ជាតិ
សង្គមជាតិ
និស្សិត​ខ្មែរ​ម្នាក់​នៅ​វូ​ហាន ជូន​សារ​ទៅ​សម្តេច ហ៊ុន សែន​៖«​កូនសុំ​ចិត្ត​ពុក​កុំមក​អី ចាំ​ពួក​ខ្ញុំ ទៅផ្ទះ​វិញ ចាំ​ជួប​ក៏បាន​»
04, Feb 2020 , 3:47 pm        
រូបភាព
លោក ប៉ែន បារាំង និស្សិតខ្មែរនៅទីក្រុងវូហាន
លោក ប៉ែន បារាំង និស្សិតខ្មែរនៅទីក្រុងវូហាន
ដោយ: ថ្មីៗ
​លោក ប៉ែន បារាំង និស្សិត​ខ្មែរ​ម្នាក់ ក្នុងចំណោម​និស្សិត​ខ្មែរ​ជាង​២០​នាក់ ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហូ​ប៉ី ប្រទេស​ចិន បានបង្ហាញ​​ក្តីបារម្ភ​ពី​សុខភាព​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ឮ​សម្តេច ប្រកាសថា នឹង​ទៅ​ទីក្រុង​វូ​ហាន ដែលជាកន្លែងផ្ទុះមេរោគកូរ៉ូណាប្រភេទថ្មី ដើម្បី​សួរសុខទុក្ខ​ពួកលោក​។


 
​លោក ប៉ែន បារាំង ដែល​ហៅ​សម្តេច ហ៊ុន សែន ថា​ពុក បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា​៖«​កូនសុំ​ចិត្ត​លោក​ពុក​កុំ​អញ្ជើញ​មក​សួរសុខទុក្ខ​ពួក​ខ្ញុំ​ក្នុង​ពេលនេះ​អី​។ ពួក​ខ្ញុំ បារម្ភ​ពី​សុខភាព​របស់លោក​ពុក​ដូចគ្នា ចាំ​ពួក​ខ្ញុំ ត្រឡប់ទៅផ្ទះ​វិញ ចាំ​ជួបជុំ​ក៏បាន​»​។ 
 
​ក្នុងជំនួប​ជាមួយ​ពលរដ្ឋ​ខ្មែរ នៅ​កូរ៉េខាងត្បូង នា​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ប្រកាសថា សម្តេច នឹង​ទៅ​ទីក្រុង​វូ​ហាន ដើម្បី​ជួប​និស្សិត​ខ្មែរ ប្រសិនបើ​រដ្ឋាភិបាល​ចិន អនុញ្ញាត​។​
 
​តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក ប៉ែន បារាំង បង្ហាញ​ពី​អារម្មណ៍​ថា​៖«​បាន​ស្ដាប់​សារ​របស់លោក​ពុក​ប៉ុណ្ណឹង កូន​មាន​អារម្មណ៍​ថា​កក់ក្ដៅ និង​គ្រប់គ្រាន់​។ ពួក​កូន​អាច​ឈឺ​បាន តែ​លោក​ពុក​មិនអាច​ឈឺ​បានទេ ព្រោះ​លោក​ពុក ត្រូវមាន​ភារកិច្ច​ជាច្រើន​ដែល​ចាំបាច់​ត្រូវការ​លោក​ពុក​ដើម្បី​ដោះស្រាយ​...»​។ លោក ផ្តាំ​ទៅ​សម្តេច​ថា​៖«​ពួក​កូន នឹង​ថែទាំ​សុខភាព​ឲ្យ​បានល្អ  និង​ប្រុងប្រយ័ត្ន​ខ្ពស់ និង​សហការ​ជាមួយ​រដ្ឋបាល​សាលា​ឲ្យ​បានល្អ​បំផុត​»​។ 
 
​និស្សិត​រូបនេះ បន្តថា សាលា​របស់​ពួកលោក ត្រូវបាន​បិទ​ច្រកចេញចូល និង​តម្រូវ​ឲ្យ​ពួកលោក នៅក្នុង​អគារ​ស្នាក់នៅ​។ លើសពីនេះ សាលា​របស់​ពួកលោក នៅ​ឆ្ងាយ​ពីគ្នា​៦​ទីតាំង​។  លោក លើក​ពី​បញ្ហា​នេះ ទំនងជា​ចង់​បញ្ជាក់ថា ពួកលោក អាច​ពិបាក​នឹង​ប្រមូល​ផ្តុំគ្នា ទៅ​ជួប​សម្តេច ឬក៏​សម្តេច ពិបាក​នឹង​ជួប​ពួកលោក បើ​សម្តេច ទៅដល់​ទីក្រុង​វូ​ហាន​។ 
 
​យ៉ាងណាក៏ដោយ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ចិត្ត​ហើយ​ថា នឹង​ទៅ​ទីក្រុង​វូ​ហាន​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច បានប្រកាស​ជា​ផ្លូវការ​ថា​៖«​នៅ​ថ្ងៃស្អែក​ទី​៥​កុម្ភៈ សម្តេច​បាន​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ចិន​រួចហើយ​ថា សម្តេច​នឹង​អញ្ជើញ​ទៅសួរសុខទុក្ខ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​វូ​ហាន ដើម្បី​បង្ហាញ​ពី​ភាពកក់ក្តៅ និង​ដើម្បី​កុំ​ឲ្យ​និស្សិត​ខ្មែរ​នៅ​ទីក្រុង​វូ​ហាន​មានការ​ភ័យខ្លាច ចំពោះ​ការឆ្លង​ឬ​ការកើត​រីក​រាលដាល នៃ​ជំងឺ​ប្រភេទ​ថ្មី​កូ​រ៉ូ​ណាវី​រ៉ុ​ស​»​។​
 
​និស្សិត ប៉ែន បារាំង បាន​ឆ្លើយតប​នឹង​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ប្រអប់​សារ​ហ្វេ​ស​ប៊ុ​ក (Chat ) ថា ពួកលោក បាន​សួរ​ទៅ​ស្ថាន​ទូ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន ថា​តើ​មាន​គម្រោង​ជម្លៀស​ពួកលោក ចេញពី​ទីក្រុង​វូ​ហាន មក​កម្ពុជា​ដែរឬទេ​? តែ​ស្ថានទូត ឆ្លើយថា មិនទាន់​អាច​សម្រេច​បានទេ ដោយ​រង់ចាំ​ការសម្រេច​ពី​រដ្ឋាភិបាល​កម្ពុជា​។  
 
​គិត​ត្រឹម​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី បានសម្លាប់​ជនជាតិ​ចិន​៤២៧​នាក់​ហើយ ដោយ​ក្នុងនោះ ស្លាប់​នៅ​ចិន​៤២៦​នាក់ (​នៅ​ហុងកុង​ម្នាក់​) និង នៅ​ហ្វីលីពីន​ម្នាក់​។ ចំណែក អ្នក​ដែល​ផ្ទុកមេរោគ​នេះ បាន​កើនឡើង​ជាង​២​ម៉ឺន​នាក់ ដោយ​ភាគច្រើនបំផុត​នៅ​ប្រទេស​ចិន​៕     

Tag:
 កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com