ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន​៖ កូន​-​ចៅ​ខ្មែរ​ដែល​កើត​នៅ​កូរ៉េ ត្រូវ​ចេះ​ទាំង​ភាសា​ខ្មែរ និង​ភាសា​កូរ៉េ​
05, Feb 2020 , 8:59 am        
រូបភាព
សម្តេច ហ៊ុន សែន ក្នុងពិធីសំណេះសំណាលពលរដ្ឋខ្មែរដែលកំពុងនៅកូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២០។
សម្តេច ហ៊ុន សែន ក្នុងពិធីសំណេះសំណាលពលរដ្ឋខ្មែរដែលកំពុងនៅកូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២០។
ភ្នំពេញ​៖ សម្តេច ហ៊ុន សែន ចង់ឱ្យ​កូន​-​ចៅ​ខ្មែរ​ដែល​កើត​នៅ​កូរ៉េខាងត្បូង ត្រូវ​ចេះ​ប្រើប្រាស់​ទាំង​ភាសា​ខ្មែរ​និង​ភាសា​កូរ៉េ ព្រោះ បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​ទាំង​បុរស​-​ស្ត្រី​បាន​រៀបការ​ជាមួយ​ពលរដ្ឋ​កូរ៉េខាងត្បូង មាន​រហូត​ជិត​១​ម៉ឺន​នាក់​ទៅហើយ​។ សម្តេច ហ៊ុន សែន បាន​អះអាង​ដូច្នេះ បញ្ហា​នេះ សម្តេច​នឹង​លើក​យកមក​ពិភាក្សា​ជាមួយ​លោក មូ​ន ចេ​អ៊ិន ប្រធាន​ធិបតី​កូរ៉េខាងត្បូង  ដើម្បី​រក​វិធី​ដោះ​ស្រោ​យ ដោយ​ធ្វើយ៉ាងណា​ឱ្យ​កូន​-​ចៅ​ខ្មែរ​ដែលជា​កូនកាត់​កូរ៉េ ចេះ​ប្រើប្រាស់​ភាសា​ទាំងពីរ​នេះ​បាន​។

 
​បើតាម​ប្រសាសន៍​សម្តេច​ក្នុង​ពិធី​ជួប​សំណេះ​សំណាង​ជាមួយ​ពលរដ្ឋ​នៅ​កូរ៉េខាងត្បូង​​កាលពី​ថ្ងៃទី​៣​កុម្ភៈ ឆ្នាំ​២០២០ កន្លងមក​បញ្ហា​ដែល​ចង់ឱ្យ​កូន​-​ចៅ​ខ្មែរ​ដែលជា​កូនកាត់​កូរ៉េ​ចេះ​ប្រើប្រាស់​ភាសា​ខ្មែរ​និង​កូរ៉េ​នេះ សម្តេច​តែងតែ​លើក​យកមក​ពិភាក្សា​ជាមួយ​មេដឹកនាំ​កូរ៉េខាងត្បូង ផងដែរ​។ 
 
​ជាក់ស្តែង​ក្នុង​ដំណើរ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២០ នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង សម្តេច​ហ៊ុន សែន នឹង​លើក​បញ្ហា​នេះ​ពិភាក្សា​ជាមួយ​លោក មូ​ន ចេ​អ៊ី​ន ជាថ្មី​ម្តងទៀត នៅ​ថ្ងៃទី​៤​កុម្ភៈ​នេះ ហើយនឹង​បន្ត​ពិភាក្សា​លើ​បញ្ហា​ដដែល​នេះ​ជាមួយ​លោក Lee Nak-yon នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង​។ នេះ​ជាការ​អះអាង​របស់​សម្តេច ដោយបាន​បន្តថា​៖«​ប្រទេស​យើង​បាន​ក្លាយជា​ដន្លង​ជាមួយ​ប្រទេស​កូរ៉េ​ទៅហើយ ដោយមាន​បុរស និង​ស្ត្រី​ជាង​៨​ពាន់​នាក់ មានគ្រួសារ​ជា​ជនជាតិ​កូរ៉េ ដែល​មានកូន​ខ្មែរ​កាត់​កូរ៉េ រហូត​ជាង​១​ម៉ឺន​នាក់​។ ដូច្នេះ​តើ​យើង​រក​វិធី​ដោះស្រាយ​បញ្ហា​យ៉ាងណា ដើម្បី​កូនៗ ចៅៗ​ដែល​បាន​កើតឡើង​ដែលជា​កូនកាត់​នោះ ឱ្យ​ចេះ​ភាសា​ខ្មែរ​ផង និង​ភាសា​កូរ៉េ​ផង​»​។​
 
​បច្ចុប្បន្ននេះ ក្រៅពី​មាន​បុរស​-​ស្ត្រី​ជិត​១​ម៉ឺន​នាក់ រៀបការ​ពលរដ្ឋ​កូរ៉េ​និង​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង កម្ពុជា​ក៏មាន និស្សិត​កំពុង​សិក្សា​លើ​ជំនាញ​គ្រប់​កម្រិត​នៅ​កូរ៉េ​ចំនួន​៤៥០​នាក់ និង​ពលករ​ជាង​៤,៩០០​នាក់​ដែល​ម​ប្រើ​ការងារ​គ្រប់​វិស័យ​ពិសេស​វិស័យ​ឧស្សាហកម្ម សំណង់ និង​កសិកម្ម ក្នុងនោះ​មាន​ស្ត្រី​ជាង​១​ម៉ឺន​នាក់​។ ជា​រៀងរាល់ឆ្នាំ ពលករ​ទាំងនោះ បាន​ផ្ញើ​ថវិកា​សរុប​៤០០​លាន​ដុល្លារ ទៅ​កម្ពុជា សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ របស់​ពួកគេ​។ 
 
​សូមជម្រាបថា កាល​ឆ្នាំ​២០១៩​កន្លងមកនេះ កម្ពុ​ជាមាន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក​។  ក្នុងនោះ​កម្ពុជា បាន​នាំចេញ​ទំនិញ​របស់ខ្លួន​ប្រមាណ ៣០​ភាគរយ  និង​៧០​ភាគ​ទៀត នាំចូល​ពី​កូរ៉េខាងត្បូង​។ ទំនិញ​ដែល​កម្ពុជា​នាំទៅ​កូរ៉េខាងត្បូង ភាគច្រើន​គឺ​សម្លៀកបំពាក់ គ្រឿង​អេឡិចត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ ក្រដាសកាតុង និង​ផលិតផល​កសិកម្ម​មួយចំនួនទៀត​។ រីឯ​ទំនិញ​ដែល​កម្ពុជា នាំចូល​ពី​កូរ៉េខាងត្បូង​វិញ មាន​ក្រណាត់​ត្បាញ រថយន្ត ភេសជ្ជៈ វត្ថុ​តុបតែង​លម្អ​ផ្ទះ និង​ផលិតផល​ប្លា​ស្ទិ​ក​ជាដើម​៕ 

Tag:
 ពលករ​
  សម្តេច ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com