អន្តរជាតិ
អ្នកស្លាប់ដោយសារកូរ៉ូណាវីរុសចំនួន៨០ភាគរយ មានអាយុលើសពី ៦០ឆ្នាំ
× តាមទិន្នន័យរបស់គណៈកម្មការសុខាភិបាលជាតិចិន មនុស្សដែលបានបាត់បង់ជីវិត ដោយសារជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី (2019-NoCv) ប្រមាណ៨០ភាគរយមានអាយុលើសពី ៦០ឆ្នាំ។
គិតត្រឹមថ្ងៃទី៥ ខែកុម្ភៈ អ្នកស្លាប់ដោយសារជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី នៅចិនទាំងអស់ មានប្រមាណជិត៥០០នាក់។ គ្រាន់តែខេត្តហ៊ូប៉ីប៉ុណ្ណោះ ចំនួនអ្នកស្លាប់មានរហូតដល់ ៩៧ភាគរយឯណោះ។ បើតាមលោកស្រី Jiao Yahui នាយករងរដ្ឋបាលសុខាភិបាល នៃគណៈកម្មការសុខាភិបាលជាតិចិន អត្រាមរណភាពដោយសារជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី នៅក្នុងក្រុងវូហាន មានចំនួន ២,១ភាគរយ ចំណែកនៅក្នុងខេត្តហ៊ូប៉ីទាំងមូល មានចំនួន ៣,១ភាគរយ។
ក្នុងចំណោមអ្នកស្លាប់ជិត៥០០នាក់នៅក្នុងប្រទេសចិន ៨០ភាគរយមានអាយុលើសពី ៦០ឆ្នាំ និង៧៥ភាគរយមានជំងឺផ្សេងទៀត គួបផ្សំជាមួយកូរ៉ូណាវីរុស។ លើសពីនេះ អត្រាស្លាប់នៅក្នុងប្រទេសចិននេះ គឺមានចំនួន ២ភាគ៣ គឺជាបុរស។ ចំណែកអ្នកជំងឺមានអាយុក្មេងជាងគេបំផុត គឺជាទារក ដែលមានអាយុ ត្រឹមតែមួយខែប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។
តាមការបញ្ជាក់របស់លោកស្រី Jiao អ្នកជំងឺដែលផ្ទុកកូរ៉ូណាវីរុស និងភាពសុខភាពល្អប្រសើរ អាចជាសះស្បើយយ៉ាងហោចណាស់រយៈពេល ៩ថ្ងៃ ចំណែកអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរត្រូវប្រើពេលច្រើនជាង ២០ថ្ងៃ។
សូមបញ្ជាក់ថា បញ្ហាកូរ៉ូណាវីរុស បានអុកឡុកយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ជាពិសេសខេត្តហ៊ូប៉ី ដែលបង្កឲ្យកើតវិបត្តិខ្វះគ្រែសម្រាប់អ្នកជំងឺ និងសម្ភារៈពេទ្យយ៉ាងខ្លាំង។ ដើម្បីដោះស្រាយបញ្ហានេះ ចិនបានខិតខំសាងសង់មន្ទីពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ ក្នុងរយៈពេលយ៉ាងលឿនបំផុត ចំណែកសម្ភារៈពេទ្យ ដែលខ្វះខាត ចិនបានទិញពីប្រទេសមួយចំនួន និងទទួលជំនួយពីប្រទេសជិតខាងខ្លះ៕
Tag:
ចិន
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com