អន្តរជាតិ
ចំពោះមុខលោក ក្វៃដូ, លោក ត្រាំ ប្រកាសថា ការដឹកនាំផ្ដាច់ការលោក ម៉ាឌុយរ៉ូ នឹងត្រូវកម្ទេច លោក ហ័ន ក្វៃដូ មេដឹកនាំក្រុមប្រឆាំងវ៉េណេស៊ុយអេឡា ឈរលើកដៃអំឡុងពេលការថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ។ រូបភាព AFP
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៤ ខែកុម្ភៈ (ព្រឹកថ្ងៃទី៥ ខែកុម្ភៈនៅកម្ពុជា) ប្រកាសកម្ទេចរបបដឹកនាំប្រធានាធិបតីឆ្វេងនិយមនៅវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌុយរ៉ូ ដែលលោកចាត់ទុកជាមេដឹកនាំខុសច្បាប់។ លោក ត្រាំ ប្រកាសបែបនេះអំឡុងពេលការថ្លែងសុន្ទរកថាប្រចាំឆ្នាំ និងនៅចំពោះមុខលោក ហ័ន ក្វៃដូ មេដឹកនាំប្រឆាំងដែលអាមេរិកទទួលស្គាល់ជាប្រធានាធិបតីស្របច្បាប់របស់វ៉េណេស៊ុយអេឡា។
លោក ហ័ន ក្វៃដូ មេដឹកនាំក្រុមប្រឆាំង និងជាប្រធានាធិបតីបណ្ដោះអាសន្នរបស់វ៉េណេស៊ុយអេឡា គឺជាភ្ញៀវកិត្តិយសម្នាក់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងពិធីថ្លែងសុន្ទរកថាប្រចាំឆ្នាំ។ ការអញ្ជើញលោក ក្វៃដូ បែបនេះ ជាសញ្ញានៃការគាំទ្រដោយផ្ទាល់យ៉ាងកម្រមួយរបស់អាមេរិកចំពោះមេដឹកនាំប្រឆាំងរូបនេះដែលកំពុងតស៊ូបណ្ដេញលោក នីកូឡាស់ ម៉ាឌុយរ៉ូ ចេញពីតំណែងប្រធានាធិបតីវ៉េណេស៊ុយអេឡា។
ចំពោះមុខ លោក ក្វៃដូ ដែលត្រូវបានប្រទេសជាង៦០ទទួលស្គាល់ជាមេដឹកនាំស្របច្បាប់តែមួយគត់របស់វ៉េណេស៊ុយអេឡា ប្រធានាធិបតីអាមេរិកនិយាយថា លោក ម៉ាឌុយរ៉ូ ជាមេដឹកនាំមិនស្របច្បាប់ និងជាអ្នករំលោភអំណាចម្នាក់ដែលបំពានប្រជាជនខ្លួនឯង។ លោក ត្រាំ បន្តថា ប៉ុន្តែការរំលោភអំណាចរបស់លោក ម៉ាឌុយរ៉ូ នឹងត្រូវកម្ទេច។
ដោយហៅលោក ក្វៃដូ ជាមេដឹកនាំស្របច្បាប់របស់វ៉េណេស៊ុយអេឡា លោក ត្រាំ អះអាងថា លោក ក្វៃដូ បានស្ពាយលើស្មារនូវក្ដីសង្ឃឹម សុបិន និងបំណងប្រាថ្នារបស់ប្រជាជនវ៉េណេស៊ុយអេឡាទាំងអស់។ ជាការកត់សម្គាល់ លោក ក្វៃដូ ត្រូវបានស្វាគមន៍យ៉ាងខ្លាំងពីសំណាក់បក្សទាំងពីររបស់អាមេរិកអំឡុងពេលបង្ហាញវត្តមាននៅឯវិមានកាពីតូល។
យ៉ាងណាមិញ ការលើកឡើងរបស់ខ្លាំងៗរបស់លោក ត្រាំ ធ្វើឡើងស្របពេលដែលស្ថានការណ៍នយោបាយនៅវ៉េណេស៊ុយអេឡាហាក់ស្ងប់ស្ងាត់បន្តិច ដែលការណ៍ធ្វើឲ្យគេរំពឹងថា វិបត្តិនេះអាចកម្រើកទៅជាតានតឹងឡើងវិញ។ ប៉ុន្តែលោក ម៉ាឌុយរ៉ូ ដែលមានការគាំទ្រពីរុស្ស៊ី និងចិនផងនោះ មិនបានផ្ដល់សញ្ញារាថយពីអំណាចឡើយ ខណៈប្រទេសក្បែរខាងវ៉េណេស៊ុយអេឡាជាច្រើនមិនចាត់ទុកជាមេដឹកនាំស្របច្បាប់ទៀតឡើយ។
ក្រៅពីការគាំទ្រផ្នែកការទូត កម្លាំងសំខាន់ដែលធ្វើឲ្យលោក ម៉ាឌុយរ៉ូ អាចបន្តឈរជើងដឹកនាំប្រទេសបាន គឺយោធាដែលបន្តស្មោះស្ម័គ្រនឹងលោកដដែល ទោះជាស្ថានការណ៍ក្នុងស្រុកយ៉ាប់យ៉ឺនដោយសារវិបត្តិសេដ្ឋកិច្ចដាំក្បាលចុះ ទំនិញឡើងថ្លៃ និងភាពអត់ការងារធ្វើសាយភាយពេញប្រទេសក្ដី។ ស្របពេលនេះ ការតវ៉ាប្រឆាំងការដឹកនាំរបស់លោកដែលមានចំនួនច្រើននាពេលកន្លងមក ក៏ត្រូវបានមើលឃើញថា ថមថយកម្លាំងផងដែរ៕
Tag:
អាមេរិក
វ៉េណេស៊ុយអេឡា
ដូណាល់ ត្រាំ
នីកូឡាស់ ម៉ាឌុយរ៉ូ
ហ័ន ក្វៃដូ
© រក្សាសិទ្ធិដោយ thmeythmey.com