អន្តរជាតិ
លោក ឌូទើតេ ៖ ការស្អប់ជនជាតិចិនជុំវិញកូរ៉ូណាវីរុសនៅហ្វីលីពីន ត្រូវតែបញ្ឈប់ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ Reuters
× ប្រធានាធបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នាថ្ងៃទី៣ ខែកុម្ភៈ បានអំពាវនាវឲ្យប្រជាជនរបស់ខ្លួនទាំងអស់ឈប់ស្អប់ និងរើសអើងជនជាតិចិន ក្នុងពេលផ្ទុះកូរ៉ូណាវីរុស និងបន្ទាប់ពីមានករណីស្លាប់ម្នាក់ នៅហ្វីលីពីន។
ការរើសអើង និងការស្អប់ខ្ពើមជនជាតិចិន បានកើនឡើងយ៉ាងខ្លាំងនៅទីសាធារណៈក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីកូរ៉ូណាវីរុសប្រភេទថ្មី បានអុកឡុកយ៉ាងខ្លាំងនៅក្នុងប្រទេសចិន និងប្រទេសផ្សេងៗ ក្នុងនោះរួមទាំងហ្វីលីពីនផងដែរ។ ជាក់ស្តែង នាសកលវិទ្យាល័យ Adamson បានស្នើឲ្យនិស្សិតចិនទាំងអស់ ស្ថិតនៅកន្លែងដោយឡែកពីអ្នកដទៃរយៈពេល ១៤ថ្ងៃសិន ដើម្បីតាមដានជំងឺ។ ដោយសារតែមានការរិះគន់ខ្លាំងពីបញ្ហានេះ សកលវិទ្យាល័យមួយនេះ បានស្នើបន្ថែមទៀតឲ្យសិស្ស ឬបុគ្គលិកទាំងឡាយណា ដែលធ្លាប់ទៅក្រុងវូហាន ឬតំបន់កំណើតវីរុសថ្មីនេះ ឲ្យនៅកន្លែងដោយឡែកពីគេផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីន បានអះអាងដូច្នេះថា៖ « ចិន មានចិត្តល្អចំពោះយើង[ហ្វីលីពីន], យើងបានត្រឹមតែបង្ហាញការពេញចិត្តសម្រាប់ចិនតែប៉ុណ្ណោះ។ បញ្ឈប់ការស្អប់ខ្ពើមនេះទៅ»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
តាមរយៈសន្និសីទកាសែត បន្ទាប់ពីជំនួបជាមួយទីភ្នាក់ងារទប់ស្កាត់កូរ៉ូណាវីរុស លោក ឌូទើតេ បានបញ្ចេញជំហរថា ប្រជាជនជាច្រើន បានបន្ទោសថា វីរុសនេះបណ្តាលមកពីចិន ប៉ុន្តែមិនមែនទាំងអស់ទេ វាក៏អាចឆ្លងមកពីតំបន់ផ្សេងផងដែរ។ បើតាមប្រធានាធិបតីហ្វីលីពីនវ័យ ៧៤ឆ្នាំរូបនេះ បានបន្តថា វាមិនមែនជាកំហុសរបស់ខាងណានោះទេ ទាំងចិន ទាំងហ្វីលីពីន ម្យ៉ាងចិនក៏បានសហការជាមួយហ្វីលីពីនផងដែរ លើបញ្ហាកូរ៉ូណាវីរុស និង ការទប់ស្កាត់វីរុសប្រភេទថ្មី។
កន្លងមក ហ្វីលីពីន បានចេញចំណាត់ការហាមឃាត់ជនបរទេសទាំងអស់ ដែលមកពីប្រទេសចិន និងផ្អាកការផ្តល់ទិដ្ឋាការមកដល់ សម្រាប់ជនជាតិចិនទាំងអស់។ បន្ថែមពីលើនេះ លោកប្រធានាធិបតីហ្វីលីពីន កំពុងពិនិត្យមើលលទ្ធភាព ដើម្បីដាក់ប្រើប្រាស់មជ្ឈមណ្ឌលពិនិត្យសុខភាពមួយកន្លែង ដែលបរិច្ចាគដោយសប្បុរសជនចិន ជាកន្លែងដាក់ប្រជាជនហ្វីលីពីន ដែលត្រូវបានគេជម្លៀសចេញពីខេត្តហ៊ូប៉ីផងដែរ៕
Tag:
ហ្វីលីពីន
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com