អន្តរជាតិ
កូរ៉េខាងត្បូង​៖ អ្នក​ដែល​ស្តុក​ម៉ាស់ និង​ទឹក​លាងដៃ​ទុក​លក់​យកចំណេញ ត្រូវ​ជាប់គុក​ពីរ​ឆ្នាំ​
05, Feb 2020 , 12:14 pm        
រូបភាព
​ក្ដីបារម្ភ​ពី​ការឆ្លង​កូ​រ៉ូ​ណាវី​រុស បានធ្វើ​ឲ្យ​តម្រូវការ​ម៉ាស់ និង​ទឹក​លាងដៃ​នៅ​កូរ៉េខាងត្បូង​កើនឡើង​យ៉ាង​រហ័ស ដែល​ការណ៍​នេះ​ក៏​ឲ្យ​តម្លៃ​ទំនិញ​ទាំងពីរ​កើនឡើង​ផងដែរ​។ ដើម្បី​ទប់ស្កាត់​ចរន្ត​ទីផ្សារ​បែបនេះ រដ្ឋាភិបាល​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៤ ខែកុម្ភៈ បានអនុម័ត​វិធានការ​ក្ដៅ​លើ​អ្នកលក់​ទាំងឡាយណា​ដែល​ប្រមូល​ម៉ាស់ និង​ទឹក​លាងដៃ​នេះ​ទុក​លក់​យកចំណេញ​ច្រើន​ដូចជា​ការជាប់​ពន្ធនាគា​រ និង​ការពិន័យ​ជា​ប្រាក់​ខ្ទង់​ម៉ឺន​ដុល្លារ​ជាដើម​។​



​ក្នុង​សេចក្ដីប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កូរ៉េខាងត្បូង បុគ្គល​ដែល​ពាក់ព័ន្ធ​ករណី​ប្រមូល​ម៉ាស់ និង​ទឹក​លាងដៃ​ទុក​ក្នុង​គោលដៅ​យកចំណេញ នឹង​ប្រឈមមុខ​ជាប់ពន្ធនាគា​រដ​ល់​ទៅ​ពីរ​ឆ្នាំ ហើយ​រង​ការពិន័យ​ជា​ទឹកប្រាក់​ដល់​ទៅ​៤២០០០​ដុល្លារ​ផងដែរ​។ បើតាម​ការប្រកាស​ថ្ងៃទី​៤ ខែកុម្ភៈ ការដាក់ពិន័យ​នេះ នឹង​អនុវត្ត​ចាប់ពី​ថ្ងៃទី​៥ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​៣០ ខែមេសា​។

​តម្រូវការ​ម៉ាស់ និង​ទឹក​លាងដៃ​នៅ​កូរ៉េខាងត្បូង បាន​កើនឡើង​យ៉ាងខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ ខណៈ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​នៅ​ប្រទេស​នេះ​មាន​ចំនួន​១៨​ករណី​។ បច្ចុប្បន្ន ការផ្គត់ផ្គង់​ម៉ាស់​នៅ​កូរ៉េខាងត្បូង មិនអាច​បំពេញតម្រូវកា​រ​បានឡើយ​។ គេ​ពិបាក​រក​ទិញ​ម៉ាស់​ដែលមាន​គុណភាព​នៅតាម​ឱសថស្ថាន ឬ​ផ្សារ​ទំនើប ឬ​តាម​បណ្ដាញ​អន​ឡាញ​ឡើយ ខណៈ​ក្ដីបារម្ភ​ពី​ករណី​ឆ្លង​វីរុស​នេះ​ចេះតែ​កើនឡើង​ឥតឈប់ឈរ​។​

​ទេសចរ​ចិន និង​អ្នកលក់​ខ្លះ ក៏​ក្លាយជា​មុខសញ្ញា​នៃ​ការរិះគន់ ដោយមាន​មតិ​ខ្លះ​លើកឡើងថា ពួកគេ​ទិញ​ម៉ាស់​ការពារ​ខ្លួន ដែល​ធ្វើ​ឲ្យ​ប្រជាជន​កូរ៉េខាងត្បូង​មិនអាច​ទិញ​ពាក់​បានដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​

​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​កូរ៉េខាងត្បូង ហុង ណា​ម​គី (Hong Nam-ki) បាន​និយាយ​នៅ​ដើម​សប្ដាហ៍​នេះ​ថា ការខ្វះខាត​ម៉ាស់ នឹងមិន​កើតមាន​ឡើយ បើ​មិនមាន​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​ដូច​ជាការ​ស្តុក​ម៉ាស់​ទុកជា​ដើម​។ បើតាម​រដ្ឋមន្ត្រី​រូបនេះ ការ​បំភ្លៃ​តម្លៃ​ទីផ្សារ​លើ​មុខទំនិញ​ដូចជា​ម៉ាស់​នេះ នឹងត្រូវ​ចាត់ទុកជា​បទល្មើស​រដ្ឋ​បាល និង​ឧក្រិដ្ឋ​ផងដែរ​។

​ក្នុង​គោលដៅ​ទប់ស្កាត់​ការ​រាលដាល រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល បាន​ចាត់វិធានការ​ជាច្រើន​ពិសេស​ការហាម​ប្រាម​អ្នកដំណើរ​ទាំងអស់​ដែល​ធ្វើដំណើរ​មកពី​ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន​អំឡុងពេល​ពីរ​សប្ដាហ៍​ចុងក្រោយ ចូល​ទឹកដី​កូរ៉េខាងត្បូង និង​ការដាក់​ឲ្យ​នៅ​ដោយឡែក​រាល់​អ្នក​ដែល​សង្ស័យថា​មាន​ឆ្លង​វីរុស​នេះ​។ កូរ៉េខាងត្បូង ក៏​កំពុង​គិតគូរ​ធ្វើតេស្តរ​កកូ​រ៉ូ​ណាវី​រុស​លើ​អ្នកដំណើរ​ទាំងអស់​ទោះ​មិន​ធ្លាប់ធ្វើ​ដំណើរ​ទៅ​ចិន​ផងដែរ​៕





Tag:
 ​កូរ៉េខាងត្បូង​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com