ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បរិមាណ​ទឹកមាត់​គ្រប់គ្រាន់ គឺ​ចាំបាច់​ណាស់​! ថា​តើ​អាហារ​អ្វីខ្លះ​ជួយ​បង្កើន​ការផលិត​ទឹកមាត់​?
06, Feb 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ក្រពេញទឹកមាត់​អាច​ផលិត​ទឹកមាត់​ដល់ ១​លីត្រ​កន្លះ​ក្នុង​មួយថ្ងៃៗ​?​នេះ​ក៏​ព្រោះតែ​ទឹកមាត់​ដើរតួនាទី​យ៉ាងសំខាន់ៗ​ជាច្រើន​រួមបញ្ចូល​ទាំង​រក្សា​មាត់​មិនឱ្យ​ស្ងួត កម្ចាត់​បាក់តេរី​និង​កំទេចកំទី​អាហារ​ពន្យឺត​ការកកើត​ឡើង​នៃ​កំណកកំបោរ​និង​បញ្ហា​ពុក​ធ្មេញ ធ្វើឱ្យ​អាហារ​ទន់​ស្រួល​ក្នុងការ​លេប និង​បំបែក​ជាតិ​ម្ស៉ៅ​ទៅជា​ស្ករ​ធម្មតា​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ស្រូបយក​ក្នុង​ពោះវៀន​ជាដើម​។ បញ្ហា​សុខភាព​មួយចំនួន​អាច​បណ្ដាលឱ្យ​ក្រពេញទឹកមាត់​ផលិត​ទឹកមាត់​មិនបាន​គ្រប់គ្រាន់​។ ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​មួយចំនួន​ដែលមាន​ប្រសិទ្ធភាព​បង្កើន​ការផលិត​ទឹកមាត់ ៖

 
១. គ្រឿងទេស​
 
​គ្រឿងទេស​រួមមាន​ខ្ញី ម្ទេស រមៀត និង​ខ្ទឹមស​ជាដើម​សុទ្ធតែ​ល្អ​ក្នុងការ​រំញោច​ក្រពេញទឹកមាត់​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល ឬ​រោយ​គ្រឿងទេស​ក្នុង​អាហារ​ដើម្បីឱ្យ​ការផលិត​ទឹកមាត់​កាន់​តែមាន​ប្រសិទ្ធភាព​។​
 
២. ផ្លែ​ប៉ោម​
 
​ការទទួល​ទាន​ផ្លែ​ប៉ោម​ក៏​អាចជួយ​ទប់ស្កាត់​បញ្ហា​ស្ងួត​ក្នុង​មាត់​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ផ្លែ​ប៉ោម​ជួយ​រំញោច​ភាព​សកម្ម​នៃ​ក្រពេញទឹកមាត់ ហើយ​ផ្លែឈើ​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ទឹក​ដែល​ធ្វើឱ្យ​ការ​ទំពារ​ផ្លែឈើ​នេះ​ជួយ​រក្សា​សំណើម​ក្នុង​មាត់​។​
 
៣. ផ្លែឈើ​មាន​រសជាតិ​ជូរ​
 
​គ្រាន់តែ​គិតដល់​ការ​ទទួលទាន​ផ្លែឈើ​មាន​រសជាតិ​ជូរ​ក៏​ធ្វើឱ្យ​កើន​ទឹកមាត់​បាត់ទៅហើយ​! ចុះ​ទម្រាំ​តែ​ញ៊ាំ​មែន​ទៀត​? ផ្លែឈើ​រសជាតិ​ជូរ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​អាចជួយ​រក្សាសុខ​ភាព​អញ្ចាញ​ទៀត​ផ​ហ​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​អ្នក​ខ្ពុរ​សម្អាត​មាត់​ក្រោយពេល​ទទួលទាន​រួច​ដើម្បី​រក្សា​សុខភាព​កាចា​ធ្មេញ​។​
 
៤. បន្លែ​
 
​ការទទួល​ទាន​បន្លែ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ ជាតិ​ទឹក និង​ស្រួយៗ​ក៏​អាចជួយ​រំញោច​ក្រពេញទឹកមាត់​បា​ន​ផងដែរ​។​
 
៥. ទឹក​
 
​ត្រូវ​ប្រាកដថា​អ្នក​បានទទួល​ទាន​ទឹក​គ្រប់គ្រាន់​ជាប្រចាំ​ដើម្បី​រក្សា​សំណើម​ពេញ​ក្នុង​រាងកាយ​រួមបញ្ចូល​ទាំង​មាត់​។ ការទទួល​ទាន​មិន​ត្រឹមតែ​ជួយ​ដោះស្រាយ​បញ្ហា​នៃ​ភាព​ស្ងួត​ក្នុង​មាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​រាងកាយ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com