ជាតិ
សង្គមជាតិ
២០១៩ រដ្ឋ បើកបៀវត្សឲ្យមន្ត្រីលើសជាង៧ពាន់លានរៀល តែត្រូវបានប្រមូលមកវិញ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីមុខងារសាធារណៈ ឡើងថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៩ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ (រូបពីលោក ឈឿន ប៊ុណ្ណារ័ត្ន)
× ភ្នំពេញ៖ ឆ្នាំ២០១៩ ក្រសួងមុខងារសាធារណៈ បានរកឃើញករណីបើកប្រាក់បៀវត្សលើសជាង៧ពាន់លានរៀល (ជាង១,៧លានដុល្លារ) តែត្រូវបានបង្វែរចូលទៅរតនាគារជាតិវិញ។ នេះបើតាមរបាយការណ៍របស់ក្រសួងមុខងារសាធារណៈ ដែលចេញនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ដីពីការបូកសរុបការងារក្នុងឆ្នាំ២០១៩។
លោក ឈឿន ប៊ុណ្ណារ័ត្ន អ្នកនាំពាក្យក្រសួងមុខងារសាធារណ ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី៤ ខែកុម្ភៈថា ការបើកប្រាក់បៀវត្សលើសនេះ គឺដោយសារភាពយឺតយ៉ាវនៃនីតិវិធី។ លោក លើកទឡ្ហីករណ៍ថា មន្ត្រីខ្លះ បានទទួលមរណភាព ដូច្នេះ ត្រូវកាត់ផ្តាច់ប្រាក់បៀវត្សចេញពីប្រព័ន្ធធនាគារ តែដោយសារក្រសួង មិនទាន់ទទួលបានព័ត៌មានពីមរណភាពរបស់មន្ត្រីនោះ ក៏បន្តបញ្ជូនប្រាក់បៀវត្ស ចូលទៅក្នុងធនាគារ។
លោក បញ្ជាក់ថា៖«ករណីលុបឈ្មោះ ដោយមូលហេតុមរណភាព ទម្រាំយើងទទួលបានលិខិតជូនដំណឹង បញ្ជាក់មរណភាព និងអនុវត្តនីតិវិធីលុបឈ្មោះ ប្រាក់បៀវត្សបានបើកឬផ្ដល់តាមប្រព័ន្ធធនាគាររួចទៅហើយ»។
នៅមានករណីផ្សេងទៀត ដែលធ្វើឲ្យមានការប្រាក់បៀវត្សលើស ដូចជា បន្តបើកឲ្យ អ្នកបោះបង់ការងារ និង អ្នកចូលនិវត្តមុនការកំណត់ ជាដើម។ តាមគោលការណ៍ អ្នកទាំងនោះ លែងត្រូវទទួលបានប្រាក់បៀវត្សទៀតហើយ តែដោយសារការទទួលព័ត៌មានយឺតយ៉ាវ ក្រសួង នៅតែបន្តបញ្ជូនប្រាក់បៀវត្សឲ្យពួកគេ តាមប្រព័ន្ធធនាគារ។
ចំពោះការបង្វែប្រាក់ចូលរតនាគារជាតិវិញ លោក ឈឿន ប៊ុណ្ណរ័ត្ន បានលើកឡើងថា ក្រសួងបានអនុត្តតាមនីតិហិរញ្ញវត្ថុជាមួយសាមីខ្លួន ឬគ្រូសារ ដោយតម្លាភាព។
របាយការណ៍របស់ក្រសួងមុខងារសាធារណៈ បានឲ្យដឹងថា មកដល់ពេលនេះ ក្រសួងបានគ្រប់គ្រងមន្ត្រីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យាសរុប២១ម៉ឺននាក់ ក្នុងនោះថ្នាក់ជាតិមានជាង៤ម៉ឺននាក់ និងថ្នាក់ក្រោមជាតិ១៧ម៉ឺននាក់។ ក្រៅពីនោះ ក្រសួងបានអនុញ្ញាតជាគោលការណ៍ដល់ក្រសួង-ស្ថាប័ន ដើម្បីជ្រើសរើសមន្ត្រីរាជការស៊ីវិលក្របខណ្ឌថ្មីជាងជិត៦ពាន់កន្លែង និងប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យាជាង១,៨ម៉ឺនន្លែង គ្រូបង្រៀនជាប់កិច្ចសន្យាជិត៨ពាន់ន្លែង គ្រូបង្រៀនជាកិច្ចសន្យាអប់រំក្រៅប្រព័ន្ធជាង២ពាន់កន្លែង និងគ្រូបង្រៀនថ្នាក់ពីរវេននិងថ្នាក់គួបគ្រប់កម្រិតជាង១ម៉ឺនកន្លែង៕
Tag:
ប្រាក់ខែ
មន្ត្រីរាជការ
© រក្សាសិទ្ធិដោយ thmeythmey.com