អន្តរជាតិ
កូរ៉េខាងត្បូងរកឃើញអ្នកផ្ទុកកូរ៉ូណាវីរុស ២ករណីបន្ថែមទៀត រូបភាព៖ Yonhap
× កូរ៉េខាងត្បូង នៅថ្ងៃទី៥ ខែកុម្ភៈ បានរកឃើញអ្នកផ្ទុកកូរ៉ូណាវីរុសពីរករណីបន្ថែមទៀត ដែលកើនចំនួនសរុបរហូតដល់ ១៨ករណី។ ក្នុងករណីទី១៧ គឺជាបុរសជនជាតិកូរ៉េខាងត្បូង បានឆ្លងកូរ៉ូណាវីរុសប្រភេទថ្មី(2019-NoCv) បន្ទាប់ត្រលប់មកពីសិង្ហបុរី ខណៈពេលករណីទី១៨ គឺជាកូនស្រី របស់ស្ត្រីជនជាតិកូរ៉េខាងត្បូង ដែលបានឆ្លងវីរុសថ្មីនេះមកពីប្រទេសថៃ។ ពាក់ព័ន្ធនឹងការរកឃើញករណីកូរ៉ូណាវីរុសនៅក្នុងប្រទេសកាន់តែច្រើន ក្នុងថ្ងៃដដែលនេះរដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានពិចារណារឹតត្បិតជនបរទេសទាំងអស់ ដែលបានធ្វើដំណើរមកពីតំបន់ជុំវិញខេត្តហ៊ូប៉ីបន្ថែមទៀត។
ត្រឹមថ្ងៃទី៥ ខែកុម្ភៈ កូរ៉េខាងត្បូង បានរកឃើញកូរ៉ូណាវីរុស ១៨ករណីហើយ។ តាមការអះអាងរបស់មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ ពលរដ្ឋកូរ៉េចំនួន ២នាក់បន្ថែមទៀត ត្រូវបានគេរកឃើញថា មានផ្ទុកកូរ៉ូណាវីរុស។ សម្រាប់ករណីទី១៧ គឺកើតលើបុរសម្នាក់ ដែលបានធ្វើដំណើរទៅសិង្ហបុរី ដើម្បីធ្វើការ។ បុរសរូបនេះ ទំនងជាឆ្លងមកពីជនជាតិម៉ាឡេស៊ីម្នាក់ ដែលបានផ្ទុកកូរ៉ូណាវីរុស បន្ទាប់ពីអ្នកទាំងពីរ បាននិយាយទាក់ទងជាមួយគ្នា។ ចំណែកករណីទី១៨ គឺកើតលើកូនស្រី របស់ស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលបានឆ្លងកូរ៉ូណាវីរុសមកពីប្រទេសថៃ។
ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានអះអាងថា ខ្លួនបានកំណត់អត្តសញ្ញាណជន ដែលបានជួប ឬជិតស្និទ្ធជាមួយអ្នកជំងឺរួចហើយ។ ពេលនេះ មនុស្សចំនួន ១២៩នាក់ ត្រូវបានគេដាក់នៅមជ្ឈមណ្ឌលចត្តាឡីស័ក ដើម្បីធ្វើរោគវិនិច្ឆ័យរកមើលកូរ៉ូណាវីរុស ចំណែកមនុស្សចំនួន ១៣១៨នាក់ផ្សេងទៀត កំពុងត្រូវបានគេត្រួតពិនិត្យរកមើលរោគសញ្ញាកូរ៉ូណាវីរុស។ យ៉ាងណាក៏ដោយអាជ្ញាធរ នៅតែមានបញ្ហាព្រួយបារម្ភពីបញ្ហាឆ្លងពីមនុស្សទៅមនុស្ស នៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
ក្នុងថ្ងៃដដែលនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានពិចារណាលើការហាមឃាត់អ្នកដំណើរទាំងអស់មកពីតំបន់ជុំវិញខេត្តហ៊ូប៉ី ប្រទេសចិន ចូលមកក្នុងទឹកដីកូរ៉េខាងត្បូងផងដែរ។ កន្លងមកកូរ៉េខាងត្បូង បានហាមឃាត់តែជនបរទេសមកពីខេត្តហ៊ូប៉ីប៉ុណ្ណោះ។ បើតាមនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Chung Sye-kyun រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងចាត់វិធានការបន្ថែមទៀត តាមរយៈការរឹតត្បិតការចេញ និងចូលខេត្តហ៊ូប៉ី និងតំបន់ជុំវិញនោះ ហើយជនបរទេស ដែលធ្វើដំណើរទៅខេត្តហ៊ូប៉ី ក្នុងរយៈពេល ១៤ថ្ងៃមុន ក៏អាចមិនឲ្យចូលទឹកដីកូរ៉េខាងត្បូងផងដែរ។
សូមបញ្ជាក់ថា ការដាក់ចេញចំណាត់ការរបស់កូរ៉េខាងត្បូងបែបនេះ គឺធ្វើឡើង ដើម្បីទប់ស្កាត់ការកើនឡើង និងការរីករាលដាលនៃកូរ៉ូណាវីរុស និងករណីឆ្លងពីមនុស្សទៅមនុស្សនៅក្នុងប្រទេស៕
Tag:
កូរ៉េខាងត្បូង
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com