ជាតិ
និស្សិត​ខ្មែរ​នៅ​​​វូ​ហាន​ទាំង​២៣​នាក់ ទទួលបាន​ប្រាក់ឧបត្ថម្ភ​៤៦​លាន​រៀល​ពី​ក្រសួង​អប់រំ​
04, Feb 2020 , 8:27 pm        
រូបភាព
ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានផ្ដល់​ប្រាក់​ចំនួន ៤៦​លាន​រៀល ដល់​និស្សិត​ខ្មែរ​ដែល​កំពុងស្នាក់នៅ​ទីក្រុង​វូ​ហាន ទាំង​២៣​នាក់ ដើម្បី​ជួយ​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​។ យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​៤ កុម្ភៈ​នេះ​និស្សិត​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ២​លាន​រៀល ដោយបាន​ផ្ទេរ​ទៅ​តំណាង​និស្សិត​កម្ពុជា​នៅ​ទីនោះ​ចាត់ចែង​បន្ត​។​



​ក្រសួង​អប់រំ ក៏បាន​អះអាង​ដែរ​ថា និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ​ទីក្រុង​វូ​ហាន ទី​ដែល​ជំងឺ​រលាក​ប្រភេទ​ថ្មី​បង្កឡើង​មេរោគ​កូ​រ៉ូ​ណា​វីរុស​កំពុង​រាតត្បាត​យ៉ាងខ្លាំង​នោះ ម្នាក់ៗ​សុទ្ធ​តែមាន​សុខភាព​រឹងមាំ​។ ក្រសួង​អប់រំ បាន​បញ្ជាក់ថា​៖ «​និស្សិត​ចំនួន ២៣​នាក់ ដែល​កំពុង​សិក្សា​រៀនសូត្រ​នៅ​ទីក្រុង​វូ​ហាន មាន​សុខភាព​រឹងមាំ និង​មិនមាន​និស្សិត​ណា​ម្នាក់​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​ទេ​»​។ 
 
​​បើតាមក្រសួង​អប់រំ និស្សិត​មួយចំនួន​ទទួលបាន​ការផ្គត់ផ្គង់​អាហារ​ពី​សាកលវិទ្យាល័យ និង​មួយចំនួនទៀត ត្រូវ​ទិញ​អាហារ​ដោយ​ខ្លួនឯង ដែលមាន​ទីតាំងនៅ​ជិត​សាកលវិទ្យាល័យ​។ ពួកគេ​ក៏​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​កម្ពុជា និង​អ្នកពាក់ព័ន្ធ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា និស្សិត​កម្ពុជា​ដែល​សិក្សា​នៅ​ទីក្រុង​វូ​ហាន មាន​ចំនួន ៨៩​នាក់ ក៏ប៉ុន្តែ​អំឡុងពេល​វិស្សមកាល​រដូវរងា នា​ដើមខែ​មករា ឆ្នាំ​២០២០​កន្លងទៅ មាន​និស្សិត​៦៦​នាក់ បាន​មកលេង​ស្រុកកំណើត​។ ដូច្នេះ​នៅសល់តែ​និស្សិត​ខ្មែរ​២៣​នាក់​ប៉ុណ្ណោះ ដែល​បាន​ជាប់​គាំងដំណើរ​ត្រឡប់មក​កម្ពុជា នៅ​អំឡុងពេល​ផ្ទុះ​ការ​រាតត្បាត​កូ​រ៉ូ​ណាវី​រុស​។
អត្ថបទទាក់ទង
 
ទាក់ទងនឹងរឿងនេះដែរ សម្តេច ហ៊ុន កំពុងរង់ចាំការសម្រេចចុងក្រោយរបស់រដ្ឋាភិបាលចិន ជុំវិញការអនុញ្ញាតដល់ខ្លួន បាន​ទៅទីក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរដែលកំពុងស្នាក់នៅទីក្រុងនេះ។ តាមគម្រោង សម្តេចនាយករដ្ឋមន្ត្រី នឹងទៅទីក្រុងវូហាន នៅថ្ងៃទី៥ ខែកុម្ភៈ៕
 

Tag:
 អប់រំ​
  និស្សិត​
  ចិន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com