ជាតិ
​​​ន​យោ​បាយ​ជាតិ​
កូរ៉េខាងត្បូង​ថា កម្ពុជា ជា​មិត្ត​គួរ​ឲ្យ​ទុកចិត្ត​បំផុត​
06, Feb 2020 , 7:59 am        
រូបភាព
នាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង ចាប់ដៃគ្នា នាពិធីលៀងសាយភោជន៍អាហារថ្ងៃត្រង់ ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០
នាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង ចាប់ដៃគ្នា នាពិធីលៀងសាយភោជន៍អាហារថ្ងៃត្រង់ ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០
ដោយ: ថ្មីៗ
«​កម្ពុជា គឺជា​មិត្ត​ដ៏​គួរ​ឲ្យ​ទុកចិត្ត​បំផុត​របស់​សាធារណរដ្ឋ​កូរ៉េ​...»​។ នេះ​គឺជា​សំណេ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​អះអាងថា ជាស​ម្តី​របស់លោក ជុង សៃ​ឃ្យូ​ង (Chung Sye Kyun) នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង ដែល​ថ្លែង​ក្នុង​ពិធី​លៀង​សាយភោជន៍​អាហារ​ថ្ងៃត្រង់ មុននឹង​សម្តេច ចាក​ចេញពី​កូរ៉េ​។


 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី សរសេរ​ពីស​ម្តី​របស់លោក លោក ជុង សៃ​ឃ្យូ​ង ទៀតថា កម្ពុជា​និង​កូរ៉េ មានការ​រីកចម្រើន​ឥតឈប់ឈរ ជាពិសេស​ចាប់តាំងពី​ប្រទេស​ទាំងពីរ បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា កាលពី​អំឡុង​ទសវត្សរ៍​៩០ រហូតមកដល់​បច្ចុប្បន្ន​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី ទៅ​កូរ៉េខាងត្បូង ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២០ នៃ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល (UPF) ស្តីពី​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​មនុស្ស​។ ក្នុងជំនួប​ជាមួយ​លោក មូ​ន ជេ​អ៊ី​ន (Moon Jae-In) ប្រធានាធិបតី​កូរ៉េខាងត្បូង សម្ដេច បាន​លើកឡើងថា ទំនាក់ទំនង​កម្ពុជា​និង​កូរ៉េ បានក្លាយ​ទៅជា​ទំនាក់ទំនង​ស៊ីជម្រៅ​និង​មាន​លក្ខណៈ​ពេញលេញ ក្រោយពី​ការបង្កើតឡើង​នៅក្នុង​អំឡុង​ទសវត្សរ៍​៩០​។
  
​ក្រោយ​ចេញពី​កូរ៉េ សម្តេច ក៏​ចូលទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ហើយ​សម្តេច នឹង​វិល​មក​កម្ពុជា​វិញ នៅ​យប់​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​តែម្តង ក្រោយ​ជួប​ប្រធានាធិបតី​និង​នាយក​រដ្ឋ​ម​ន្ត្រិ​ចិន​រួច​។ ក្រសួងការបរទេស​ក​ម្ពុ​ជា សរសេរ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា មេដឹកនាំ​កម្ពុជា​-​ចិន នឹង​ផ្លាស់ប្តូរ​យោបល់​គ្នា​ពី​ការ​រាលដាល​នៃ​កូ​រ៉ូ​ណាវី​រុស ហើយក៏​នឹង​ពិភាក្សាគ្នា​ពី​កិច្ចសហប្រតិបត្តិការ​ផងដែរ​៕ 
 

Tag:
 កម្ពុជា​-​កូរ៉េខាងត្បូង​
  មិត្តភាព​
© រក្សាសិទ្ធិដោយ thmeythmey.com