ជាតិ
សេដ្ឋកិច្ច
កូរ៉េ សន្យា​ផ្ដល់​ជំនួយឥតសំណង សម្រាប់​ប្រព័ន្ធ​E-Government កម្ពុជា​
05, Feb 2020 , 8:19 pm        
រូបភាព
លោក Anh Moon Suk ប្រធាននៃគណៈកម្មាធិការប្រឹក្សាយោបល់នៃប្រទេសកូរ៉េ ជួបពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៥ កុម្ភៈ ២០២០
លោក Anh Moon Suk ប្រធាននៃគណៈកម្មាធិការប្រឹក្សាយោបល់នៃប្រទេសកូរ៉េ ជួបពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៥ កុម្ភៈ ២០២០
​ភ្នំពេញ​៖ រដ្ឋាភិបាល​កូរ៉េខាងត្បូង សន្យា​ផ្ដល់​ជំនួយឥតសំណង​ដល់​កម្ពុជា សម្រាប់​រៀបចំ​ប្រព័ន្ធ E-Government (​រដ្ឋាភិបាល​អេឡិចត្រូនិក​) ក្នុងការ​អនុវត្ត​ការងារ​តាមបែប​បច្ចេកវិទ្យា ដើម្បី​សម្រួល​ដល់​ការគ្រប់គ្រង​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​។ លោក Anh Moon Suk ប្រធាន​នៃ​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​នៃ​ប្រទេស​កូរ៉េ បាន​អះអាង​បែបនេះ ប្រាប់​ទៅ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ជំនួប​ពិភាក្សា នាទី​ក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃទី​៥ កុម្ភៈ​នេះ​។​


​លោក Anh Moon Suk បាន​និយាយថា ការប្រើប្រាស់​ប្រព័ន្ធ E-Government នេះ វា​នឹង​ជួយ​កិច្ចការងារ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា នៅ​គ្រប់​វិស័យ​ទាំងអស់ ដោយ​ធានា​ពី​តម្លាភាព និង​គណនេយ្យភាព​សង្គម​។ ដោយ​មើលឃើញ​ពី​តម្រូវការ​កម្ពុជា​នេះ លោក Anh Moon Suk បាន​អះអាងថា រដ្ឋាភិបាល​កូរ៉េ នឹង​ជួយ​រៀបចំ​បច្ចេកទេស E-Government ដល់​រដ្ឋាភិបាល​កម្ពុជា​។​
 
«​នៅក្នុង​ប្រទេស​កូរ៉េ​គឺមាន​ភ្នាក់ងារ​សង្គម​ព័ត៌មាន​ជាតិ​របស់​កូរ៉េ និង​ជា​ស្ថាប័ន​ទទួលខុសត្រូវ​មួយ​ក្នុង​ការជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ធ្វើយ៉ាងណា​បណ្ដុះ​បណ្ដាល​លើ​វិស័យ IT (Information Technology)  នេះ​។ ហើយ​ក្រោយពី​ការសិក្សា​និង​ពិភាក្សា​រួចហើយនោះ គឺ​ខាង​រដ្ឋាភិបាល​កូរ៉េ​នឹង​រៀបចំ​ការផ្ដល់​ជា​ជំនួយឥតសំណង​ដល់​ប្រទេស​កម្ពុជា​ពាក់ព័ន្ធ​នឹង​E-Government នេះ​ក្នុងការ​បណ្ដុះបណ្ដាល និង​ការរៀបចំ​ផែនការមេ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ E-Government »​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន ដែល​បាន​ស្រង់​សម្ដី​ប្រធាន​នៃ​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​នៃ​ប្រទេស​កូរ៉េ​។​
 
​កន្លងមក​រដ្ឋាភិបាល​កម្ពុជា ក៏បាន​ធ្វើ​កិច្ចការ​មួយចំនួនធំ​ហើយ ពាក់ព័ន្ធ​នឹង E-Government នេះ​។ ប៉ុន្តែ​អ្វីដែល​សម្ដេច ហ៊ុន សែន ចង់បាន​នោះ​បន្ថែម​នោះ គឺ​ការបណ្ដុះបណ្ដាល​រៀបចំ​ផែនការ​មេការ និង​ចែករំលែក​បទពិសោធន៍​ពាក់ព័ន្ធ​នឹង E-Government ពី​កូរ៉េ​ដល់​ប្រទេស​កម្ពុជា ។ ជាពិសេស​ការបណ្ដុះបណ្ដាល​មន្ត្រី ឱ្យមាន​ជំនាញ​លើ​ការអនុវត្ត​ប្រព័ន្ធ E-Government នេះ​។ ត្រង់ចំណុច​នាយករដ្ឋមន្ត្រី បានស្នើ​សុំ​ឲ្យ​ភាគី​កូរ៉េ​ស្វែងយល់​ពី​ស្ថានភាព IT និង​បច្ចេកទេស E-Government នៅ​ប្រទេស​កម្ពុជា មុននឹង​ការរៀបចំ​ផែនការមេ បណ្ដុះបណ្ដាល​ធនធានមនុស្ស​នេះ​។​
 
​ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា​៖«​ស្វាគមន៍​ជាពិសេស​នៅក្នុង​ការរៀបចំ​ការបណ្ដុះ​បណ្ដាល​ការរៀបចំ​ផែនការមេ ហើយ និង​ស្វាគមន៍​ចំពោះ​ជំនួយ​ពី​កូរ៉េ ក្នុងការ​បណ្ដុះបណ្ដាល​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​E-Government ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​មួយកម្រិត​ធំ​ទៀត​»​។​
 
«​រដ្ឋាភិបាល​កូរ៉េ ចង់​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​កូរ៉េ និង​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការងារ E-Government នេះ​» ។​នេះ​ជាការ​បញ្ជាក់​របស់លោក Anh Moon Suk ដែល​បាន​បន្ថែមថា ប្រធានាធិបតី​កូរ៉េ ក៏មាន​ឆន្ទៈ​ខ្ពស់ និង​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​
 
​គួរ​បញ្ជាក់ថា ការិយាល័យ E-Government របស់​កូរ៉េ ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួងមហាផ្ទៃ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការជំរុញ E-Government កន្លងមក​ដែរ​៕

Tag:
 ហ៊ុន សែន​
  កូរ៉េខាងត្បូង​
  E-Government
© រក្សាសិទ្ធិដោយ thmeythmey.com