ជាតិ
នយោបាយជាតិ
Update៖ សម្ដេច ហ៊ុន សែន កំពុងរង់ចាំការសម្រេចចុងក្រោយពីភាគីចិន
× ភ្នំពេញ៖ នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងរង់ចាំការសម្រេចចុងក្រោយរបស់រដ្ឋាភិបាលចិន ក្នុងការអនុញ្ញាតឱ្យសម្ដេច ទៅទីក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរ នៅទីនោះ។
សម្ដេច ហ៊ុន សែន ដែលកំពុងមានវត្តមាននៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនោះ បានបញ្ជាក់ថា សម្ដេចនឹងទៅទីក្រុងវូហាន នៅថ្ងៃទី៥ កុម្ភៈ បើសិនជារដ្ឋាភិបាលចិន អនុញ្ញាត។ ក្រោយកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២០ នៅប្រទេសកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរអាប់ដេតព័ត៌មានលើហ្វេសប៊ុកខ្លួនដូច្នេះថា៖«នៅពេលនេះសម្តេច កំពុងរង់ចាំការបញ្ជាក់និងសម្រេចពីភាគីមិត្តចិនថា តើអនុញ្ញាតឱ្យទៅសួរសុខទុក្ខ ឬមិនអនុញ្ញត្តឱ្យទៅក្នុងពេលដែលទីក្រុងនេះ ត្រូវបានដាក់ឱ្យនៅដាច់ក្នុងសភាពប្រកាសអាសន្នមិនឱ្យមានចរាចរណ៍ចេញ-ចូលទាំងនៅក្នុងប្រទេសចិន និងពីក្រៅប្រទេសចូលមក»។
បើតាមសម្តេច ហ៊ុន សែន ការវិវត្តន៍នៃជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី នៅទីក្រុងវូហាន មិនមែនជាកង្វល់របស់ចិនតែម្នាក់នោះ ប៉ុន្តែវាជាក្តីព្រួយបារម្ភពិតប្រាកដរបស់ពិភពលោក។
«បញ្ហានៃការបម្រែបម្រួលអាកាសធាតុ និងការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ណាវីរ៉ុស គឺមិនមែនតែជាកង្វល់របស់ប្រទេសចិននោះទេ គឺជាកង្វល់របស់យើងទាំងអស់គ្នា ពោលគឺយើងត្រូវរួមគ្នារិះរកវិធីសាស្ត្រក្នុងការដោះស្រាយ និងមិនត្រូវបង្កនូវការភ័យខ្លាចសម្រាប់មនុស្សជាតិនោះទេ»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា។
Tag:
ហ៊ុន សែន
វីរុសកូរ៉ូណា
© រក្សាសិទ្ធិដោយ thmeythmey.com