ជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា-ចិន នឹងផ្លាស់ប្តូរយោបល់គ្នា ពីការរាលដាលមេរោគកូរ៉ូណា
05, Feb 2020 , 11:06 am        
រូបភាព
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្រ្តិចិន នាពេលកន្លងមក
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្រ្តិចិន នាពេលកន្លងមក
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ អំពីដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។



ក្រសួងការបរទេស សរសេរក្នុងសេចក្តីប្រកាសព័ត៌មានថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាលើការរីករាលដាលនៃមវីរុសកូរ៉ូណាប្រភេទថ្មី រួមទាំងពិភាក្សាគ្នាពីកិច្ចសហការប្រតិបត្តិការ និងបញ្ហាមួយចំនួន ដែលជាផលប្រយោជន៍រួមគ្នា។ លើសពីនេះសម្តេចនាយករដ្ឋមន្រ្តី ក៏នឹងជួបលោក ស៊ី ជិនភីង ប្រធានាធិបតីចិនផងដែរ។

គណៈប្រតិភូ ដែលទៅជាមួយសម្តេចនាយករដ្ឋមន្រ្តី រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស មន្រ្តីជាន់ខ្ពស់មួយចំនួនរបស់រដ្ឋាភិបាល និង ថ្នាក់ដឹកនាំនៃសភាពណិជ្ជកម្មកម្ពុជា។ សម្តេចនាយករដ្ឋមន្រ្តី ហោះចេញពីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ទៅកាន់ទីក្រុងប៉េកាំងតែម្តង។ សម្តេច ទៅកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស។  

មុនដំបូង សម្តេចនាយករដ្ឋមន្រ្តី ប្រកាសចេញពីទីក្រុងសេអ៊ូល ក្នុងជំនួបជាមួយពលរដ្ឋខ្មែរថា សម្តេច ចង់ទៅទីក្រុងវូហាន ដែលជាកន្លែងផ្ទុះមេរោគកូរ៉ូណាប្រភេទថ្មី ដើម្បីសួរសុខទុក្ខនិងលើកទឹកចិត្តនិស្សិតខ្មែរ២៣នាក់ តែភាគីចិន ប្រាប់ថា មិនអាចរៀបចំជូនសម្តេច ឲ្យទៅទីនោះបានទេ ដោយសារតែមេរោគនេះ រាលដាលកាន់តែខ្លាំងឡើងៗ។ បន្ទាប់មក ទើបភាគិចិន អញ្ជើញសម្តេច ឲ្យទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងវិញ។ 

គិតត្រឹមព្រឹកថ្ងៃទី៥ ខែកុម្ភៈ មេរោគកូរ៉ូណាប្រភេទថ្មី បានសម្លាប់ជនជាតិចិនជិត៥00នាក់ហើយ ក្នុងនោះ ស្លាប់នៅចិនស្ទើរទាំងអស់ ដោយនៅហុងកុងតែ១ករណី និង នៅហ្វីលីពីន១ករណី។ ចំណែក អ្នកដែលផ្ទុកមេរោគនេះ បានកើនឡើងជាង២ម៉ឺននាក់ ដោយភាគច្រើនបំផុតនៅប្រទេសចិន៕

Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com