៖ សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​(​ខេ​ម​បូ​ចា​)  បាន​សាទរ​ប្រសាសន៍​សម្តេច ហ៊ុន សែន ក្នុង​ការចាត់​វិធាន​អប់រំ​ដល់​អ្នកសារព័ត៌មាន ឬ​ក្រុម​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងៗ  ដោយ​មិន​សំដៅ​ការ​ដាក់គុក​ច្រវាក់​។ ខេ​ម​បូ​ចា បាន​លើកឡើងថា ការអប់រំ​នេះ  គឺជា​វិធានការ​សមស្រប និង​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ធានា​និរន្ត​ភាព​នៃ​ការប្រើប្រាស់​សេរីភាព​របស់​អ្នកសារព័ត៌មាន និង​ការចូលរួម​របស់​ពល​រដ្ឋ​នៅក្នុង​កិច្ចការ​សង្គម​។

 
​ការ​សាទរ​បាន​ធ្វើឡើង​បន្ទាប់ពី​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ព្រួយបារម្ភ​យ៉ាងខ្លាំង​ដល់​អ្នកសារព័ត៌មាន​មួយចំនួន​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​(​ហ្វេ​ស​ប៊ុ​ក​) ផ្សព្វផ្សាយ​ព័ត៌មាន ដោយ​មិន​ប្រកាន់ខ្ជាប់​វិជ្ជាជីវៈ និង​ក្រមសីលធម៌​របស់ខ្លួន ដែល​ជំ​រុញឱ្យ​រដ្ឋាភិបាល​ដាក់ទោស​ទណ្ឌ ឬ​រង​ការគាបសង្កត់ ដោយសារតែ​ការរាយការណ៍​របស់​ពួកគេ​។ ប៉ុន្តែ​ក្តីបារម្ភ​នេះ​បាន​រំសាយ​ទៅវិញ ដោយសារតែ​រដ្ឋាភិបាល បានជ្រើសរើស​យក​វិធានការ​អប់រំ ជាជាង​វិធានការ​ផ្លូវច្បាប់​ធ្ងន់ធ្ងរ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា នៅ​ថ្ងៃទី​៣​កុម្ភៈ​។ 
 
​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​ស្រង់​សម្តី​របស់​សម្តេច ហ៊ុន កាលពី​ថ្ងៃទី​៣០​មករា ឆ្នាំ​២០២០ ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីស្តីការ​គណៈ​មន្ត្រី​ដូច្នេះ​៖ «​យើង​យក​វិធានការ​អប់រំ ជាការ​ប្រសើរ​ជាង​វិធានការ​ផ្លូវច្បាប់​ធ្ងន់ធ្ងរ​... អ្វីដែល​ខ្ញុំ​ថា​ចាត់វិធានការ គឺ​មិន​សំដៅលើ​គុក​ច្រវាក់​ទេ​...»​។ បើតាម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ អ្នកសារព័ត៌មាន​ដើរតួនាទី​សំខាន់​ក្នុង​ឃ្លាំង​មើល ផ្សព្វផ្សាយ​ពី​ចំណុច​ខ្វះខាត​ក្នុងសង្គម ដើម្បី​ជំរុញឱ្យមាន​វឌ្ឍនភាព​សង្គម​ប្រកបដោយ​ចីរភាព សមភាព និង​យុ​តិ្ត​ធម៌​សង្គម​។  ការផ្សព្វផ្សាយ​ភាពខ្វះ​ចន្លោះ  ការអនុវត្ត​ឆកល្វែង រួមទាំង​កង្វះខាត​នៃ​ការប្រតិបត្តិ​ក្រមសីលធម៌​វិ​ជា្ជ​ជីវៈ មិនគួរ​ត្រូវ​ចាត់ទុកថា​បទល្មើស ដែល​ទាមទារ​ឱ​មាន​ទណ្ឌកម្ម កា​ព្រមាន ឬ​វិធានការ​ផ្លូវច្បាប់​ទៅលើ​អ្នកសារព័ត៌មាន​ឡើយ​។​
 
​លោក ម៉ៃ ទិ​ត្យ​ថា​រ៉ា នាយក​ប្រតិបត្តិ​ខេ​ម​បូ​ចា បាន​និយាយ​ដូច្នេះ​ថា​៖ «​ពួកគេ​ត្រូវការ ការអប់រំ​ទាក់ទង​នឹង​វិជ្ជាជីវៈ និង​ក្រមសីលធម៌​របស់​អ្នកសារព័ត៌មាន មិនមែន​វិធានការ​ជា​ផ្លូវច្បាប់​លើ​ពួកគេ​នោះទេ​។ ជាថ្មី​ម្តងទៀត យើង​ក៏​ជំ​រុញឱ្យ​រដ្ឋាភិបាល​បើក​ទូលាយ​ឡើងវិញ នូវ​សេរីភាព​ពេញលេញ​ដល់​អ្នកសារព័ត៌មាន កុំ​មានការ​គាបសង្កត់​លើ​សេរីភាព​សារព័ត៌មាន និង​ទទួលយក​មតិ​ចម្រុះ​ពី​គ្រប់ភាគី​»​។ 
 
​ទន្ទឹមនឹង​គ្នា​នេះ លោក ក៏​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ ការរាយការណ៍​ព័ត៌មាន​ពិត ឥត​លំអៀង ព័ត៌មាន​ដែលមាន​ប្រភព​ត្រឹមត្រូវ និង​គ្រប់​ជ្រុង​ជ្រាយ និង​ពង្រឹង​ឱ​កាន់តែ​ប្រសើរឡើង​នូវ​ការគោរព​ដល់​សិ​ទិ្ធ​របស់​អ្នកដទៃ​។ ជាពិសេស​សិទ្ធ​ឯកជន​ភាព សិទ្ធិ​កុមារ ជនពិការ និង​សិទ្ធិ​ស្ត្រី ជាដើម​៕
 

Tag:
 ខេ​ម​បូ​ចា​
  អ្នកកាសែត​
  សារព័ត៌មាន​
© រក្សាសិទ្ធិដោយ thmeythmey.com