អន្តរជាតិ
ជប៉ុន ឃាត់​នាវា​ដឹក​អ្នកដំណើរ ៣៥០០​នាក់ ដើម្បី​ពិនិត្យរ​កកូ​រ៉ូ​ណាវី​រុស​
04, Feb 2020 , 11:55 am        
រូបភាព
នាវាទេសចរណ៍ Diamond Princess។ រូបភាព៖ Reuters
នាវាទេសចរណ៍ Diamond Princess។ រូបភាព៖ Reuters
​ជប៉ុន បាន​ឃាត់ទុក​នាវា​ទេសចរណ៍​មួយគ្រឿង ដែលមាន​ផ្ទុក​អ្នកដំណើរ ៣៥០០​នាក់​នៅ​កំពង់ផែ  Yokohama នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ដើម្បី​ពិនិត្យមើល​កូ​រ៉ូ​ណាវី​រុស​។ ការឃាត់ទុក​នាវា​ដឹក​អ្នកដំណើរ​នេះ គឺធ្វើឡើង បន្ទាប់ពី​ជប៉ុន បាន​រកឃើញ​ករណី​កូ​រ៉ូ​ណាវី​រុស​មួយទៀត​លើ​អ្នកដំណើរ​ម្នាក់ ដែល​ធ្វើដំណើរ​មកពី​ហុងកុង​កាលពី​ថ្ងៃទី​២៥ ខែមករា​។

 

 
​នាវា​ទេសចរណ៍​ធុន​ធំ Diamond Princess ដែលមាន​ភ្ញៀវទេសចរ​ចំនួន ២៥០០​នាក់ និង​កង​នាវិក​ចំនួន ១០០០ នាក់ ត្រូវបាន​អាជ្ញាធរ​ជប៉ុន ឃាត់ទុក​បណ្តោះអាសន្ន ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​លើ​អ្នកដំណើរ​ទាំងអស់ ជុំវិញ​កូ​រ៉ូ​ណាវី​រុស​។ ចំណាត់ការ​របស់​ជប៉ុន​បែបនេះ គឺធ្វើឡើង​ដើម្បី​ធានាថា​កូ​រ៉ូ​ណាវី​រុស នឹង​មិនអាច​រាតត្បាត​នៅ​ជប៉ុន ដូច​ក្នុងប្រទេស​ចិន ម្យ៉ាង​ដើម្បី​សុវត្ថិភាព​របស់​ប្រជាជន​ជប៉ុន​ទាំងអស់​។ 
 
​ការផ្អាក​ការធ្វើដំណើរ​នាវា​ទេសចរណ៍​ធុន​ធំ​មួយ​នេះ ធ្វើឡើង បន្ទាប់ពី​បុរស​ម្នា​ក់វ័យ ៨០​ឆ្នាំ​ម្នាក់ ដែល​បាន​ចាក​ចេញពី​ទីក្រុង​ហុង​ក្រុង នា​ថ្ងៃទី​២៥ ខែមករា ត្រូវបាន​អាជ្ញាធរ​ជប៉ុន​រកឃើញថា មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​។ 
 
​បើ​សម្តី​របស់​អ្នកដំណើរ​ម្នាក់​ក្នុង​នាវា​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo អ្នកដំណើរ​ទាំងអស់ ត្រូវគេ​តម្រូវ​ឲ្យ​ស្នាក់​នៅក្នុង​បន្ទប់​រៀងៗ​ខ្លួន ដើម្បី​រង់ចាំ​ការធ្វើ​រោគវិនិច្ឆ័យ​នា​ថ្ងៃទី​៤ ខែមករា​។ ជាពិសេស ការចាកចេញ​របស់​អ្នកដំណើរ​ចេញពី​នាវា នឹងត្រូវ​ពន្យារពេល​រយៈពេល ២៤​ម៉ោង​។
 
​នេះ មិនមែនជា​លើកទីមួយ​ទេ ដែល​ជប៉ុន​ឃាត់​នាវា​ទេសចរណ៍ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​អ្នកដំណើរ​។ កន្លងមក នាវា​ទេសចរណ៍​មួយ ត្រូវបាន​អាជ្ញាធរ​ជប៉ុន​ឃាត់ទុក​ផងដែរ នៅ​កំពង់ផែ​ក្នុង​ក្រុង ណា​ហា (Naha) ខេត្ត Okinawa ដើម្បី​ត្រួតពិនិត្យ​ករណី​វីរុស​នេះ​។​
 
​សូមបញ្ជាក់ថា ដើម្បី​ទប់ស្កាត់​កូ​រ៉ូ​ណាវី​រុស និង​ករណី​ឆ្លង​នៅក្នុង​ប្រទេស ជប៉ុន​ហាមឃាត់​ភ្ញៀវទេសចរ​ទាំងអស់​មិន​ឲ្យ​ទៅ​ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន និង​ហាមឃាត់​ជនជាតិ​ចិន មកពី​ខេត្ត​ហ៊ូ​ប៉ី​ទាំងអស់​ចូលមក​ជប៉ុន​ផងដែរ​។ ចំណែក​អ្នក​ដែល​ចេញ​រោគសញ្ញា​កូ​រ៉ូ​ណា​វីរុស​ទាំងអស់ ត្រូវ​ជប៉ុន បដិសេធ​មិន​ឲ្យ​ចូលមក​ក្នុងប្រទេស​។  គិត​មក​ត្រឹម​ពេលនេះ ជប៉ុន បាន​រកឃើញ​អ្នកជំងឺ​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​មាន​ចំនួន ២០​នាក់​ហើយ​៕ 

Tag:
 ជប៉ុន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com