ជាតិ
សង្គមជាតិ
ចម្លាក់​តោ​សតវត្សរ៍​ទី​១៣ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ប្រាសាទ​មេបុណ្យ​ខេត្តបន្ទាយមានជ័យ​
04, Feb 2020 , 7:39 pm        
រូបភាព
 រូបពី​លោកស្រី​ ម៉ៅ ម៉ាល័យ
រូបពី​លោកស្រី​ ម៉ៅ ម៉ាល័យ
ដោយ:
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ក្រុម​អភិរក្ស​ដ្ឋា​ន​អង្គរ បាន​ប្រទះឃើញ​រូបចម្លាក់​សត្វ​តោ​ចំនួន​១​ក្បាល នៅ​ប្រាសាទ​មេបុណ្យ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ខណៈដែល​កំពុងតែ​ធ្វើ​កំណាយ​ជួសជុល​ប្រាសាទ​មេបុណ្យ​។  លោក គូ វិត ប្រធាន​នាយកដ្ឋានគាំពារ និង​អភិរក្សសំណង់បុរាណ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា ចម្លាក់​សត្វ​តោ​នោះ ជា​ប្រភេទ​សត្វ​តោ​ដែល​កសាងឡើង​នៅ​សតវត្ស​ទី​១៣​។


 
​បើតាម​ការអះអាង​រប​ស់លោក គូ វិត ប្រធាននាយកដ្ឋានគាំពារ និងអភិរក្ស​សំណង់បុរាណ ក្រុមការងារ​អភិរក្ស បាន​រកឃើញ​ចម្លាក់​ស​ត្វ​តោ​នោះ​កប់ នៅក្នុង​ដី​ជម្រៅ​១​ម៉ែត្រ តាំងពី​សម័យ​បាយ័ន​ក្នុង​សតវត្សរ៍​ទី​១៣ នៅពេលដែល​ក្រុមការងារ​កំពុងតែ​ជួសជុល​កំពង់ទឹក​បុរាណ នៅក្នុង​ប្រាសាទ​មេបុណ្យ ខេត្តបន្ទាយមានជ័យ​។  
 
​លោក គូ វិត បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​កាលណា​យើង​រកឃើញ​នៅ​កន្លែង​ហ្នឹង យើង​នឹងដាក់​នៅ​កន្លែង​ហ្នឹង​វិញ​។ ឥឡូវ​យើង​កំពុងតែ​ស្ថិតនៅក្នុង​ដំណើរ​ជួសជុល​កំពង់ទឹក​។ យើង​នឹង​យកទៅដាក់​វិញ​ទៅ យើង​នឹង​អាច​ឃើញ​ពី​រូបភាព​ដើម​របស់​វា​វិញ​ហើយ​»​។ 
 
​បើតាម​ប្រធាននាយកដ្ឋានគាំពារ និងអភិរក្ស​សំណង់បុរាណ ក្រុមការងារ​អភិរក្ស មិនទាន់​អាច​កំណត់​ទំហំ​ឲ្យ​ពិតប្រាកដ​របស់​វា​បាន​នៅឡើយ​ទេ​។ លោក​បញ្ជាក់ថា មន្ត្រី​អភិរក្ស​កំពុងតែធ្វើការ​វាស់វែង ដោយ​សហការ​ជាមួយនឹង​អាជ្ញាធរ ដើម្បី​ការពារ ថែរក្សា និង​យាម​ជាប្រចាំ​។ ជាពិសេស​ក្រុមការងារ​អភិរក្ស​ក៏បាន​រៀបចំ​ពិធីបួងសួង​សុំ​សេចក្តីសុខ ពី​អ្នកថែរក្សា​ទឹកដី ដើម្បី​ឲ្យ​ការជួសជុល​ប្រាសាទ​មេបុណ្យ បានសម្រេច​ជោគជ័យ​ផងដែរ​៕ 
 


រូបពី​លោកស្រី​ ម៉ៅ ម៉ាល័យ

Tag:
 ចម្លាក់​
 ​តោ
© រក្សាសិទ្ធិដោយ thmeythmey.com