ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ចិន​ដាំ​អំពៅ​ដែលមាន​ជម្លោះ​ដី​ជាមួយ​ជនជាតិដើម​ភាគតិច​បិទ​ដំណើរការ​
04, Feb 2020 , 1:39 pm        
រូបភាព
ផ្លូវចូលរោងចក្រផលិតស្ករអំពៅ Rui Feng ត្រូវបានបិទទាំងស្រុងក្នុងស្រុកឆែប ខេត្តព្រះវិហារ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)
ផ្លូវចូលរោងចក្រផលិតស្ករអំពៅ Rui Feng ត្រូវបានបិទទាំងស្រុងក្នុងស្រុកឆែប ខេត្តព្រះវិហារ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)
ដោយ: VOA
​ឃុំ​ម្លូព្រៃ​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ ៖ ដំណាំ​អំពៅ​នៅទីនេះ ត្រូវបាន​បោះបង់ចោល​ទាំងស្រុង ហើយ​រោងចក្រ​ផលិត​ស្ករ​ក៏បាន​បិទ​ដំណើរការ​ទាំងស្រុង​ដែរ​។ ពេលធ្វើ​ដំណើរ​ទៅដល់​ក្រុមហ៊ុន​នៅក្នុង​ឃុំ​ម្លូរ​ព្រៃ​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ អ្នករាយការណ៍​ព័ត៌មាន​របស់ VOA បាន​សង្កេតឃើញថា មិនមាន​កម្មករ​ធ្វើការ​នៅ​ក្រុមហ៊ុន កន្លែង​ផលិត​ស្ករអំពៅ និង​តាម​ការដ្ឋាន​ដាំ​អំពៅ​នោះទេ​។​

 
​ក្រុមហ៊ុន​ចិន ឈ្មោះ​Rui Feng ដែលជា​បណ្តាញ​នៃ​ក្រុមហ៊ុន​ចំនួន​៤​ផ្សេងទៀត នៅក្នុង​ខេត្តព្រះវិហារ​បាន​បិទ​ដំណើរការ​របស់ខ្លួន​នៅពេលនេះ​។ មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ អះអាងថា ការបិទ​ដំណើរការ​នេះ​គឺ​ដោយសារ​បញ្ហា​ថវិកា​និង​បញ្ហា​ផ្ទៃក្នុង​។ ក្រុមហ៊ុន​ចិន​មួយ​នេះ មាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​នៅក្នុង​ស្រុក​ចំនួន​៣​នៅ​ខេត្តព្រះវិហារ ក្រោយ​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ជាង​៤​ម៉ឺន​ហិកតា​ពី​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ឆ្នាំ​២០១១ ក្រោម​ក្រុមហ៊ុន​ធំ​មួយ​ឈ្មោះថា Hengfu Group Sugar Industry​។​
 
​លោក មាស សា​វី អាយុ​៣៣​ឆ្នាំ ជា​អ្នកបកប្រែ​ឲ្យ​ជនជាតិ​ចិន​នៅ​ក្រុមហ៊ុន​នោះ បាន​ថ្លែងប្រាប់​VOA​កាលពី​ចុង​សប្តាហ៍​ថា លោក​ត្រូវបាន​ឲ្យ​ឈប់​ពី​ក្រុមហ៊ុន​កាលពី​ខែមីនា ឆ្នាំ​២០១៩ ខណៈ​បុគ្គលិក​ក្រុមហ៊ុន និង​កម្មករ​តាម​ការដ្ឋាន​អំពៅ​ក៏ត្រូវ​បាន​ឲ្យ​ឈប់​ជា​បន្តបន្ទាប់​ផងដែរ​។​


ផ្លាកសញ្ញារបស់ក្រុមហ៊ុនRui Feng នៅតាមបណ្តោយផ្លូវជាតិក្នុងស្រុកឆែប ខេត្តព្រះវិហារ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)
 
​លោក សា​វី ដែល​បកប្រែ​នៅ​ទីនោះ​ប្រមាណ​៥​ឆ្នាំ​និង​រកចំណូលបាន​ប្រមាណ​៧០០​ដុល្លារ​ក្នុង​មួយខែ​អះអាងថា ហេតុផល​នៃ​ការបិទ​ក្រុមហ៊ុន​នោះ មិនត្រូវ​បានបញ្ជាក់​ឲ្យ​បាន​ច្បាស់​នោះទេ តែ​លោ​កថា​មានការ​បន្ថែម​ភាគហ៊ុន​និង​ម្ចាស់​ថ្មី​។​
 
​លោក​បាន​ថ្លែងប្រាប់​VOA​នៅ​ជិត​ផ្លូវ​ចូលទៅ​ក្រុមហ៊ុន​ក្នុង​ឃុំ​ម្លូរ​ព្រៃ​ពីរ ស្រុក​ឆែប​ថា​៖ «​ខ្ញុំ​អត់​ច្បាស់​ទេ តែ​គេ​ថា​គេ​អត់​លក់​ទេ​រោងចក្រ​ហ្នឹង គេ​ផ្អាក​សិន​។ ដូច​ថា​គេ​បន្ថែម​ភាគហ៊ុន​។ មានន័យថា​កាល​មុន​មាន​៥​ភាគហ៊ុន ឥឡូវ ឡើង​៦​ភាគហ៊ុន​។ អាហ្នឹង​កាលពី​ពួក​ខ្ញុំ​ទៅ​ចូលប្រជុំ កាល​ប្រជុំ​ផ្តាច់​កិច្ចសន្យាការងារ អតីតភាព​ការងារ​»​។​
 
​អ្នកស្រី លឹម សុ​ឃីម អាយុ​៥០​ឆ្នាំ​ជា​អ្នកលក់​ចាប់ហួយ​នៅ​ផ្លូវ​ចូល​ក្រុមហ៊ុន​។ អ្នកស្រី បាន​ថ្លែងថា ចំណូល​លក់​ឥ​វ៉ាន់​របស់​អ្នកស្រី បាន​ធ្លាក់ចុះ​ពី​២​ទៅ​៣​លាន​រៀល​ក្នុង​មួយថ្ងៃ មកដល់​ក្រោម​១០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ដោយសារ​លែងមាន​កម្មករ​ធ្វើការ​នៅ​ទីនោះ​។ អ្នកស្រី​បន្តថា សកម្មភាព​ដាំ​អំពៅ​និង​ដឹក​ស្ករស​ចេញ​ក៏​លែងមាន​ដែរ​។​
 
​អ្នកស្រី​បានបញ្ជាក់​ប្រាប់​VOA​នៅ​តូប​លក់ដូរ​របស់​អ្នកស្រី​ថា​៖ «​ភ្ញាក់ផ្អើល​ថា​នឹក​ឃើញថា រោងចក្រ​ធំ​យ៉ាងហ្នឹង ប្រហែលជា​គេ​មិន​ផ្អាក​ដំណើរការ​ទេ​។ ដល់ពេល​មក​ផ្អាក​អញ្ចឹង ដូច​ខ្ញុំ វា​ពិបាក​ដែរ ក្នុង​ជីវភាព​យើង​រស់នៅ​»​។​
 
​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទី​នោះបាន​អះអាងថា​ក្រុមហ៊ុន​មួយ​នេះ បាន​បិទទ្វារ​ទាំងស្រុង​ហើយ​រហូតមក​ដល់ពេលនេះ​។ ពួកគេ​ថា​កម្មករ​ត្រូវបាន​ឲ្យ​ឈប់​កាលពី​ឆ្នាំមុន​ជា​បន្តបន្ទាប់​។ ពួកគេ​បន្តទៀតថា កាលពី​ឆ្នាំមុន ក្រុមហ៊ុន​បាន​ដាំ​ស្រូវ ជំនួស​ដើម​អំពៅ ដែល​នាំ​ជា​ចម្ងល់​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ដែលមាន​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​។​
 
​ចំណែក​នៅក្នុង​ឃុំ​សង្កែ​ពីរ ស្រុក​ឆែប ដែល​ប្រជាពលរដ្ឋ​ក៏មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដែរ ពួកគេ​បាន​អះអាងថា ក្រុមហ៊ុន​បាន​បិទទ្វារ តែ​ពួកគេ​មិនដឹង​មូលហេតុ​នោះទេ​។​
 
​លោក ផាវ យ៉​ន ជនជាតិដើម​ភាគតិច​គួ​យ ដែល​រស់នៅ​ក្នុងភូមិ​សំបូរ ឃុំ​សង្កែ​ពីរ ស្រុក​ឆែប បាន​ថ្លែងប្រាប់​VOA​នៅផ្ទះ​របស់លោក​ថា លោក​បាន​បាត់បង់​ដី​គ្រប់គ្រង​តាមបែប​ជនជាតិដើម​ភាគតិច​ចំនួន​៦​ហិកតា តាំងពី​ឆ្នាំ​២០១២ នៅពេលដែល​ក្រុមហ៊ុន​បានចាប់ផ្តើម​ទទួល​ដី​សម្បទាន​។ លោក​មានប្រសាសន៍ថា ប្រសិនបើ​ក្រុមហ៊ុន​មិនមាន​សកម្មភាព​តទៅទៀត គួរ​មានការ​ប្រគល់​ដី​ទៅ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់មាន​ជម្លោះ​វិញ​។​


លោក ផាវ យ៉ន ជនជាតិដើមភាគតិចគួយ ដែលរស់នៅក្នុងភូមិសំបូរ ឃុំត្រពាំងសង្កែ ស្រុកឆែប បាត់បង់ដីប្រមាណ៦ហិកតាទៅក្រុមហ៊ុនRui Fengថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)
 
​លោក​មានប្រសាសន៍ថា​៖«​ចម្ការ​អំពៅ​ហ្នឹង​ភ្លើង​ឆេះ​អស់ហើយ គ្មាន​សល់​ទេ​។ បានតែ​ដាំ ប្រមូល​តែ​ស្រូវ​។ ព្រោះ​ពីមុន វា​ដាំ​ស្រូវ តែ​ក្រោយ​មកវា​ដាំ​អំពៅ​។ ដល់ពេល​ជែក​ជាមួយ​ក្រុមហ៊ុន ថា​មិនមែន​វា​ដាំ​ស្រូវ​ទេ ការពិត​ដោយសារ​វា​អស់​ពូជអំពៅ​»​។​
 
​លោក​បន្តថា លោក​មិនមាន​ក្រុមគ្រួសារ​ដែល​ធ្វើការ​ស៊ីឈ្នួល​ឲ្យ​ក្រុមហ៊ុន​នោះទេ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ខ្ញុំ​មើលទៅ​កូនចៅ​ខ្ញុំ ខ្ញុំ​មិន​ឲ្យ​ទៅ​ស៊ីឈ្នួល​ទេ ព្រោះ​មើលទៅ ចិន​វា​ធ្វើ​លើដី​ប្រជាពលរដ្ឋ​យើង បើ​យើង​ទៅ​ស៊ីឈ្នួល បានន័យថា​យើង​ទៅ​គាំទ្រ​វា​ដែរ​»​។​
 
​មេឃុំ​សង្កែ​ពីរ លោក ខៀវ យែ​ន មានប្រសាសន៍​នៅ​សាលាឃុំ​ថា លោក​បានដឹងថា ក្រុមហ៊ុន​បិទ​ដំណើរការ ប៉ុន្តែ​លោក​មិនដឹង​មូលហេតុ​ច្បាស់លាស់​នោះទេ​។ លោក​បន្តថា កន្លងទៅ ប្រជាពលរដ្ឋនៅក្នុង​ឃុំ​របស់លោក​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ហើយ​មកដល់ពេលនេះ​មិនមាន​ដំណោះស្រាយ​នៅឡើយ​ទេ​។ លោក​ថា​វា​ជា​រឿង​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​របស់លោក ប្រសិនបើ​មានការ​ប្រគល់​ដី​ទៅ​ឲ្យ​ពួកគេ​វិញ​។​
 
​មេឃុំ​រូបនោះ​មានប្រសាសន៍ថា​៖ «​អាស្រ័យ​នឹង​ថ្នាក់លើ​។ ប្រសិនបើ​ថ្នាក់លើ​គេ​ថា​ធ្វើ​ម៉េចៗ ខ្ញុំ​ខាងក្រោម​នេះ នឹង​អាច​ធ្វើតាម​គាត់​ផងដែរ​។ ឬក៏​ប្រសិនជា​ពលរដ្ឋ​តវ៉ា​យ៉ាងណា ជា​សិទ្ធិ​របស់គាត់​តវ៉ា​»​។​
 
VOA​មិនអាច​សុំ​ការឆ្លើយតប​ពី​ក្រុមហ៊ុន​ចិន ឈ្មោះ​Rui Feng​បាន​នៅឡើយ​ទេ​។​
 
​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងថា បុគ្គលិក​ក្រុមហ៊ុន​បាន​ជូនដំណឹង​មក​មន្ទីរ​កសិកម្ម​ថា ក្រុមហ៊ុន​មាន​បញ្ហា​ផ្ទៃក្នុង​ថវិកា​។ ប៉ុន្តែ​លោក​ថា ក្រុមហ៊ុន​ថា​នឹង​ដំណើរការ​វិញ​នៅ​ឆ្នាំក្រោយ​។​
 
​លោក​បាន​ថ្លែងថា​៖ «​ដោយ​បញ្ហា​ទុន​ផ្ទៃក្នុង​រោងចក្រ​គាត់​បាន​អត់​ដំណើរការ​។ តាម​គាត់​បញ្ជាក់​វិញ​នឹង​រៀបចំ​ដំណើរការ​ឡើងវិញ​នៅ​ឆ្នាំក្រោយ​»​។​
 
​អភិបាលខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ បដិសេធ​មិន​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​។ VOA​ក៏​មិនអាច​សុំ​ការឆ្លើយតប​ពី​អ្នកនាំពាក្យ​ក្រសួងកសិកម្ម លោក ស្រី វុ​ឌ្ឍី បានដែរ​។​
 
​ប្រធាន​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹ​ក សោភ័ណ ដែល​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​បាន​ថ្លែងប្រាប់​VOA​ថា នេះ​ជាការ​អនុវត្ត​ខុសពី​កិច្ចសន្យា​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ក្រុមហ៊ុន​ទៅ​ដាំ​ស្រូវ ជំនួស​ដើម​អំពៅ​។​
 
​លោក​បាន​ថ្លែងថា​៖ «​អញ្ចឹង​បើសិនជា​ផ្តល់​ដី​សម្បទាន​ហ្នឹង​ទៅ​ឲ្យ​ពលរដ្ឋ​ធ្វើស្រែ​ធម្មតា​វិញ ហើយ​មានការ​បង់ពន្ធ​ធម្មតា វា​មិន​ជាការ​ចំណេញ​ទៅវិញ​។​ហើយ​បើ​ផ្តល់​ទៅ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច តែ​ផ្ទុយទៅវិញ ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មានការ​ដាំ​ស្រូវ​វិញ វា​មិន​ច្រ​បូល​ច្របល់​ច្រឡំ​គ្នា ដូចនឹង​ពលរដ្ឋ​សាមញ្ញ​ធម្មតា​ដែរ ដែល​គាត់​ធ្វើ​ការងារ​កសិកម្ម​ធម្ម​តា​អញ្ចឹង​»​។​
 
​លោក ឡោ ចាន់ មន្ត្រី​សម្របសម្រួល​របស់​សមា​គម​អាដហុក​ក្នុង​ខេត្តព្រះវិហារ បាន​លើកឡើងថា ក្រុមហ៊ុន​បានចាប់ផ្តើម​ដាំ​ស្រូវ​ឡើងវិញ​ជំនួស​អំពៅ កាលពី​ឆ្នាំមុន តែ​មិនដឹង​មូលហេតុ​អ្វី​នោះទេ​។​


ដើមអំពៅដែលត្រូវបោះបង់ចោលក្នុងក្រុមហ៊ុន Rui Feng ក្នុងស្រុកឆែប ខេត្តព្រះវិហារ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)
 
​លោក​មានប្រសាសន៍ថា​៖ «​ហើយ​ខ្ញុំ​មិន​យល់​ផងដែរ​ថា ក្រុមហ៊ុន​គាត់​អភិវឌ្ឍ គាត់​ធ្វើ​តែ​ស្ករអំពៅ និង​អំពៅ​ទេ ចុះ​ហេតុ​អី​ក៏​នៅពេល​បច្ចុប្បន្ននេះ បែរជា​ក្រុមហ៊ុន អភិវឌ្ឍ​ដាំ​ណាំ​ស្រូវ​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ប្រជាពលរដ្ឋ​ទៅវិញ​»​។​
 
​លោក​បន្តថា រដ្ឋាភិបាល​អាចយ​កដី​នោះមក​វិញ ហើយ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​។​
 
​លោក​បន្ថែមថា​៖ «​ប៉ុន្តែ​បើសិនជា​ដី​ដែលមាន​ផលប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ ដែល​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​អះអាងថា​ជា​ដី​របស់គាត់ គួរណា​តែ គួរណា​ខ្វាល​ជូន​ពួកគាត់​វិញ​»​។​
 
​គួរ​បញ្ជាក់ថា​រោងចក្រ​ផលិត​ស្ករអំពៅ​ដែល​បាន​បិទ​ដំណើរការ​នេះ មានតម្លៃ​ប្រមាណ​៣៦០​លាន​ដុល្លារ​អាមេរិក ដែល​ត្រូវបាន​សម្ពោធ​កាលពី​ឆ្នាំ​២០១៦​។ បើតាម​ឯកសារ​ផ្តល់​ដោយ​អង្គការ​ពន្លក​ខ្មែរ ក្រុមហ៊ុន​Rui Feng បានទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា​ចំនួន​៨៨៤១​ហិកតា កាលពី​ឆ្នាំ​២០១១​។ ចំណែក​ក្រុមហ៊ុន​៤​ផ្សេងទៀត ដែលជា​បណ្តាញ​ជាមួយគ្នា គឺ​ក្រុមហ៊ុន​Lan Feng ទទួលបាន​៩០១៥​ហិកតា ក្រុមហ៊ុន​Heng Rui ចំនួន​៩១១៩​ហិកតា ក្រុមហ៊ុន​Heng Non ចំនួន​៦៤៨៨​ហិកតា​និង​ក្រុមហ៊ុន​Heng Yue ចំនួន​៨៩៥៩​ហិកតា​។ សរុប​ផ្ទៃដី​សម្បទាន​ទាំងអស់​ដែល​ក្រុមហ៊ុន​នេះ​ទទួលបាន មាន​ចំនួន​៤២៤២២​ហិកតា​គឺ​ផ្ទុយ​ពី​ច្បាប់​ភូមិបាល​ដែល​អនុញ្ញាត​ឲ្យ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រោម​១​ម៉ឺន​ហិកតា​តែប៉ុណ្ណោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com