សង្គមអន្តរជាតិ
អន្តរជាតិ
ម៉ាកាវ ប្រកាសបិទកាស៊ីណូទូទាំងក្រុងពីរសប្ដាហ៍ដើម្បីទប់ស្កាត់ការសាយភាយកូរ៉ូណាវីរុស
× ទីក្រុងម៉ាកាវ នៅថ្ងៃទី៤ ខែកុម្ភៈ បានប្រកាសបិទកាស៊ីណូទាំងអស់ក្នុងទីក្រុងរយៈពេលពីរសប្ដាហ៍ដើម្បីទប់ស្កាត់ការសាយភាយកូរ៉ូណាវីរុស។ វិធានការនេះ ត្រូវបានដាក់ចេញក្រោយបុគ្គលិកបម្រើក្នុងកាស៊ីណូម្នាក់ បានឆ្លងវីរុសនេះ ហើយករណីឆ្លងនៅម៉ាកាវមានចំនួន១០ផងដែរ។
ករណីឆ្លងកូរ៉ូណាវីរុសដល់ទៅ១០ករណី បានបង្ខំម៉ាកាវបិទឧស្សាហកម្មកាស៊ីណូរបស់ខ្លួនបណ្ដោះអាសន្ន។ ប្រមុខតំបន់រដ្ឋបាលពិសេសម៉ាកាវ Ho Iat-seng បានប្រកាស ម៉ាកាវរកឃើញករណីឆ្លងចុងក្រោយពីរករណីទៀត ដែលការណ៍នេះតម្រូវឲ្យរដ្ឋាភិបាលតំបន់ចាត់វិធានការតឹងរ៉ឹងដើម្បីបញ្ឈប់ការរាលដាលបន្ថែម។
បើតាមលោក Ho ករណីឆ្លងទី៩ បានកើតលើបុគ្គលិកកាស៊ីណូជាស្ត្រីម្នាក់វ័យ២៩ឆ្នាំអំឡុងពេលចូលរួមពិធីអបអរចូលឆ្នាំចិន។ លោក Ho អះអាងថា ករណីនេះ បង្ហាញពីការឆ្លងវីរុសនៅទូទាំងទីក្រុង។ នេះ ក៏ជាមូលហេតុដែលលោកត្រូវសម្រេចចិត្តបិទកាស៊ីណូទាំងអស់រយៈពេល១៤ថ្ងៃផងដែរ ខណៈបុគ្គលិករូបនេះបានជិះឡានក្រុង និងបរិភោគអាហារជាមួយបុគ្គលិកឯទៀត។ នេះបើតាមការផ្សាយរបស់កាសែត South China Morning Post។
«នេះជាការសម្រេចចិត្តដ៏លំបាក ប៉ុន្តែយើងត្រូវតែធ្វើដើម្បីប្រយោជន៍ប្រជាជនម៉ាកាវ។ ម៉ាកាវ នៅតែអាចទ្រាំទ្រការខាតបង់សេដ្ឋកិច្ចបាន។» នេះជាការបញ្ជាក់របស់លោក Ho ដែលបន្តថា រដ្ឋាភិបាលរបស់លោក កំពុងតែធ្វើការលើឯកសារច្បាប់នានាដើម្បីអនុវត្តបម្រាមពីរសប្ដាហ៍នេះ។ មន្ត្រីម៉ាកាវ ក៏នឹងជួបជាមួយតំណាងកាស៊ីណូ និងសណ្ឋាគារទាំងអស់ដើម្បីជជែកពីបញ្ហានេះ។
យ៉ាងណាមិញ ប្រមុខរដ្ឋាភិបាលតំបន់ពិសេសមួយនេះ មិនទាន់បញ្ជាក់ឲ្យច្បាស់ពីរយៈពេលហាមឃាត់នៅឡើយដែរ។ ប៉ុន្តែបើតាមប្រភពព័ត៌មានខាងលើ លោក Ho បានបង្ហើបថា ក្នុងករណីស្ថានការណ៍ល្អប្រសើរក្នុងរយៈពេលក្រោយពីរសប្ដាហ៍នេះ សកម្មភាពកាស៊ីណូអាចដំណើរការឡើងវិញបានភ្លាមៗតែម្ដង។
ទាក់ទងលទ្ធភាពបិទព្រំដែនជាមួយចិនដូចដែលហុងកុងកំពុងអនុវត្តវិញ ប្រធានប្រតិបត្តិរូបនេះអះអាងថា ស្ថានការណ៍មិនទាន់ធ្ងន់ធ្ងរដល់កម្រិតនោះឡើយ។ លោក Ho រៀបរាប់ថា ការបិទព្រំដែន មានផលវិបាកខ្លាំងដល់សេដ្ឋកិច្ចម៉ាកាវ ការផ្គត់ផ្គង់ទំនិញចាំបាច់ចូលទីក្រុង ក៏ដូចជាលំហូរកម្មករដែលបម្រើការនៅតាមកាស៊ីណូផងដែរ៕
Tag:
ម៉ាកាវ
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com