អន្តរជាតិ
ប្រមុខ UN បង្ហាញ​កង្វល់​ជុំវិញ​ការរើសអើង​ពូជសាសន៍ ដោយសារ​កូ​រ៉ូ​ណាវី​រុស​
05, Feb 2020 , 8:39 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព៖ Xinhua
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព៖ Xinhua
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres) នៅ​ថ្ងៃទី​៤ ខែកុម្ភៈ បានលើកឡើង​ពី​កង្វល់​ជុំវិញ​ការ​រើស​អើ​ស​ពូជសាសន៍ ដោយសារតែ​ការផ្ទុះ​កូ​រ៉ូ​ណា​វីរុស​នៅក្នុង​ប្រទេស​ចិន​។ បើតាម​លោក​ប្រមុខ​អង្គការសហប្រជាជាតិ ប្រទេស​ទាំងអស់ គួរតែ​ចេះ​សហការគ្នា ជាជាង​រើស​អើ​ស​ក្រុមមនុស្ស​ដែល​គ្មាន​កំហុស ឬ​ជនរងគ្រោះ​។


 
​តាមរយៈ​សន្និសីទកាសែត នា​ថ្ងៃទី​៤ ខែកុម្ភៈ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ប្រមុខ​អង្គការសហប្រជាជាតិ បានលើកឡើង​ពី​បញ្ហា​ការរើសអើង​ពូជសាសន៍ លើ​ក្រុមមនុស្ស​ដែល​គ្មាន​កំហុស និង​ក្រុម​ជាតិ​សាសន៍ ដែល​កំពុង​រងគ្រោះ ដោយសារ​កូ​រ៉ូ​ណាវី​រុស​។ ទោះ​មិន​និយាយ​ចំឈ្មោះ លោក ហ្គូ​តេ​រ៉េ​ស ទំនង​ចង់​សំដៅ​និន្នាការ​ស្អប់​ជនជាតិ​ចិន ក្រោយ​ការ​ផ្ទុះឡើង​កូ​រ៉ូ​ណាវី​រុស​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក ហ្គូ​តេ​រ៉េ​ស បាន​អំពាវនាវ​ឲ្យ​មាន​សាមគ្គី​ភាពជា​អន្តរជាតិ និង​គាំទ្រ​ចិន​ឲ្យ​បាន​ខ្លាំង​បំផុត ក្នុងពេល​ប្រទេសមួយ​នេះ ក៏ដូចជា​ប្រទេស ឬ​តំបន់​ផ្សេងទៀត​កំពុង​ជួប​ប្រឈមមុខ​នឹង​កូ​រ៉ូ​ណាវី​រុស​។ បើតាម​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ប្រទេស​ទាំងអស់ គួរតែ​ចេះ​សហការ​ជាមួយ​ចិន និង​ប្រទេស​រងគ្រោះ​ផ្សេងទៀត ជាជាង​រើស​អើ​ស​ពូជសាសន៍ ឬ​ក្រុមមនុស្ស​ដែល​គ្មាន​កំហុស ឬ​ជនរងគ្រោះ ដោយសារ​កូ​រ៉ូ​ណាវី​រុស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទី​ភ្នា​ក់​ព័ត៌មាន​រដ្ឋ​ចិន Xinhua​។ 
 
​លោក ហ្គូ​តេ​រ៉េ​ស បាន​ទទួលស្គាល់ថា ចិន​បាន​ខិតខំ​ប្រឹងប្រែង​ប្រមូល​ធនធាន​របស់ខ្លួន​ជាច្រើន និង​សមត្ថភាព​របស់ខ្លួន​យ៉ាងខ្លាំង​ដើម្បី​ឆ្លើយតប ក៏ដូចជា​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​រ៉ូ​ណាវី​រុស​។ 
 
​ក្រៅពី​ក្តី​ព្រួយបារម្ភ​ជុំវិញ​ការប្រកាន់​ពូជសាសន៍ និង​ការសរសើរ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រូបនេះ ក៏បាន​បង្ហាញ​ពី​ទឹកចិត្ត​ក្នុងការ​គាំទ្រ​ចិន​ផងដែរ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​ដ៏​សាហាវ​មួយ​នេះ​។ លោក​ប្រធាន​អង្គការសហប្រជាជាតិ បាន​ទទួលស្គាល់ថា កូ​រ៉ូ​ណា​វីរុស​គឺជា​បញ្ហា​ធំ និង​មាន​បញ្ហា​ពិបាក​ក្នុងការ​ដោះស្រាយ​។ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក ហ្គូ​តេ​រ៉េ​ស បាន​សង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ នឹង​ជួយ​រៃអង្គាស​ថវិកា និង​ធនធាន​ផ្សេងទៀត ដើម្បី​ជួយ​ចិន​។​
 
​កន្លងមក អង្គការ​សុខភាព​ពិភពលោក ដែលជា​ទីភ្នាក់ងារ​មួយ​របស់​អង្គការសហប្រជាជាតិ បាន​ជួយ​ចិន​យ៉ាង​សស្រាក់សស្រាំ ក្នុង​ការជួយ​ចិន​ទប់ស្កាត់ ក៏ដូចជា​ផ្សព្វផ្សាយ និង​ចាត់វិធានការ លើ​កូ​រ៉ូ​ណាវី​រុស ដើម្បី​កុំ​ឲ្យ​មាន​ការរីក​សាយភាយ​ខ្លាំង​ទៅកាន់​ពិភពលោក​។ ជាពិសេស អង្គការ​សុខភាព​ពិភពលោក ក៏បាន​បញ្ជូន​អ្នកជំនាញ​របស់ខ្លួន​ទៅ​ប្រទេស​ចិន​ផងដែរ ដើម្បី​ទប់ស្កាត់​ការ​រាលដាល និង​គ្រប់គ្រង​វីរុស​ថ្មី​នេះ​៕

Tag:
 UN
  ចិន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com