អន្តរជាតិ
អ៊ីរ៉ង់​និយាយថា​នឹង​បញ្ឈប់​ការចែក​ព័ត៌មាន​ជាមួយ​អ៊ុយ​ក្រែ​ន​អំពី​ការធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​
04, Feb 2020 , 7:59 pm        
រូបភាព
រូប​ឯកសារ៖ លោក​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy ចូលរួម​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ នៅ​ក្នុង​ក្រុង​ប៉ារីស​ ប្រទេស​បារាំង កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។
រូប​ឯកសារ៖ លោក​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy ចូលរួម​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ នៅ​ក្នុង​ក្រុង​ប៉ារីស​ ប្រទេស​បារាំង កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។
ដោយ: VOA
​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ខ្លួន​នឹង​បញ្ឈប់​ការចែករំលែក​ព័ត៌មាន​ជាមួយ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​អំពី​ការធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​អ៊ុយ​ក្រែ​ន​កាលពី​ខែ​មុន​បន្ទាប់ពី​ប៉ុស្តិ៍​ទូរទស្សន៍​អ៊ុយ​ក្រែ​ន​មួយ​ផ្សាយ​ការ​លេច​ធ្លាយ​ខ្សែអាត់​សំឡេង​ពី​កន្លែង​គ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស​អ៊ីរ៉ង់​។​

 
​ខ្សែអាត់​សំឡេង​ដែល​បាន​ចាក់ផ្សាយ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​អ៊ុយ​ក្រែ​ន​នៅ​ល្ងាច​ថ្ងៃអាទិត្យ​គឺជា​ការសន្ទនា​រវាង​អ្នកត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស​២​នាក់​និយាយ​ភាសា Farsi អំពី​ពន្លឺ​នៃ​គ្រាប់​មី​ស៊ី​ល​មួយ​ដេញតាម​ផ្លូវ​យន្តហោះ​។​
 
​អ៊ីរ៉ង់​បាន​បដិសេធ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​បន្ទាប់ពី​ការធ្លាក់​យន្តហោះ​ដែល​នោះ​ត្រូវ​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយថា​ការថត​សំឡេង​នេះ​បង្ហាញថា ភាគី​អ៊ីរ៉ង់​បានដឹង​តាំងពី​ដំបូង​ថា យន្ដហោះ​នោះ​ត្រូវបាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​។ អាជ្ញាធរ​អ៊ីរ៉ង់​ប្រហែលជា​អាច​ចូល​មើល​កំណត់​ហេតុនេះ​ដោយផ្ទាល់​បន្ទាប់ពី​ការធ្លាក់​យន្តហោះ​នោះ​។​
 
​កាលពី​ថ្ងៃ​ចន្ទ​លោក Hassan Rezaeifar ប្រធាន​ក្រុម​ស៊ើបអង្កេត​អ៊ីរ៉ង់​បាន​និយាយថា រដ្ឋាភិបាល​អ៊ីរ៉ង់​នឹង​បញ្ឈប់​ការសហការ​ជាមួយ​អ៊ុយ​ក្រែ​ន​លើ​ការស៊ើបអង្កេត​។​
 
​លោក Rezaeifar មិនបាន​បដិសេធថា សំឡេង​លេច​ធ្លាយ​នោះ​គឺ​ពិត​ឬ​យ៉ាងណាទេ​។​
 
​ប្រទេស​អ៊ីរ៉ង់​បាន​សារភាព​កាលពី​ថ្ងៃទី​១១​ខែមករា​ថា បាន​បាញ់​ទម្លាក់​យន្ដហោះ​អន្ដរជាតិ​អ៊ុយ​ក្រែ​ន ភ្លាមៗ​បន្ទាប់ពី​វា​បាន​ហោះ​ចេញពី​ទីក្រុង​តេ​ហេ​រ៉ង់​ដោយ​និយាយថា​កងកម្លាំង​របស់ខ្លួន​យល់ច្រឡំ​ថា យន្តហោះ​នោះ​ជា​យន្តហោះ​សត្រូវ​គំរាមកំហែង​បន្ទាប់ពី​អ៊ីរ៉ង់​បាន​បាញ់​មី​ស៊ី​ល​លើ​មូលដ្ឋាន​អ៊ីរ៉ាក់​ដែលមាន​កងទ័ព​អាមេរិក​។ ការធ្លាក់​យន្ដហោះ​ប៊ូ​អ៊ីង​៧៣៧​នោះបាន​សម្លាប់​មនុស្ស​ទាំង​អស់​១៧៦​នាក់​ក្នុង​យន្តហោះ​នោះ​។ ក្នុង​រយៈពេល​បី​ថ្ងៃ​បន្ទាប់ពី​ការធ្លាក់​យន្តហោះ​នោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​បាន​រាយការណ៍​ថា ក្រុមមន្ត្រី​បាន​ស្តីបន្ទោស​ថា យន្ដហោះ​នោះ​មាន​បញ្ហា​មេកា​និក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com