កីឡាជាតិ
ជាតិ
ឧ​ត្ត​មកា​រ៉ា​តេ​ចា​រ្យ លាង សុវណ្ណ ទទួលមរណភាព​ក្នុង​វ័យ​៦៨​ឆ្នាំ​
05, Feb 2020 , 4:59 pm        
រូបភាព
លោក លាង សុវណ្ណ (អាវស)ពេលទទួលវិញ្ញាបនបត្របញ្ជាក់កម្រិតសមត្ថភាពខ្សែក្រវាត់ខ្មៅ៩ដាន់
លោក លាង សុវណ្ណ (អាវស)ពេលទទួលវិញ្ញាបនបត្របញ្ជាក់កម្រិតសមត្ថភាពខ្សែក្រវាត់ខ្មៅ៩ដាន់
ដោយ:
​ព្រឹទ្ធាចារ្យ​កា​រ៉ា​តេ​ដូ លាង សុវណ្ណ បានទទួល​មរណភាព​ក្នុង​វ័យ​៦៨​ឆ្នាំ ដោយ​រោគាពាធ កាលពី​ថ្ងៃទី​៤ កុម្ភៈ ឆ្នាំ​២០២០​។ សព​គ្រូបង្វឹក​កា​រ៉ា​តេ​ដូ​កម្រិត​៩​ដាន់​រូបនេះ កំពុង​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​កោះ រាជធានី​ភ្នំពេញ​។​

 
​លោក លាង សុវណ្ណ ដែលមាន​ឈ្មោះ​ក្រៅ​ហៅ ឡេង ជា​គ្រូបង្វឹក​កីឡា​កា​រ៉ា​តេ​ជើងចាស់​មួយរូប ដែល​បាន​ចូលប្រឡូក​ក្នុង​វិស័យនេះ​តាំងពី​ឆ្នាំ​១៩៧០​។ លោក ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ស្ថាបនិក​៣​រូប ដែល​បាន​បង្កើត​ខេមរៈ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។ លោក គឺជា​មនុស្ស​ដំបូង​គេ ដែល​បាន​បង្កើត​ក្លិប​បង្ហាត់កីឡា​កា​រ៉ា​តេ​នៅ​ភ្នំពេញ ដែលមាន​ឈ្មោះថា កា​រ៉ា​តេ​ហ្សិ​ន​សេរី​យូ និង​ថៃ​ដូ​។ 
 
«​លោកគ្រូ លាង សុវណ្ណ ធ្លាប់បាន​តស៊ូ​រៀបចំ​ប្រភេទ​កីឡា​កា​រ៉ា​តេ​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្លេះ​។ ការចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លើកចុងក្រោយ​នេះ គឺជា​ការបង្ហាញ​នូវ​ការដឹងគុណ​និង​គោរព​ជូន​ចំពោះ​ព្រឹទ្ធាចារ្យ ដែល​បាន​ខិតខំ​បង្កបង្កើត​ឡើងវិញ​នូវ​វិស័យ​កីឡា​កា​រ៉ា​តេ​កម្ពុជា ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ដោយមាន​គ្រូធំៗ​ចំនួន​តែ​៣​រូប​ប៉ុណ្ណោះ​»​។ នេះ​ជា​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន ក្នុង​ឱកាសលោក​រួមជាមួយ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក លាង សុវណ្ណ​។ 


 
​លោក ឡេង មិន​គ្រាន់តែ​ជា​អតីត​គ្រូបង្វឹក​ក្រុម​កីឡាករ​ជម្រើសជាតិ​កា​រ៉ា​តេ​ដូ​ប្រចាំ​សហព័ន្ធ​ប៉ុណ្ណោះ​ទេ លោក​ក៏​គ្រូបង្វឹក​កា​រ៉ា​តេ​ដូ​ក្នុង​ក្របខណ្ឌ​កង​នគរបាលជាតិ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ផងដែរ​។ ក្រោម​ការ​បង្វឹក​យ៉ាង​យកចិត្តទុកដាក់ លោក បាន​បន្សល់​ស្នាដៃ និង​ធនធាន​គ្រូបង្វឹក និង​កីឡាករ​យ៉ាងច្រើន ដែល​កំពុង​បម្រើ​ឲ្យ​វិស័យ​មួយ​នេះ​។  
 
​កាលពីពេល​ថ្មីៗ​កន្លងទៅ​ក្នុងការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៩ លោក លាង សុវណ្ណ ត្រូវបាន​លោក អូន ព័ន្ធមុនីរ័ត្ន ផ្តល់​ងារ​ជា​«​ឧ​ត្ត​មកា​រ៉ា​តេ​ចា​រ្យ​» និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​របស់​សហព័ន្ធ​។ លោក ទទួលបាន​សញ្ញាបត្រ​ប​ញ្ជា​ក់​កម្រិត​ខ្សែក្រវាត់​ខ្មៅ​៩​ដាន់​ក្នុងពេលនោះ​ផងដែរ​៕ 


​លោក វ៉ាត់ ចំរើន (អាវស)រួមជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាការ៉ាតេចូលរួមគោរពវិញ្ញាណក្ខន្ធលោក លាង សុវណ្ណ, រូបពី Cambodia SEA Games 2023

Tag:
 កា​រ៉ា​តេ​ដូ​
  លាង សុវណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com