ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ស៊ី ជិនភីង ប្រាប់សម្ដេច ហ៊ុន សែន ថា ទំនាក់ទំនងកម្ពុជា -ចិន ចាប់ផ្ដើមទំព័រសករាជថ្មី ពីឆ្នាំ២០២០ទៅ
05, Feb 2020 , 10:55 pm        
រូបភាព

ភ្នំពេញ៖ ចាប់ពីឆ្នាំ២០២០នេះទៅ ទំនាក់ទំនងកម្ពុជា-ចិន នឹងស្ថិតនៅក្នុងទំព័រសករាជថ្មីទៀត។ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ថ្លែងបែបនេះ នៅក្នុងជំនួបសម្ដេច ហ៊ុន សែន ដែលបានទៅទស្សនកិច្ចនៅទីក្រុងប៉េកាំង នៅថ្ងៃទី៥ កុម្ភៈនេះ ដើម្បីបង្ហាញទឹកចិត្តគាំទ្ររដ្ឋាភិបាលចិន ក្នុងគ្រាលំបាកដោយសារការប្រឈមមុខនឹងវីរុសកូរ៉ូណាប្រភេទថ្មី ។

ប្រធានាធិបតីចិន ស៊ី ជិនភីង ចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន នេះ គឺបង្ហាញការគាំទ្រខ្លាំងចំពោះប្រទេសចិន។ លោក ស៊ី បានសង្កត់ធ្ងន់ថា កម្ពុជា ជាមិត្តស្មោះត្រង់របស់ចិន។ «ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី គឺជាការផ្តល់នូវទំនុកចិត្តខ្ពស់ចំពោះប្រទេសចិន។ មិនតែប៉ុណ្ណោះសម្តេច និងរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រ និងជឿទុកចិត្តប្រទេសចិន»។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដែលបានស្រង់សម្តីប្រធានាធិបតីចិន។

ដោយសារមើលឃើញភាពស្មោះត្រង់របស់ប្រមុខរដ្ឋាភិបាលកម្ពុជានេះ ទើបលោក ស៊ី ជិនភីង ប្រកាសថា ទំនាកទំនងប្រទេសទាំងពីរ នឹងចាប់ផ្ដើមទំព័រសករាជថ្មីមួយទៀត។ ប្រធានាធិបតីចិន ដែលតែងតែអះអាងថាកម្ពុជា គឺជាមិត្ត «ដែកថែប» របស់ខ្លួន បាននិយាយដូច្នេះ៖« ចាប់ពីឆ្នាំកន្លងទៅនេះ ទំនាក់ទំនងកម្ពុជា និងចិន ចាប់ផ្តើមក្នុងទំព័រសករាជថ្មី ដោយបានអនុវត្តន៍នូវនយោបាយជោគវាសនារួមគ្នា ហើយអាចដាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងកម្រិតថ្មីមួយទៀតចាប់ពីពេលនេះតទៅ»។

សម្ដេច ហ៊ុន សែន មានគោលបំណងចំនួន៣ ក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននេះ។ ថ្លែងប្រាប់ប្រធានាធិបតីចិន សម្ដេច ហ៊ុន សែន បានរៀបរាប់ពីគោលបំណងខ្លួនថា ការធ្វើដំណើរមកប្រទេសចិននេះ គឺបង្ហាញនូវសាមគ្គីភាពជាមួយរដ្ឋាភិបាលចិន ក៏ដូចជាប្រជាពលរដ្ឋចិននៅក្នុងគ្រាលំបាកនេះ។ រីឯចំណុចទី២ គឺសម្ដេច ចង់ពង្រឹងនូវស្មារតី និងជំនឿចិត្តសម្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជារស់នៅ និងសិក្សានៅប្រទេសចិន ដើម្បីលើកទឹកចិត្តពួកគេឱ្យបន្តស្នាក់នៅ តស៊ូជាមួយប្រជាពលរដ្ឋចិន ។ដោយឡែកគោលបំណងទី៣នោះ គឺនាយករដ្ឋមន្រ្តីកម្ពុជា ចង់បញ្ជូនសារទៅប្រជាពលរដ្ឋខ្មែរថា ជំងឺរបស់ពលរដ្ឋកម្ពុជា មិនមែនជំងឺបង្កឡើងដោយមេរោគ «កូរ៉ូណា» នោះទេ គឺជំងឺភ័យខ្លាច។

លោកនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ដូច្នេះថា៖«ប្រទេសខ្លះហាក់បីដូចជាធ្វើសង្គ្រាមចិត្តសាស្ត្រធ្វើឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ។គាំទ្ររដ្ឋាភិបាលចិន ចំពោះវិធានការដែលបានធ្វើនាពេលកន្លងមកនេះ»។

កន្លងមកនេះ រដ្ឋាភិបាលចិន បានបង្កើតគណៈកម្មការចំនួន៣ ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ។ រដ្ឋាភិបាលចិន បានទទួលការគាំទ្រពីអង្គការសុខភាពពិភពលោក WHO ចំពោះការព្យាយាមដោះស្រាយនូវជំងឺនេះ។ ប្រធានាធិបតីចិន បាននិយាយដូច្នេះថា៖«ដោយសារតែមានចំណាត់ការច្បាស់លាស់ និងមានប្រសិទ្ធភាព ទើបធ្វើឱ្យការរីករាលដាលជំងឺនេះមានការថមថយ។ ការភ័យខ្លាច គឺជាបញ្ហាដ៏ធំ។ តាមពិតអត្រាឆ្លងជំងឺនេះ មានកម្រិតទាបបំផុត ធៀបជាមួយជំងឺផ្សេងៗទៀត។ តាមការស្រាវជ្រាវជំងឺនេះ អាចព្យាបាលបាន ហើយអ្នកជំងឺមួយចំនួនបានព្យាបាលឱ្យជាឡើងវិញ ហើយអ្នកខ្លះកំពុងមានសុខភាពល្អប្រសើរឡើងវិញផងដែរ»។

ទីក្រុងវូហាន មានប្រជាពលរដ្ឋប្រមាណ ១០លាននាក់ ហើយនៅខេត្តហូប៉ី មានប្រជាពលរដ្ឋចន្លោះពី៦០ ទៅ៧០លាននាក់។ នេះបើតាមលោក ស៊ី ជិនភីង។

មកដល់ពេលនេះ អ្នកស្លាប់ដោយសារជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទនេះ ជិត៥០០នាក់ហើយ ខណៈដែលអ្នកជំងឺមានចំនួនជាង២៤០០០នាក់។ ប្រទេសចំនួន២៥ ត្រូវបានរកឃើញករណីវីរុសកូរ៉ូណាប្រភេទថ្មីនេះ៕


Tag:
 ហ៊ុន សែន
  ស៊ី ជិនភីង
  វីរុសកូរ៉ូណា
© រក្សាសិទ្ធិដោយ thmeythmey.com