អន្តរជាតិ
ជប៉ុនរកឃើញអ្នកផ្ទុកកូរ៉ូណាវីរុស១០នាក់ក្នុងនាវាទេសចរណ៍ នាវាទេសចរណ៍ Diamond Princess, រូបភាព៖ Kyodo
× មនុស្សចំនួន ១០នាក់ ត្រូវបានគេរកឃើញថា មានផ្ទុកកូរ៉ូណាវីរុស នៅក្នុងនាវាទេសចរណ៍មួយគ្រឿង ដែលជប៉ុន ឃាត់ទុកនាថ្ងៃទី៣ ខែកុម្ភៈ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីសុខាភិបាលជប៉ុន នៅថ្ងៃទី៤ ខែកុម្ភៈ។
នាវាដឹកទេសចរណ៍ Diamond Princess នៅផែ Yokohama ដែលមានផ្ទុកមនុស្សចំនួន ៣៧១១នាក់ ត្រូវបានឃាត់ទុក ដើម្បីត្រួតពិនិត្យអ្នកដំណើរទាំងអស់លើកូរ៉ូណាវីរុស បន្ទាប់ពីជប៉ុនបានរកឃើញអ្នកដំណើរមកពីហុងកុងម្នាក់ថា មានផ្ទុកវីរុសប្រភេទថ្មីនេះ។ បើតាមការធ្វើរោគវិនិច្ឆ័យ នាថ្ងៃទី៤ ខែកុម្ភៈ ក្នុងចំណោមមនុស្ស ៣៧១១នាក់នេះ អាជ្ញាធរសុខាភិបាលជប៉ុន បានរកឃើញអ្នកផ្ទុកកូរ៉ូណាវីរុសចំនួន ១០នាក់ ដែលមានអាយុចន្លោះពី ៥០ឆ្នាំ ទៅ ៨០ឆ្នាំ។
ពេលនេះ អ្នកជំងឺទាំង១០នាក់នោះ ត្រូវគេយកទៅដាក់ព្យាបាលយ៉ាងដិតដល់។ ប៉ុន្តែក្នុងចំណោមអ្នកទាំងនោះ មិនមាននរណាម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរឡើយ។
ដើម្បីធានា និងតាមដានអ្នកដំណើរនៅលើនាវាទេសចរណ៍បន្តទៀត អាជ្ញាធរជប៉ុន បានស្នើឲ្យអ្នកដំណើរ និងកងនាវិកទាំងអស់ ស្នាក់នៅលើនាវាបណ្តោះអាសន្នក្នុងរយៈពេល ១៤ថ្ងៃសិន ដើម្បីរង់ចាំមើល ថាតើមាននរណា ចេញរោគសញ្ញាកូរ៉ូណាវីរុសឬទេ។
សូមបញ្ជាក់ថា កន្លងមកជប៉ុន បានរកឃើញ ២៣ករណីរួចមកហើយ។ ដោយបូកបន្ថែមនឹង ១០ករណីនេះទៀត ជប៉ុនបានកើនរហូតដល់ ៣៣ករណីឯណោះ ដែលជាចំនួនមួយដ៏ខ្ពស់ជាងគេ បន្ទាប់ពីចិន៕
Tag:
ជប៉ុន
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com