សង្គមអន្តរជាតិ
អន្តរជាតិ
ពលរដ្ឋម៉ាឡេស៊ីម្នាក់ ឆ្លងកូរ៉ូណាវីរុស បន្ទាប់ពីត្រលប់មកពីកិច្ចប្រជុំនៅសិង្ហបុរី រូបភាព៖ Facebook, Noor Hisham Abdullah
× ម៉ាឡេស៊ី នៅថ្ងៃទី៤ ខែកុម្ភៈ បានអះអាងថា ពលរដ្ឋរបស់ខ្លួនម្នាក់ បានឆ្លងកូរ៉ូណាវីរុសប្រភេទថ្មី (2019-nCoV) ដែលនេះគឺជាករណីដំបូងបំផុតនៅក្នុងប្រទេស។ រូបគេបានឆ្លងវីរុសនេះក្រោយត្រឡប់មកពីប្រជុំនៅសិង្ហបុរី។ ចំណែកជនជាតិចិន ដែលរួមដំណើរជាមួយបុរសរូបនេះ ក៏ត្រូវបានគេរកឃើញថាមានផ្ទុកកូរ៉ូណាវីរុសផងដែរ។ ដោយបន្ថែមពីរករណីនេះ ម៉ាឡេស៊ី បានកើនដល់ ១០ករណី។
បើតាមការអះអាងរបស់អាជ្ញាធរសុខាភិបាល ម៉ាឡេស៊ី បានរកឃើញពីរករណីបន្ថែមទៀត នៅក្នុងប្រទេស។ ក្នុងចំណោមពីរករណីនេះ មានករណីមួយ ដែលពលរដ្ឋម៉ាឡេស៊ី ដែលបានឆ្លងកូរ៉ូណាវីរុសប្រភេទថ្មី។
បើតាមទូរទស្សន៍ Channel NewsAsia ពលរដ្ឋម៉ាឡេស៊ីវ័យ ៤១ឆ្នាំ បានទៅចូលរួម ក្នុងកិច្ចប្រជុំមួយនៅសិង្ហបុរីជាមួយមិត្តរួមការងាររបស់ខ្លួនមកពីក្រុងវូហាន។ បន្ទាប់ពីត្រលប់មកវិញបានជិតមួយសប្តាហ៍ បុរសរូបនេះ បានចេញរោគសញ្ញាកូរ៉ូណាវីរុស និងត្រូវបានគេពិនិត្យឃើញថា មានផ្ទុកវីរុសនេះមែន។ ពេលនេះ អ្នកជំងឺរូបនេះ កំពុងស្ថិតក្នុងស្ថានភាពល្អ និងទទួលការព្យាបាលយ៉ាងដិតដល់នៅក្នុងមន្ទីពេទ្យSungai Buloh។
ចំណែកក្រុមគ្រួសាររបស់ជនជាតិម៉ាឡេស៊ីរូបនេះ ត្រូវបានអាជ្ញាធរឲ្យស្នាក់នៅក្នុងផ្ទះរយៈពេល ១៤ថ្ងៃសិន ដើម្បីតាមដានជំងឺ ថាតើអ្នកទាំងនោះមានឆ្លងវីរុសឬក៏អត់។
សម្រាប់ជនជាតិចិន ដែលរួមដំណើរទៅចូលរួមកិច្ចប្រជុំជាមួយជនជាតិម៉ាឡេស៊ី ក៏ត្រូវបានគេរកឃើញថា មានផ្ទុកកូរ៉ូណាវីរុសផងដែរ។ ពេលនេះ អ្នកជំងឺ ស្ថិតក្នុងស្ថានភាពល្អ និងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ Kuala Lumpur។ តាមការបញ្ជាក់របស់អាជ្ញាធរ ជនជាតិចិនវ័យ ៦៣ឆ្នាំរូបនេះ បានចូលមកម៉ាឡេស៊ីតាំងពីថ្ងៃទី១៨ ខែមករា មកម្លេះ តាមអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ។
សូមបញ្ជាក់ថា ក្រៅពី១០ករណីខាងលើ ម៉ាឡេស៊ី នៅមានជនសង្ស័យថាមានផ្ទុកកូរ៉ូណាវីរុសប្រភេទថ្មី២០នាក់បន្ថែមទៀត ដែលកំពុងស្ថិតនៅក្រោមការធ្វើរោគវិនិច្ឆ័យ។
Tag:
ម៉ាឡេស៊ី
ចិន
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com