ជាតិ
​​​ន​យោ​បាយ​ជាតិ​
វីរុស​កូ​រ៉ូ​ណា​៖ សម្ដេច ហ៊ុន សែន នឹង​ទៅ​ទីក្រុង​វូ​ហាន នៅ​ថ្ងៃទី​៥ កុម្ភៈ​
04, Feb 2020 , 1:36 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​ទីក្រុង​វូ​ហាន ដែល​កំពុង​ផ្ទុះ​កូ​រ៉ូ​ណាវី​រុស នៅ​ថ្ងៃទី​៥ កុម្ភៈ​ ដើម្បី​សួរសុខទុក្ខ​និស្សិត​ខ្មែរ នៅ​ទីនោះ​។​



​ពី​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង ក្រោយ​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២០​នៅ​ថ្ងៃទី​៤ មករា ប្រមុខ​រដ្ឋាភិបាល បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖« នៅ​ថ្ងៃស្អែក​ទី​៥​កុម្ភៈ​សម្តេច​បាន​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ចិន​រួចហើយ​ថា សម្តេច​នឹង​អញ្ជើញ​ទៅសួរសុខទុក្ខ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​វូ​ហាន ដើម្បី​បង្ហាញ​ពី​ភាពកក់ក្តៅ និង​ដើម្បី​កុំ​ឲ្យ​និស្សិត​ខ្មែរ​នៅ​ទីក្រុង​វូ​ហាន​មានការ​ភ័យខ្លាច ចំពោះ​ការឆ្លង​ឬការកើត​រីក​រាលដាល នៃ​ជំងឺ​ប្រភេទ​ថ្មី​កូ​រ៉ូ​ណាវី​រ៉ុ​ស​»​។​

ក្នុងជំនួប​លោកស្រី ហាក់ ចា​ហាន​មូ​ន ស្ថាបនិក​អង្គការ​សហព័ន្ធ​សន្តិភាព​សកល សម្តេច ហ៊ុន សែន បាន​និយាយថា  បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​ការវិវត្តន៍​ថ្មីៗ ដែល​ផ្ទុះឡើង​នៃ​ជំងឺ​ប្រភេទ​ថ្មី នៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន សុទ្ធតែជា​កង្វល់​ពិតប្រាកដ​របស់​ពិភពលោក​។​
 
«​បញ្ហា​នៃ​ការ​បម្រែបម្រួល​អាកាសធាតុ និង​ការ​ផ្ទុះឡើង​នៃ​ជំងឺ​ប្រភេទ​ថ្មី កូ​រ៉​ណាវី​រ៉ុ​ស គឺ​មិនមែន​តែ​ជា​កង្វល់​របស់​ប្រទេស​ចិន​នោះទេ គឺជា​កង្វល់​របស់​យើងទាំងអស់គ្នា ពោលគឺ​យើង​ត្រូវ​រួមគ្នា​រិះរក​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ និង​មិនត្រូវ​បង្ក​នូវ​ការភ័យខ្លាច​សម្រាប់​មនុ​ស្ស​ជាតិ​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។​
គិត​ត្រឹម​ម៉ោង​១៖៤០​នាទី​រសៀល ថ្ងៃទី​៤ កុម្ភៈ​នេះ មាន​អ្នកស្លាប់​ចំនួន​៤២៧​នាក់ ក្នុងនោះ​ចិន ៤២៦​នាក់ (​ហុងកុង​១​នាក់​) និង​១​នាក់​ទៀត​នៅ​ហ្វីលីពីន ខណៈ​អ្នកជំងឺ​ជាង​២​ម៉ឺន​នាក់​កំពុង​សម្រាក​ព្យាបាល​កូ​រ៉ូ​ណា​វីរុស​នេះ ។​

© រក្សាសិទ្ធិដោយ thmeythmey.com