ជាតិ
សង្គមជាតិ
​ថ្នាក់ដឹកនាំ​សង្ឃ ស្នើ​ឲ្យ​សូធ្យធម៌​គ្រប់​វត្តនៅថ្ងៃបុណ្យមាឃបូជា ដើម្បី​កម្ចាត់​ភយន្តរាយ ពី​រោគ​ផ្សេងៗ​
05, Feb 2020 , 7:39 am        
រូបភាព
សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស (លើកព្រះហស្តសំពះ) និង  សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត នាពិធីបូជាព្រះសពសម្តេចសង្ឃនាយករងទី១ លាស់ ឡាយ នៅមុខវត្តបទុមវត្តី កាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ (រូបពីគណៈសង្ឃនាយក)
សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស (លើកព្រះហស្តសំពះ) និង សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត នាពិធីបូជាព្រះសពសម្តេចសង្ឃនាយករងទី១ លាស់ ឡាយ នៅមុខវត្តបទុមវត្តី កាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ (រូបពីគណៈសង្ឃនាយក)
​ភ្នំពេញ​៖ គណៈសង្ឃ​នាយក បានចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​អំពាវនាវ​ទៅ​ព្រះសង្ឃ​គ្រប់​វត្ត​អារាម  និង​អាចារ្យ រួមទាំង​ពុទ្ធបរិស័ទ ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។



​ទន្ទឹមនេះ សេចក្តីជូនដំណឹង ដែលមាន​ហត្ថលេខា​របស់​សម្តេច​ស​ង្ឃ ន​ន្ទ ង៉ែត ជា​សង្ឃនាយក តាំងពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០ បាន​ណែនាំ​ឲ្យ​ព្រះសង្ឃ​គ្រប់​វត្ត​អារាម​នៅ​ទូទាំងប្រទេស សូធ្យធម៌ នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០ ជា​ថ្ងៃបុណ្យ​មាឃបូជា ដើម្បី​កម្ចាត់​ភយន្តរាយ​ទាំងឡាយ ដែល​កើតឡើង​ពី​មេរោគ​ផ្សេងៗ​។  
 
​យ៉ាងណា គណៈសង្ឃ​នាយក នៅតែ​ឲ្យ​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ខ្មែរ អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ការពារ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដូចជា ត្រូវមាន​អនាម័យ​ជានិច្ច និង គិតពី​សុវត្ថិភាព​ចំណីអាហារ​គ្រប់​វេលា​។ លើសពីនេះ គណៈសង្ឃ​នាយក បាន​ជំរុញ ឲ្យ​ជួយ​បញ្ជូនទៅ​មណ្ឌល​សុខភាព ដើម្បី​ពិនិត្យ​ព្យាបាល បើ​ជួប​អ្នកណា ដែលមាន​អា​ការគួរ​សង្ស័យ ដូចជា ក្អក កណ្តាស់ ផ្តាសាយ​ហៀរ​សំបោរ ឬ​ឈឺបំពង់ក ជាដើម​។ 
 
​សូមជម្រាបថា កម្ពុជា ជា​ប្រទេសមួយ​ក្នុងចំណោម​២៤​ប្រទេស ដែល​បាន​រកឃើញ​ករណី​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី នៅលើ​ជនជាតិ​ចិន​វ័យ​៦០​ម្នាក់ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០​។ គិត​ត្រឹម​ថ្ងៃទី​៤ ខែកុម្ភៈ មាន​មនុស្ស​៤២៦​បាន​ស្លាប់  និង​មាន​មនុស្ស​ជាង​២​ម៉ឺន​នាក់ បាន​ឆ្លង​មេរោគ​នេះ​។ 
 
​អ្នកស្លាប់​ស្ទើរ​ទាំងអស់ គឺ​នៅ​ប្រទេស​ចិន ដោយ​មាននៅ​ហុងកុង តែ​១​ករណី និង​នៅ​ហ្វីលីពីន​១​ករណី ចំណែក​អ្នក​ឆ្លង ភាគច្រើនបំផុត ក៏​នៅ​ប្រទេស​ចិន​ដែរ​។ មេរោគ​នេះ ផ្ទុះ​ចេញពី​ទីក្រុង​វូ​ហាន ខេត្ត​ហូ​ប៉ី​៕ 
 
 

Tag:
 កូ​រ៉ូ​ណាវី​រុស​
  ព្រះសង្ឃ​
  ធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com