អន្តរជាតិ
យោធា​មី​យ៉ាន់​ម៉ា​ប្រឈម​នឹង​ការពិនិត្យ​តាមដាន​កាន់តែខ្លាំង​ពី​អន្តរជាតិ​
05, Feb 2020 , 7:59 pm        
រូបភាព
រូប​ឯកសារ៖ ទាយាន​យាម​ព្រំដែន​មីយ៉ាន់ម៉ា​ម្នាក់​ឈរ​យាម​នៅ​ពី​មុខ​ផ្ទះ​ដែល​ឆាបឆេះ​នៅ​ក្នុង​ការ​ប៉ះទង្គិច​រវាង​ក្រុម​យុទ្ធជន និង​កងកម្លាំង​សន្តិសុខ​នៅ​ក្នុង​ភូមិ Tin May រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។
រូប​ឯកសារ៖ ទាយាន​យាម​ព្រំដែន​មីយ៉ាន់ម៉ា​ម្នាក់​ឈរ​យាម​នៅ​ពី​មុខ​ផ្ទះ​ដែល​ឆាបឆេះ​នៅ​ក្នុង​ការ​ប៉ះទង្គិច​រវាង​ក្រុម​យុទ្ធជន និង​កងកម្លាំង​សន្តិសុខ​នៅ​ក្នុង​ភូមិ Tin May រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។
ដោយ: VOA
​ឈៀង​ម៉ៃ ៖នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ការកើនឡើង​នៃ​ជម្លោះ​រវាង​ក្រុម​ជនជាតិភាគតិច​ប្រដាប់ អាវុធ និង​កងកម្លាំង​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​កាលពី​ឆ្នាំមុន បាន​បង្ក​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​កាន់តែ​ធ្ងន់ធ្ងរ ខណៈ​មានការ​ចោទប្រកាន់​កាន់​តែ​ខ្លាំង​ថា​ការបង្ក្រាប​របស់​កងក​ម្លាំ​ង​រដ្ឋាភិបាល​នេះ​គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ បន្ទាប់ពី​តុលាការ​អង្គការសហប្រជាជាតិ​ចេញ​បទបញ្ជា​នាពេល​ថ្មីៗ​នេះ​ឲ្យ​មី​យ៉ាន់​ម៉ា​ត្រូវតែ​ការពារ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​កាន់សាសនា​ឥស្លាម​ពី​អំពើ​ប្រល័យពូជសាសន៍​នោះ ក្រុម​ជនជាតិភាគតិច​ផ្សេងៗ​ទៀត​ដែល​បាន​ប្រយុទ្ធ​អស់​រាប់​ទសវត្សរ៍​មក​ហើយ​ដើម្បី​គ្រប់គ្រង​ដែនដី​ដែល​សម្បូរ​ដោយ​ធនធាន​កំពុង​បង្ហាញ​ក្តីកង្វល់​យ៉ាងខ្លាំង​ចំពោះ​អំពើ​ឃោរឃៅ​ដែល​ធ្វើឡើង​ដោយ​យោធា​មី​យ៉ាន់​ម៉ា​ដែល​ត្រូវបាន​កត់ត្រា​ទុក​អស់​រាប់​ទសវត្សរ៍​មក​ហើយ​។​
 
​អ្នកភូមិ​ជនជាតិ Shan ទន្ទឹងរង់ចាំ​សន្តិ​ភាពជា​យូរ​មកហើយ ខណៈ​ការប្រយុទ្ធ​រវាង​កងក​ម្លាំ​ង​រដ្ឋាភិបាល និង​កងទ័ព​រំដោះជាតិ Ta'ang ដែលជា​ក្រុម​ជនជាតិភាគតិច​ប្រដាប់​ដោយ​អាវុធ​នៅក្នុង​តំបន់​បង្ក​ការលំបាក​យ៉ាងខ្លាំង​ដល់​ពួក​អ្នកភូមិ​។​
 
​អ្វី​ដែលជា​ទុក្ខព្រួយ​ធ្ងន់ធ្ងរ​ខ្លាំង​បំផុត​នោះ គឺ​ការកើនឡើង​ការវាយប្រហារ​តាម​អាកាស​ដោយ​កងទ័ព​មី​យ៉ាន់​ម៉ា​ដើម្បី​ចូលទៅ​កាន់​តំបន់ភ្នំ​នេះ ដែល​ការណ៍​នេះ​បាន​បង្ក​ហានិភ័យ​កាន់តែខ្លាំង​សម្រាប់​ជន​ស៊ីវិល​អាច​នៅ​ចំ​កណ្តាល​ការប្រយុទ្ធ​តតាំង​ដាក់គ្នា​នេះ​។​
 
​លោក U Maung Chone គ្រូបង្រៀន​នៅ​សាលារៀន​ក្នុង ក្រុង Namhsan បាន​និយាយថា​៖ «​សំឡេង​ឧទ្ធម្ភាគចក្រ​ពិតជា​គួរ​ឲ្យ​ខ្លា​ចណាស់​។ សំឡេង​ផ្ទុះ​គ្រាប់​ដែល​ទម្លាក់​នៅ​ជុំវិញ​ភូមិ​គឺ​ពិតជា​គួរ​ឲ្យ​រន្ធត់​ខ្លាំងណាស់​។ មិន​ថា​គ្រាប់បែក​នោះ​ទម្លាក់​នៅក្នុង​ក្រុង​ឬ​នៅ​តំបន់​ផ្សេងទៀត​ទេ សំឡេង​ផ្ទុះ​នោះ​គឺ​ពិតជា​គួរ​ឲ្យ​ខ្លាច​ណាស់​សម្រាប់​ក្មេងៗ​»​។​
 
​ជន​ស៊ីវិល​ប្រហែល​៨០០០​នាក់​បាន​បាត់បង់​ផ្ទះសម្បែង​ដោយសារ​ការប្រយុទ្ធ​គ្នា​នៅក្នុង​រដ្ឋ Shan ក្នុង​ឆ្នាំ​២០១៩ ហើយ​មនុស្ស​រាប់ពាន់នាក់​ទៀត​បាន​រត់ចេញ​ដោយសារ​ការប្រយុទ្ធ​គ្នា​នៅក្នុង​រដ្ឋ Kachin រដ្ឋ Karen​និង​រដ្ឋ Rakhine​។​
 
​ក្រុម​អ្នកសង្កេតការណ៍​ដូច​អ្នកស្រី Charm Tong សកម្មជន​សិទ្ធិមនុស្ស​ក្នុង​រដ្ឋ Shan​មាន​ក្តីកង្វល់​ថា ក្រុមហ៊ុន​អន្តរជាតិ​នានា​នឹង​បន្ត​ព្រងើយកន្តើយ​ទៅនឹង​ការចោទប្រកាន់​ជាច្រើន​ពី​ការប្រព្រឹត្ត​ឧក្រិដ្ឋ​សង្គ្រាម​ដោយ​កងទ័ព​មី​យ៉ាន់​ម៉ា​នេះ ហើយ​ពួកគេ​នឹង​នៅតែ​បន្ត​ប្រព្រឹត្ត​ទង្វើ​នេះ​យ៉ាង​គឃ្លើន​។​
 
​អ្នកស្រី CHARM TONG សកម្មជន​សិទ្ធិមនុស្ស​រដ្ឋ Shan បាន​ថ្លែងថា​៖ «​ប្រសិនបើ​គ្មាន​សម្ពាធ​ពី​អន្តរជាតិ និង​ការ​ថ្កោលទោស​ចំពោះ​ការប្រើប្រាស់​អាវុធ​បែបនេះ​ប្រឆាំងនឹង​ជន​ស៊ីវិល​នៅក្នុង​តំបន់​នានា​ទេនោះ ពួកគេ​នៅតែ​អាច​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដូចនេះ និង​ការវាយប្រហារ​ដោយ​គ្មាន​ការទទួលខុសត្រូវ​បែបនេះ​ដ​ដែរ​»​។​
 
​ការគំរាមកំហែង​ពី​ការវាយប្រហារ​ភ្លាមៗ​ដោយ​ឥតឈប់ឈរ​ទាំងនេះ​បាន​បង្កើន​ការលំបាក​ដល់​កុមារ​ដែល​ផ្លាស់ប្តូរ​ទីលំនៅ​ជាច្រើន​នៅក្នុង​តំបន់​ជនជាតិភាគតិច​។​
​សម្រាប់​ឳ​ពុក​ម្តាយ​ដូចជា​អ្នកស្រី Mary Renu ការការពារ​កូនៗ​របស់​អ្នកស្រី​ពី​ព័ត៌មាន​អាក្រក់​នៃ​ការទម្លាក់​គ្រាប់បែក​គឺជា​ភារកិច្ច​ដ៏​លំបាក​មួយ​។​
 
​អ្នកស្រី Renu និយាយថា កូនប្រុស​អ្នកស្រី​ឈ្មោះ Naw Din អាយុ​១០​ឆ្នាំ​បាន​ក្លាយជា​ក្មេង​មិនសូវ​និយាយស្តី​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ហើយ​ព្យាយាម​បង្ហាញ​ពី​ការភ័យខ្លាច​តាមរយៈ​ការ​គូរគំនូរ​វិញ​។​
 
​អ្នកស្រី Mary Renu បាន​និយាយថា​៖ «​ខ្ញុំ​បាន​ប្រាប់​កូនប្រុស​ខ្ញុំ​កុំ​ឲ្យ​បារម្ភ ព្រោះថា​ស្ថានភាព​នឹងមាន​ភាពប្រសើរ​ឡើងវិញ​។ កូន​កុំ​ខ្លាច​អី​។ ខ្ញុំ​ព្យាយាម​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ប្រសើរឡើង​និង​គិតថា​មាន​សុវត្ថិភាព​។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ការប្រយុទ្ធ​គ្នា​និង​ជម្លោះ​នឹងត្រូវ​បញ្ចប់​ឆាប់ៗ​។ ខ្ញុំ​ព្យាយាម​លើកទឹកចិត្ត​គាត់​»​។​
​ខណៈ​ការប្រយុទ្ធ​គ្នា​នៅ​បន្ត​កើតឡើង​នៅក្នុង​តំបន់​សម្បូរ​ធនធាន​នៅ​ប្រទេស​
 
​មី​យ៉ាន់​ម៉ា ទាំង​ក្រុម​ការពារ​សិទ្ធិមនុស្ស​និង​ជនភៀសខ្លួន​សង្ឃឹមថា​ការពិនិត្យ​តាមដាន​កាន់តែខ្លាំង​ពី​អន្តរជាតិ​លើ​យោធា​មី​យ៉ាន់​ម៉ា​នឹង​នាំមក​នូវ​ការទទួលខុសត្រូវ​និង​សន្តិសុខសម្រាប់​ជន​ស៊ីវិល​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com